(អាឌីសអាបេបា)៖ រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកចាប់តាំងពីទទួលបានការតែងតាំងកាលពីខែមុនបានច្រានចោលការចោទប្រកាន់ថា ប្រាក់ដែលប្រទេសលោកបានផ្តល់កម្ចីទៅឱ្យទ្វីបអាហ្រ្វិក គឺជា «អន្ទាក់បំណុល»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ការអត្ថាធិប្បាយរបស់លោក Qin គឺជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ដែលមន្ត្រីសហរដ្ឋអាមេរិកបានធ្វើម្តងហើយម្តងទៀតដែលរិះគន់ថា ការផ្តល់កម្ចីរបស់ចិននិងក្រុមហ៊ុនរបស់ចិនទៅកាន់ប្រទេសនៅទ្វីបអាហ្វ្រិកខ្វះតម្លាភាព។ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកគឺលោក Janet Yellen បាននិយាយថា ប្រទេសចិនគឺជាឧបសគ្គដ៏ធំបំផុតចំពោះវឌ្ឍនភាពក្នុងការដោះស្រាយវិបត្តិបំណុល។

តាមរយៈអ្នកបកប្រែនៅក្នុងសុន្ទរកថាមួយដែលថ្លែងនៅក្នុងប្រទេសអេត្យូពីកាលពីថ្ងៃពុធ លោក Qin បានថ្លែងថា៖ «ការចូលរួមចំណែករបស់ប្រទេសចិនគឺជាក់ស្តែងធ្វើឱ្យជីវិតរបស់ប្រជាជនអាហ្រ្វិកកាន់តែប្រសើរឡើង។ យើងមិនទទួលយកការចោទប្រកាន់មិនសមហេតុផលថាជាអន្ទាក់បំណុលនោះទេ»

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់វិទ្យាស្ថាន Chatham House ដែលជាវិទ្យាស្ថានគោលនយោបាយកិច្ចការអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ថា ប្រទេសចិនមានចំណែកប្រហែល ១២% នៃបំណុលបរទេសរបស់ទ្វីបអាហ្រ្វិកពោលគឺប្រហែល ៧០០ ពាន់លានដុល្លារ ដោយប្រទេសសំប៊ី និងហ្កាណាបានបរាជ័យកាតព្វកិច្ចបំណុលរបស់ពួកគេ។ ទោះជាយ៉ាងណា ការផ្តល់ប្រាក់កម្ចីរបស់ប្រទេសចិនបានជួយធ្វើឱ្យមានការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសជាច្រើននៅទ្វីបអាហ្វ្រិក។

ដោយដកស្រង់ទិន្នន័យរបស់ធនាគារពិភពលោក លោក Qin បាននិយាយថា ស្ថាប័នផ្តល់ប្រាក់កម្ចីអន្តរជាតិផ្តល់កម្ចីចំនួនបីភាគបួននៃបំណុលបរទេសរបស់ទ្វីបអាហ្រ្វិក ហើយគួរតែដើរតួនាទីធំជាងចិនក្នុងការដោះស្រាយបញ្ហាបំណុល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕