(ហូជីមិញ)៖ សមាគមស្វាយចន្ទីវៀតណាម (VINACAS) បានឱ្យដឹងថា ឆ្នាំមុនគឺជាឆ្នាំដ៏លំបាកសម្រាប់ឧស្សាហកម្មគ្រាប់ស្វាយចន្ទីវៀតណាម ដោយការនាំចេញបានធ្លាក់ចុះធៀបនឹងឆ្នាំ២០២១ ប៉ុន្តែឆ្នាំ២០២៣នេះអាចនឹងកាន់តែអាក្រក់ជាងឆ្នាំមុនទៅទៀត។ នេះបើយោងតាមកាសែត Vietnam News។

លោក Bạch Khánh Nhật អនុប្រធានសមាគម VINACAS បានប្រាប់កាសែត Vietnam News ថា ការនាំចេញមានតម្លៃ ៣,០៧ពាន់លានដុល្លារធៀបនឹងទិសដៅ ៣,២ពាន់លានដុល្លារ ដែលត្រូវបានកាត់បន្ថយចំនួន ៦០០លានដុល្លារពីទិសដៅដំបូង។ លោកបានថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារកាលពីសប្តាហ៍មុនក្នុងទីក្រុងហូជីមិញថា ឆ្នាំ២០២២ គឺជាឆ្នាំបញ្ចប់កំណើនការនាំចេញជាលំដាប់ក្នុងរយៈពេលមួយទសវត្សរ៍។

យោងតាមសមាគម VINACAS មានហេតុផលមួយចំនួនដែលនាំឱ្យការនាំចេញធ្លាក់ចុះ។ សមាគមនេះបានឱ្យដឹងថា តម្លៃគ្រាប់ស្វាយចន្ទីឆៅនៅតែខ្ពស់ ហើយការចំណាយលើការកែច្នៃក៏ខ្ពស់ដែរ ប៉ុន្តែតម្លៃនាំចេញមានកម្រិតទាប ដែលមានន័យថា ក្រុមហ៊ុននាំចេញមានការស្ទាក់ស្ទើរ។

យោងតាមកាសែត Vietnam News ប្រទេសចិន ដែលជាទីផ្សារគ្រាប់ស្វាយចន្ទីដ៏សំខាន់មួយរបស់វៀតណាមកាលពីឆ្នាំមុនបានរក្សាគោលនយោបាយកូវីដសូន្យ ដែលធ្វើឱ្យមានការលំបាកក្នុងការនាំចេញទៅកាន់ទីផ្សារនេះ។

លោក Nguyễn Minh Họa អនុប្រធានសមាគម VINACAS បានថ្លែងថា វិបត្តិថាមពល និងអាហារបានជំរុញអតិផរណានៅជុំវិញពិភពលោក ដែលប៉ះពាល់ដល់ការចំណាយរបស់អ្នកប្រើប្រាស់។

លោកថ្លែងថា៖ «ដូច្នេះ ប្រជាជនបានចំណាយប្រាក់កាន់តែច្រើនលើតម្រូវការចាំបាច់ និងកាត់បន្ថយការចំណាយលើវត្ថុប្រើប្រាស់ដែលមិនចាំបាច់ ដូចជាគ្រាប់ស្វាយចន្ទីជាដើម។ ស្ថានភាពនេះរំពឹងថានឹងបន្តកើតមានទៀតនៅឆ្នាំនេះ តម្រូវការគ្រាប់ស្វាយចន្ទីនឹងមានកម្រិតទាប ហើយវានឹងលំបាក់ក្នុងការឡើងថ្លៃ»

យោងតាមក្រុមប្រឹក្សាព័ត៌មានរបស់សមាគម VINACAS ក្នុងឆ្នាំ២០២៣ ផលិតកម្មគ្រាប់ស្វាយចន្ទី និងខ្សែចង្វាក់ផ្គត់ផ្គង់នឹងបន្តប្រឈមមុខនឹងបញ្ហាប្រឈមដោយសារកត្តានានាដូចជាជម្លោះរុស្ស៊ី-អ៊ុយក្រែន អតិផរណានិងការដើរថយក្រោយនៃសេដ្ឋកិច្ច ការរឹតបន្តឹងឥណទានរបស់ធនាគារកណ្តាលវៀតណាម ការប្រែប្រួលអត្រាប្តូរប្រាក់ដុងនិងអាមេរិក ការធ្លាក់ចុះតម្រូវការ និងការកើនឡើងថ្លៃដើមកែច្នៃ។

ដូច្នេះ បន្ទាប់ពីពិចារណាយ៉ាងយកចិត្តទុកដាក់ ក្រុមប្រឹក្សាប្រតិបត្តិរបស់សមាគម VINACAS បានកំណត់ទិសដៅនាំចេញតិចជាងមុនសម្រាប់ឆ្នាំ២០២៣ ពោលគឺមានតម្លៃតែ ៣,១ពាន់លានដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមកាសែត Vietnam News៕