(អ៊ីស្តង់ប៊ុល)៖ លោក Michael Evans ប្រធានក្រុមហ៊ុន Alibaba Group Holding Ltd បានឱ្យដឹងថា ក្រុមហ៊ុនកំពុងរៀបចំមជ្ឈមណ្ឌលឡូជីស្ទិក នៅអាកាសយានដ្ឋានអ៊ីស្តង់ប៊ុល និងមជ្ឈមណ្ឌលទិន្នន័យ នៅជិតរដ្ឋធានីអង់ការ៉ាជាមួយនឹងការវិនិយោគជាង ១ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សេចក្តីរាយការណ៍របស់កាសែត Sabah របស់ប្រទេសតួកគី ដែលបានដកស្រង់សម្ដីរបស់លោក Evans ខណៈថ្លែងក្នុងបទសម្ភាសមួយថា ក្រុមហ៊ុន Alibaba កំពុងសម្លឹងមើលការបណ្តាក់ទុននៅអឺរ៉ុប និងមជ្ឈិមបូព៌ា និងថា លោកមើលឃើញប្រទេសតួកគី ជាមូលដ្ឋានផលិតកម្មដ៏រឹងមាំមួយ។

លោក Evans ថ្លែងថា «យើងមានផែនការវិនិយោគច្បាស់លាស់ នៅអាកាសយានដ្ឋានអ៊ីស្តង់ប៊ុល។ យើងអាចវាយតម្លៃផែនការនាំចេញអេឡិចត្រូនិច ពីទីនេះទៅកាន់អឺរ៉ុប មជ្ឈិមបូព៌ា និងចុងបូព៌ា។ យើងមានគម្រោងវិនិយោគជាង ១ពាន់លានដុល្លារ»

Trendyol ដែលជាភ្លែតហ្វមពាណិជ្ជកម្មអេឡិចត្រូនិចដ៏ល្បីល្បាញមួយ របស់ប្រទេសតួកគី ត្រូវបានគាំទ្រដោយក្រុមហ៊ុន Alibaba។

លោកបានបន្ថែមថា «ហេតុផលដែលយើងជ្រើសរើស Trendyol គឺថាបច្ចេកវិទ្យារបស់ក្រុមហ៊ុននេះ មានភាពជឿនលឿន ហើយសក្តានុពលរបស់ក្រុមហ៊ុនេះអស្ចារ្យ។ យើងកំពុងយកទីតាំងនេះធ្វើជាមូលដ្ឋានសម្រាប់អឺរ៉ុប និងមជ្ឈឹមបូព៌ា»