(ប៉េកាំង)៖ លោក Guo Shuqing ប្រធានបក្សកុម្មុយនីស្តនៃធនាគារកណ្តាលចិន បានឱ្យដឹងថា ធនាគារកណ្តាលចិននឹងបង្កើនការគាំទ្រ ដល់ក្រុមហ៊ុនឯកជន ដែលជាផ្នែកមួយនៃវិធានការពង្រឹងសេដ្ឋកិច្ច ខណៈដែលបន្ធូរបន្ថយការបង្ក្រាបលើក្រុមហ៊ុនបច្ចេកវិទ្យា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មារ៉យទ័រ។

ទីភ្នាក់ងារព័ត៌មារ៉យទ័របានរាយការណ៍ថា លោក Guo បានប្រាប់ទូរទស្សន៍ CCTV កាលពីថ្ងៃអាទិត្យថា គោលនយោបាយរូបិយវត្ថុនៅឆ្នាំ២០២៣ នឹងផ្តោតលើការបង្កើនតម្រូវការ ជាពិសេសការប្រើប្រាស់ផ្ទាល់ខ្លួន។

មេដឹកនាំចិនបានប្តេជ្ញាបង្កើតការគាំទ្រសម្រាប់សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ ដែលបានរងប៉ះពាល់យ៉ាងខ្លាំងដោយសារការបិទខ្ទប់ទប់ស្កាត់ជំងឺកូវីដ-១៩កាលពីឆ្នាំមុន ក៏ដូចជាការធ្លាក់ចុះតម្រូវការពិភពលោកផងដែរ។

លោក Guo ដែលក៏ជាប្រធានគណៈកម្មាធិការនិយតកម្មធនាគារ និងធានារ៉ាប់រងចិនផងដែរនោះបានថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ CCTV ថា គោលនយោបាយហិរញ្ញវត្ថុគួរតែត្រូវបានសម្របសម្រួលជាមួយគោលនយោបាយសារពើពន្ធ និងសង្គម ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ក្រុមដែលមានចំណូលទាប និងមធ្យម ក៏ដូចជាក្រុមដែលរងគ្រោះដោយជំងឺកូវីដ។

លោក Guo បានមានប្រសាសន៍ថា៖ «គោលនយោបាយរូបិយវត្ថុដែលប្រុងប្រយ័ត្ននឹងមានភាពច្បាស់លាស់ និងខ្លាំង។ កត្តានោះទាមទារឱ្យមានការផ្តោតលើការបង្កើនតម្រូវការប្រកបដោយប្រសិទ្ធភាព និងកែទម្រង់ស៊ីជម្រៅលើរចនាសម្ព័ន្ធផ្នែកផ្គត់ផ្គង់»

លោកថ្លែងថា គោលនយោបាយរូបិយវត្ថុនឹងពង្រឹងការគាំទ្រដល់សហគ្រាសឯកជន រក្សាកំណើនឥណទាន និងកាត់បន្ថយការចំណាយហិរញ្ញប្បទានសម្រាប់អាជីវកម្ម ហើយស្ថាប័នហិរញ្ញវត្ថុចិនគួរតែប្រព្រឹត្តចំពោះសហគ្រាសគ្រប់ប្រភេទដោយស្មើភាព។

លោក Guo បានបន្តថា អាជ្ញាធរមានគោលបំណងពង្រីកបណ្តាញផ្តល់ហិរញ្ញប្បទានសម្រាប់ក្រុមហ៊ុនឯកជន គាំទ្រដល់ការបោះផ្សាយភាគហ៊ុន និងមូលបត្របំណុលរបស់ពួកគេ។

លោក Guo បាននិយាយថា ប្រទេសចិនក៏នឹងជំរុញការអភិវឌ្ឍត្រឹមត្រូវនៃក្រុមហ៊ុនភ្លែតហ្វមអនឡាញផងដែរ។ លោកបន្ថែមថា ការកែតម្រូវអាជីវកម្មហិរញ្ញវត្ថុរបស់ក្រុមហ៊ុនភ្លែតហ្វមចំនួន១៤ត្រូវបាន «បញ្ចប់ជាមូលដ្ឋាន» ហើយ ខណៈដែលបញ្ហាដែលនៅសល់មួយចំនួនត្រូវដោះស្រាយ។

ចាប់តាំងពីចុងឆ្នាំ២០២០មក ទីក្រុងប៉េកាំងបានបង្កើនការគ្រប់គ្រងលើក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុធំៗរបស់ប្រទេសចិន៕