(ភ្នំពេញ)៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានប្រមូលមូលធនចំនួន ២២២ប៊ីលានរៀល (ស្មើនឹងប្រមាណជាង៥០លានដុល្លារ) ក្នុងរយៈពេលពេញមួយឆ្នាំ ២០២២។

សម្រាប់ឆ្នាំ២០២២ នេះជាឆ្នាំទី២ជាប់គ្នា ដែលផ្សារមូលបត្រកម្ពុជា បំបែកកំណត់ត្រាកំណើនជួញដូរខ្ពស់បំផុត ជាមួយកំណើនមួយទ្វេជាពីរ។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី «សមិទ្ធិផលរបស់ផ្សារមូលបត្រកម្ពុជាឆ្នាំ២០២២ ទស្សនៈវិស័យ និងផែនការយុទ្ធសាស្រ្ដឆ្ពោះទៅឆ្នាំ២០២៣» របស់ផ្សារមូលបត្រកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ។

ផ្សារមូលបត្រកម្ពុជាបញ្ជាក់ថា «ពេញមួយឆ្នាំ២០២២នេះ ផ្សារមូលបត្រកម្ពុជា បានប្រមូលមូលធនសរុបចំនួន ២២២ប៊ីលានរៀល (ស្មើនឹងប្រមាណជាង៥០លានដុល្លារ) កើនឡើង១៣៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ កំណើនភាគច្រើនលើសលុបបានមកពី ការបោះផ្សាយមូលបត្របំណុល ក្នុងនោះសញ្ញាបណ្ណសាជីវកម្មស្មើនឹង ៦៣ភាគរយ និងមូលបត្ររដ្ឋស្មើនឹង៣២ភាគរយ នៃមូលធនសរុប»

ទោះបីជាទំហំជួញដូរជាមធ្យមប្រចាំឆ្នាំ២០២២ ថមថយចុះបន្ដិចក្ដី ប៉ុន្ដែតម្លៃជួញដូរជាមធ្យមបានកើនទ្វេដង ឈានដល់ជាង ២ប៊ីលានរៀលក្នុងមួយថ្ងៃ ដែលធ្វើឲ្យឆ្នាំ២០២២ ជាឆ្នាំទី២ជាប់គ្នា ដែលផ្សារមូលបត្រកម្ពុជា បំបែកកំណត់ត្រាកំណើនជួញដូរខ្ពស់បំផុត ជាមួយកំណើនមួយទ្វេជាពីរ។

បន្ថែមពីនេះចំនួនគណនីជួញដូរ បើកថ្មីក្នុងឆ្នាំ២០២២ បានកើនឡើងជាង ៥ពាន់គណនី ស្មើនឹង៣១ភាគរយ បៀបនឹងឆ្នាំ២០២១។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា នៅចុងឆ្នាំ២០២២ក៏មានការងើបឡើងបន្ដិចបន្ដួចផងដែរ ពោលប្រមាណជា ២ភាគរយ បើធៀបនឹងឆ្នាំ២០២១ ខណៈមូលធននីយកម្មទីផ្សារសរុបបានកើនឡើង ៧.២ទ្រីលានរៀល ដល់៧.៥ទ្រីលានរៀល។

ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក្នុងឆ្នាំ២០២២នេះ ក៏សម្រេចបានការចុះបញ្ជី ពីក្រុមហ៊ុនចំនួន៧ កើនឡើង២.៥ដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕