(បាងកក)៖ ប្រទេសថៃនឹងអនុញ្ញាតឱ្យធនាគារនិម្មិតដំបូងរបស់ខ្លួនផ្តល់សេវាកម្មនៅឆ្នាំ២០២៥ ក្នុងគ្រាដែលមានការជំរុញឱ្យបង្កើនការប្រកួតប្រជែង ពង្រីកលទ្ធភាពទទួលបានប្រាក់កម្ចី និងកាត់បន្ថយការចំណាយសម្រាប់អាជីវកម្ម និងបុគ្គល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីលោក Tharith Panpiemras ជំនួយការទេសាភិបាលធនាគារកណ្តាលថៃថា ធនាគារកណ្តាលថៃគ្រោងនឹងចេញអាជ្ញាប័ណ្ណចំនួនបីនៅក្នុងឆ្នាំ២០២៤ មុនពេលប្រតិបត្តិការចាប់ផ្តើមក្នុងពេលមួយឆ្នាំក្រោយមក។ លោក Tharith បន្តថា មានក្រុមហ៊ុនប្រហែល ១០ ហើយដែលបានបង្ហាញចំណាប់អារម្មណ៍ស្នើសុំអាជ្ញាប័ណ្ណ។ ការដាក់ពាក្យស្នើសុំនឹងបើកនៅចុងត្រីមាសនេះ។

ប្រទេសដែលមានសេដ្ឋកិច្ចធំទីពីរក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ គឺជាប្រទេសចុងក្រោយគេដែលទទួលយកគំនិតនៃការបង្កើតធនាគារនិម្មិត ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យានានារួមទាំងក្រុមហ៊ុន Ant Group និងក្រុមហ៊ុន Grab Holdings Inc. ពង្រីកសេវាកម្មហិរញ្ញវត្ថុដើម្បីទាញយកតម្រូវការដែលកើនឡើងនៅក្នុងតំបន់។

ខណៈពេលដែលប្រទេសថៃខ្វះធនាគារនិម្មិតឯករាជ្យ ធនាគារ Bangkok Bank Pcl ដែលជាធនាគារធំជាងគេរបស់ប្រទេសថៃ ធនាគារ Kasikornbank Pcl និងធនាការផ្សេងទៀតក្នុងស្រុកបានបង្កើនការវិនិយោគរបស់ពួកគេ ដោយផ្តល់ជូននូវសេវាកម្មឌីជីថលជាច្រើនរួមទាំងគណនី និងការទូទាត់អនឡាញផងដែរ។

លោក Tharith បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ការប្រកួតប្រជែងកាន់តែខ្ពស់នឹងពង្រឹងប្រព័ន្ធធនាគារទាំងមូលតាមរយៈជំរុញធនាគារ ដែលមានស្រាប់ឱ្យលើកកម្ពស់សេវាកម្ម និងភាពច្នៃប្រឌិតរបស់ពួកគេ។ ធនាគារនិម្មិតថ្មីក៏នឹងពង្រីកសេវាកម្មរបស់ពួកគេទៅដល់អតិថិជនដែលមិនទាន់ទទួលបានសេវាថ្មីផងដែរ ជាមួយនឹងការចំណាយទាបដែលនឹងផ្តល់អត្ថប្រយោជន៍ដល់អតិថិជនទាំងមូល»

ធនាគារនិម្មិតអាចផ្តល់សេវាកម្មធនាគារពេញលេញ ហើយនឹងស្ថិតនៅក្រោមបទប្បញ្ញត្តិ និងការត្រួតពិនិត្យដូចគ្នានឹងធនាគារពាណិជ្ជបែបប្រពៃណីផងដែរ។ តែបើតាមលោក Tharith ធនាគារនិម្មិតមិនត្រូវបានអនុញ្ញាតឱ្យមានសាខារូបវ័ន្ត និងបើកដំណើរការម៉ាស៊ីន ATM ផ្ទាល់ខ្លួនឡើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕