(ភ្នំពេញ)៖ សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានបង្កើតវេទិកាសាធារណៈមួយ ដើម្បីផ្ដល់ចំណេះដឹង ច្បាប់បទដ្ឋាន ព្រមទាំយុទ្ធសាស្រ្ដវិធីនានា ជូនដល់សាធារណជន ពិសេសអ្នកគ្រោងចាប់ផ្ដើមបោះជំហានលើវិស័យនេះ។

វេទិកាសាធារណនេះធ្វើឡើងក្រោមប្រធានបទស្ដីពី «ការដោះស្រាយបញ្ហាលក់អចនទ្រព្យជាប់គាំង និងបច្ចេកវិទ្យាអចលនទ្រព្យ ក្នុងសម័យកាលបច្ចុប្បន្ន» រៀបចំឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីអ្នកជំនាញជាច្រើនរូប។

លោកឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានបង្ហាញពី ចំណេះដឹងជាច្រើនដល់អ្នកចូលរួម ដើម្បីត្រៀមខ្លួន និងប្រែក្លាយខ្លួនទៅជាអ្នកបើកអាជីវកម្ម ទទួលបានជោគជ័យ។

លោកឧកញ៉ាបានបន្ថែមថា បន្ទាប់ពីកម្មវិធីចែករំលែកស្ដីពី «ការដោះស្រាយបញ្ហាលក់អចនទ្រព្យជាប់គាំង និងបច្ចេកវិទ្យាអចលនទ្រព្យ ក្នុងសម័យកាលបច្ចុប្បន្ន» លើកនេះសង្ឃឹមថា សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា នឹងបន្ដមាននូវកម្មវីធីចែករំលែកចំណដឹងជាច្រើនទៀត ជូនដល់សាធារណជន។

លោក កង សុវណ្ណថា ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានថ្លែងថា ការរៀបចំវេទិកាសាធារណៈរៀបចំឡើងដោយ សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា ធ្វើឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង ផ្ដោតលើវិស័យអចលនវត្ថុ ទៅកាន់សមាជិករបស់សមាគម និងមហាជនទូទៅជាច្រើនផងដែរ។

លោកបានបញ្ជាក់ថា «ចំពោះវេទិកាថ្ងៃនេះពិតជាផ្ដល់សារៈសំខាន់ណាស់ ដោយមានការចែករំលែកនូវច្បាប់នានាដូចជា ច្បាប់អាជីវកម្មនានា ច្បាប់ពន្ធដារអចលនវត្ថុ របៀបនៃការធ្វើទីផ្សារ ការកំណត់តម្លៃ ទីផ្សារ ទីតាំង ដើម្បីចំណាយតិចទទួលបានផលចំណេញ ព្រមទាំងមានការធ្វើបទបង្ហាញពីតិចណូឡូជី លើកិច្ចការងារនៃវិស័យអចលនវត្ថុផងដែរ»

លោក អ៊ុំ សារ៉ាវុធ ទីប្រឹក្សាគណកម្មាធិការបច្ចេកទេសសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានឲ្យដឹងថា សម្រាប់វេទិកាក្នុងថ្ងៃនេះបានចែករំលែកលើប្រធានបទស្ដីពី ច្បាប់ទម្លាប់ដល់ក្រុមហ៊ុនដែលធ្វើការ ក្នុងវិស័យអចលនទ្រព្យ កាតព្វកិច្ចចំពោះពន្ធដារ សម្រាប់ក្រុមហ៊ុនអចលនទ្រព្យ។

លោកបន្ថែមថា «ជាទូទៅការរកស៊ី គឺជៀសមិនផុតពី ការបង់ពន្ធនោះឡើយ ដូច្នេះវេទិកាថ្ងៃនេះខ្ញុំបានលើកយកពី កតព្វកិច្ចបង់ពន្ធជូនដល់ក្រុមហ៊ុនអចលនទ្រព្យទាំងអស់ថា ចាប់ផ្ដើមរកស៊ីតើត្រូវមានកតព្វកិច្ចបង់អ្វីខ្លះ? ស្នើសុំអាជ្ញាបណ្ណមកស្ថាប័នណាខ្លះ? តើគួរមានកតព្វកិច្ចជាប្រចាំខែ ប្រចាំឆ្នាំអ្វីខ្លះលើរដ្ឋាបាលសារពើពន្ធជាដើម»

លោកបានបន្ដថា ដូច្នេះសម្រាប់វេទិការថ្ងៃនេះ បានបញ្ជ្រាបចំណេះដឹងផ្នែកច្បាប់ពន្ធដារ ជូនដល់ធុរកិច្ចជនទាំងអស់ ដូច្នេះវេទិកាថ្ងៃនេះពិតជាផ្ដល់អត្ថប្រយោជន៍ សម្រាប់អ្នកចង់ស្វែងយល់បន្ថែមអំពីច្បាប់ របៀបរបបនៃធ្វើអាជីវកម្មជាដើម និងសូមឲ្យសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បន្ដធ្វើសកម្មភាព ចែករំលែកចំណេះដឹងនានា ដើម្បីផ្ដល់ជូនដល់ធុរកិច្ចជនកម្ពុជា ព្រមទាំងសាធារណជន ធ្វើអាជីវកម្មមានច្បាប់ទម្លាប់ត្រឹមត្រូវ និងទទួលបានជោគជ័យ។

លោក តូវ ម៉េង អ្នកជំនាញបណ្ដុះបណ្ដាលផ្នែកលក់ នៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានបង្ហាញពីគន្លឹះនានា ក្នុងការលក់នូវអចលនវត្ថុ មានកត្តារួមផ្សំដូចជា៖ កត្តាផលិតផល ត្រូវផ្ដោតលើទីតាំងគុណភាពសោភ័ណ្ឌភាព តម្រូវការ អត្ថប្រយោជន៍ តម្លៃជាដើម ចំណែកកត្តាមួយទៀត គឺកត្តាភ្នាក់ងារលក់ ត្រូវចេះបង្កើត ដឹកនាំ និងថែរក្សាក្រុម កសាងសមត្ថភាពក្រុម ត្រូវមានចំណេះដឹងអចលនវត្ថុ វិធីសាស្រ្ដស្វែងរកអតិថិជន វិធីដោះស្រាយ ការបដិសេធក្នុងការលក់ និងវិធីបិទការលក់ជាដើម។

បន្ថែមពីនេះក៏មានការចូលរួមចែករំលែកចំណេះដឹងផ្សេងៗ ពីបណ្ដាវាគ្មិនជាច្រើនរូបទៀត អំពីវិស័យអចលនទ្រព្យនេះ ក្នុងវេទិកាសាធារណៈនេះផងដែរ៕