(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងបណ្ឌិត វ៉ាហ៊ីត គីរីស៊ី (Vahit KIRIŞCI) រដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់តួកគី បានបង្ហាញនូវឆន្ទៈបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ១ ០០០លានដុល្លារអាមេរិក តាមរយៈយន្តការនៃកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម (Preferential Trade Agreement-PTA) ដែលភាគីទាំងពីរនឹងពិភាក្សាលម្អិត នាពេលសមស្របខាងមុខ។

ការបង្ហាញឆន្ទៈដូចគ្នានេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគី ដែលបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃគឹតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ (Raffles Hotel Le Royal) រាជធានីភ្នំពេញ។

ក្នុងអំឡុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគី រដ្ឋមន្រ្តីទាំងពីររូប ដែលជាសហប្រធានគណៈកម្មការ បានគូសបញ្ជាក់ពីឆន្ទៈ និងគោលជំហរដ៏មោះមុត ក្នុងការបន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅ តាមរយៈការអនុវត្តសកម្មភាពការងារ ដូចមានព្រមព្រៀងក្នុងកំណត់ហេតុរួម នៃកិច្ចប្រជុំលើកទី៣ ដែលគ្របដណ្តប់លើវិស័យ និងអនុវិស័យសំខាន់ៗដូចជា៖ ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, កសិកម្ម, ឧស្សាហកម្ម, ទេសចរណ៍, វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ទូរគមនាគមន៍, សុខាភិបាល, អាកាសចរស៊ីវិល, ការដឹកជញ្ជូន, សហគ្រាសធុនតូចនិងមធ្យម, ស្តង់ដារ និងមាត្រាសាស្រ្ត, ធនធានទឹក, និងហាឡាល។-ល-។

លើសពីនេះ ភាគីទាំងពីរបានពិនិត្យលទ្ធភាពជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរ ត្រង់រវាងប្រទេសទាំងពីរនាពេលខាងមុខ ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ព្រមទាំងបានឯកភាពជំរុញបន្ថែម លើការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នានានា ដែលបានចុះហត្ថលេខារួមគ្នាកន្លងមក ប្រកបដោយប្រសិទ្ធភាពខ្ពស់។

បន្ថែមពីនេះ ភាគីទាំងពីរបានឯកភាពជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគលើផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម រួមមាន៖ អង្ករ កៅស៊ូ ដំឡូង ចេក ស្វាយ ម្នាស់ និងពោត។ ការណ៍នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព ជាពិសេសការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា គឹតត្រឹម១១ខែនៃឆ្នំា២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគីសម្រេចបានប្រមាណ ១៣៦ លានដុល្លាអាមេរិក ជាមួយនឹងអត្រាកំណើនប្រមាណ ៦៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅតួកគី រួមមាន៖ សំលៀកបំពាក់ កង់ ស្វាយ មៀន កៅស៊ូ ដំឡូងមី ពោត ម្រេច អង្ករ គីមីសរីរាង្គ និងថ្នាំជក់ ជាដើម។ រីឯទំនិញនាំចូលសក្តានុពលពីតួកគីមកកម្ពុជា រួមមាន៖ វាយនភ័ណ្ឌ និងសម្លៀកបំពាក់ គ្រឿងម៉ាស៊ីន និងបរិក្ខារអគ្គិសនី យានយន្ត និងគ្រឿងបន្លាស់ និងវត្ថុផ្សេងៗធ្វើពីស្ពាន់ជាដើម៕