(ភ្នំពេញ)៖ អ្នកជំនាញអចលទ្រព្យ បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ នៃការងើបឡើងវិញនៃវិស័យអចលទ្រព្យ នៅក្នុងឆ្នាំ២០២៣នេះ ​ក្រោយពីរងផលប៉ះពាល់ប្រមាណ៣ឆ្នាំជាប់គ្នា បន្ទាប់ពីរីករាលដាលនៃជំងឺកូវីដ១ និងការផ្ទុះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

អ្នកជំនាញមាន​សុទិដ្ឋិនិយមបែបនេះ ដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា និងបើកប្រទេសចិនឡើងវិញ​ ដោយអនុញ្ញាត​ប្រជាពលរដ្ឋ និងជនបរទេស អាចធ្វើដំណើរចេញចូលប្រទេស ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក​។

លោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ PropNex បានលើកឡើងនៅក្នុងកម្មវិធីបច្ចុប្បន្នភាពទីផ្សារឆ្នាំ២០២២ និងការព្យាករណ៍ឆ្នាំ២០២៣ថា ​ការប្រកាសបើកប្រទេសរបស់ចិន ​គឺជាភាពវិជ្ជមានមួយសម្រាប់កម្ពុជា ដោយសារមុនពេលរីករាលដាលនៃជំងឺកូវីដ១៩ ការវិនិយោគរបស់ចិននៅកម្ពុជា មានអត្រារហូតដល់៤០% ដែលជាអត្រាខ្ពស់មួយ បើប្រៀបធៀបនឹងការវិនិយោគពីបណ្តាប្រទេសផ្សេងៗ។ ​កត្តាវិជ្ជមាននេះ នឹងធ្វើឱ្យ​វិស័យអចលនទ្រព្យរបស់កម្ពុជា មានការគាំទ្រមួយផ្នែកធំ ដោយអ្នកវិនិយោគមកពីប្រទេសចិន ដែលនឹងធ្វើឱ្យវិស័យនេះ មានភាពរីកចម្រើននៅក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ដែលជាឆ្នាំដ៏លំបាកមួយ សម្រាប់វិស័យអចលនទ្រព្យ។

លោកស្រីបន្តថា សម្រាប់ឆ្នាំ២០២២ គឺជាឆ្នាំដែលវិស័យអចលនទ្រព្យជួបការលំបាក ​ហើយវិស័យដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺវិស័យការិយាល័យ និង​វិស័យទីផ្សារលក់រាយ ដោយសារវិស័យនេះ ត្រូវការការគាំទ្រពីអតិថិជនជួល ខណៈនៅឆ្នាំ២០២២ ការជួលមានការធ្លាក់ចុះខ្លាំង។ ដោយឡែកវិស័យ​សណ្ឋាគារ បានរើបឡើងមកវិញបន្តិចនៅក្នុងឆ្នាំ២០២២​។ ចំណែកវិស័យលំនៅដ្ឋានវិញ ហាក់មិនសូវរងផលប៉ះពាល់នោះទេ ដោយសារតែវិស័យនេះ ត្រូវបានគាំទ្រដោយប្រជាជនក្នុងស្រុក ជាពិសេសលំនៅដ្ឋានកម្រិតមធ្យម។

លោកស្រីពន្យល់បន្ថែមថា នៅឆ្នាំ២០២៣នេះ វិស័យសណ្ឋាគារ និងបដិសណ្ឋាកិច្ច នឹងបន្តមានកំណើនក្នុងភាពវិជ្ជមាន ដោយសារ​ក្នុងឆ្នាំ​នេះ ជឿជាក់ថា កម្ពុជានឹងទាក់ទាញបានភ្ញៀវទេសចរជាច្រើន ជាពិសេសចំពេលប្រទេសចិនបើកឡើងវិញ។ ចំណែកវិស័យដីធ្លីវិញ ក៏នឹងមានកំណើនវិជ្ជមាន បើទោះបីជាមានកំណើនតិចតួច ដោយសារកម្ពុជាកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។

លោកស្រីលើកឡើងទៀតថា «ជាទូទៅនៅឆ្នាំ២០២៣ យើងមិនអាចថា វិស័យសណ្ឋាគារងើបឡើងវិញ ១០០%ទេ គឺងើបឡើងសន្សឹមៗ តួយ៉ាងវិស័យទេសចរណ៍នៅក្នុងឆ្នាំ២០២២ ងើបឡើងក្នុងអត្រា១០ដង បើប្រៀបធៀបជាមួយឆ្នាំ២០២០ ហេតុនេះនឹងបន្តងើបឡើងបន្ថែមទៀត នៅក្នុងឆ្នាំ២០២៣នេះដូចគ្នា»៕