(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចការអនុម័តគម្រោងវិនិយោគ សរុបចំនួន១៨៦គម្រោង ក្រោមទុនវិនិយោគ ៤ ០៣២លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៤៤ពាន់កន្លែង។​ នេះបើតាមរបាយការណ៍ផ្លូវការ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

គម្រោងវិនិយោគចំនួន ១៨៦គម្រោង ក្នុងនោះមានគម្រោងថ្មីចំនួន ១៧៥គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន១១ គម្រោង។

ក្នុងចំណោមគម្រោងវិនិយោគទាំង១៨៦នេះ មានគម្រោងវិនិយោគចំនួន១៦៣ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម, ៩ គម្រោងស្ថិតនៅក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម, ៩ គម្រោងស្ថិតនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ និង ៥គម្រោងស្ថិតនៅក្នុងវិស័យទេសចរណ៍។

ចំនួនគម្រោងវិនិយោគ ក្នុងវិស័យឧស្សាហកម្ម បានចូលរួមចំណែកដល់ទៅប្រមាណ៨៨% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគប្រមាណ៣៩% បានមកពីវិស័យនេះ។

ដោយឡែក វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ដែលមានតែប្រមាណ៥% នៃចំនួនគម្រោងវិនិយោគសរុប បានចូលរួមចំណែកដល់ទៅប្រមាណ៤៥% នៃទុនវិនិយោគសរុប ដោយសារចរិតនៃការវិនិយោគក្នុងវិស័យនេះ ត្រូវការទុនវិនិយោគច្រើន។

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ CDC បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh Newsថា បើពិនិត្យជារួមការវិនិយោគឯកជននៅឆ្នាំ២០២២ មានការថយចុះបន្តិចបន្តួចធៀបនឹងឆ្នាំ២០២១ ប៉ុន្តែអត្រាថយចុះនេះ មានកម្រិតវិជ្ជមានជាងអត្រាថយចុះកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១។

លោកបន្តថា ការថយចុះក្នុងឆ្នាំនេះ អាចចាត់ទុកថា ស្ថិតនៅក្នុងកម្រិតមួយល្អប្រសើរនៅឡើយ បើយោងទៅលើរបាយការណ៍ឆ្នាំ២០២២ របស់សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) ដែលបានព្យាករថា រំហូរវិនិយោគផ្ទាល់ពីបរទេស នៅក្នុងពិភពលោកសម្រាប់ឆ្នាំ២០២២ នឹងមានការថមថយយ៉ាងខ្លាំង ដោយសារកត្តាជាច្រើន ជាពិសេសគីសង្គ្រាមនៅអ៊ុយក្រែន ដែលបានបង្កើតនូវភាព មិនប្រាកដប្រជាខ្ពស់ដល់ទស្សនវិស័យសេដ្ឋកិច្ចសកល និងហានិភ័យកាន់តែច្រើនសម្រាប់វិនិយោគិន។

លោកបន្តថា «លទ្ធផលនៃរំហូរវិនិយោគ នៅកម្ពុជាក្នុងឆ្នាំនេះ ក៏ជាសក្ខីកម្មនៃការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលតែងតែបានត្រៀមខ្លួនរួចជាស្រេច និងចេះបត់បែនតាម កាលៈទេសៈក្នុងការច្បាមយកកាលានុវត្តភាព ជាអតិបរមាពីនិម្មាបនកម្មសេដ្ឋកិច្ច ក្នុងតំបន់ដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស។ ស្របពេលដែលប្រទេសក្នុងតំបន់ និងសកលលោកកំពុងប្រឈមនឹងសំពាធពីគ្រប់ទិសទី ដូចជាវិបត្តិស្បៀងអាហារនិងថាមពល និងបញ្ហាសង្គ្រាមជាដើម កម្ពុជាបានធ្វើជាប្រធានអាស៊ានប្តូរវេនលើកទី៣ប្រកបដោយភាពជោគជ័យ ដែលនឹងជួយពង្រឹងទំនុកចិត្តជាមួយប្រទេសដៃគូ, ពង្រីកកិច្ចសហប្រតិបត្តិការ, និងជំរុញសមាហរណកម្មតំបន់»

លោកបន្តថា ជាមួយនឹងការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), ការបញ្ចប់សេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, ការអនុម័តច្បាប់ ស្តីពីតំបន់សេដ្ឋកិច្ចពិសេសនាពេលដ៏ឆាប់ខាងមុខ, ការធ្វើឲ្យប្រសើរឡើង នូវប្រតិបត្តិការនៅច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបៃ និងច្រកទ្វារព្រំដែន អន្តរជាតិ ស្ទឹងបត់-បានណងអៀង, ការរក្សាប្រាក់ឈ្នួលគោលអប្បបរមា ស្ថិតក្នុងកម្រិតសមរម្យ, ការពង្រឹងការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា និងនវានុវត្តន៍, ការសាងសង់ផ្លូវល្បឿនលឿន, និងការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី ជាដើមនឹងចូលរួមចំណែកលើកកម្ពស់បរិយាកាសវិនិយោគ និងភាពទាក់ទាញវិនិយោគរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៣ និងឆ្នាំខាងមុខៗទៀត។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២២នេះ គម្រោងវិនិយោគដែលបានចុះបញ្ជី នៅតែមានភាពល្អប្រសើរ គឺជាសញ្ញាមួយបង្ហាញថា សេដ្ឋកិច្ចកម្ពុជា បានដំណើរការល្អប្រសើរឡើងវិញ ក្រោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គ្រប់គ្រងកូវីដ-១៩ បានជោគជ័យ។

លោកបន្តថា ផ្នែកឧស្សាហកម្ម មានការកើនឡើង គឺជាចំណុចមួយសំខាន់ ដែលជាវិស័យទ្រទ្រង់សេដ្ឋកិច្ច មានភាពរឹងមាំ ល្អប្រសើរ ដែលមានធ្វើឲ្យការវិនិយោគ មានភាពរឹងមាំ ក្នុងឧស្សាហកម្មផ្សេងៗ មិនថា ធុនតូច មធ្យម ឬក៏ធុនធំ ឃើញថា ចាប់ផ្ដើមដំណើរការជាបណ្ដើរៗ នៅក្នុងប្រទេសកម្ពុជា។

លោកបន្ថែមថា អ្វីដែលមានកំណើន នៅក្នុងផ្នែកវិស័យឧស្សាហកម្ម គឺដោយសារតែកម្ពុជា មានកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម កម្ពុជា-ចិន, កម្ពុជា-កូរ៉េ ក៏ដូចជាអាសិប ជាពិសេសភាព អនុគ្រោះពន្ធ EBA និង GSP រវាងសហគមន៍អឺរ៉ុប និងអាមេរិក នៅតែបន្ដបាន ដូច្នេះការកើនឡើងផ្នែកវិស័យឧស្សាហកម្ម គឺជារឿងមួយដ៏ល្អប្រសើរ សម្រាប់ប្រទេសកម្ពុជា។

សូមជម្រាបថា នៅឆ្នាំ២០២១ កម្ពុជាបានអនុម័តគម្រោងវិនិយោគ សរុបចំនួន១៦៩គម្រោង ក្រោមទំហំទឹកប្រាក់សរុបចំនួន៤,៣៥៥លានដុល្លារអាមេរិក៕