(ស៊ាងហៃ)៖ ក្រុមហ៊ុន Ant Group បានឱ្យដឹងកាលពីថ្ងៃសៅរ៍ ស្ថាបនិករបស់ខ្លួនគឺលោក Jack Ma នឹងលែងគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ចិននេះទៀតហើយ ខណៈដែលក្រុមហ៊ុនព្យាយាមលែងឱ្យមានការបង្ក្រាបផ្នែកបទប្បញ្ញតិដែលបានធ្វើឡើងភ្លាមៗនៅឆ្នាំ២០២០ បន្ទាប់ពីការបោះផ្សាយលក់ភាគហ៊ុនរបស់ក្រុមហ៊ុនត្រូវបានផ្អាកកាលពី ២ឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការបោះផ្សាយលក់មូលបត្រជាលើកដំបូង (IPO) តម្លៃ ៣៧ពាន់លានដុល្លាររបស់ក្រុមហ៊ុន Ant ដែលនឹងក្លាយជាការបោះផ្សាយ IPO ធំបំផុតក្នុងពិភពលោកនោះ ត្រូវបានលុបចោលវិញនៅនាទីចុងក្រោយក្នុងឆ្នាំ២០២០ ដែលនាំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុនេះរៀបចំរចនាសម្ព័ន្ធឡើងវិញ ហើយមានការរំពឹងទុកថា មហាសេដ្ឋីចិនលោក Jack Ma នឹងត្រូវចុះចេញពីការគ្រប់គ្រង។

បើទោះជាអ្នកវិភាគមួយចំនួនបាននិយាយថា ការលះបង់ការគ្រប់គ្រងរបស់លោក Jack Ma អាចជម្រះផ្លូវសម្រាប់ក្រុមហ៊ុនដើម្បីដើរឆ្ពោះទៅរកការផ្សាយ IPO របស់ខ្លួនឡើងវិញក៏ដោយ តែការផ្លាស់ប្តូរនេះទំនងជាបណ្តាលឱ្យមានការពន្យារពេលបន្ថែមទៀតដោយសារតែបទប្បញ្ញត្តិស្តីពីចុះបញ្ជី។

ទីផ្សារភាគហ៊ុនប្រភេទ A-share ក្នុងស្រុករបស់ប្រទេសចិន តម្រូវឱ្យក្រុមហ៊ុនដែលមានបំណងបោះផ្សាយ IPO រង់ចាំរយៈពេល ៣ឆ្នាំ បន្ទាប់ពីការផ្លាស់ប្តូរការគ្រប់គ្រង។ ចំណែកនៅផ្សារហ៊ុន STAR របស់ទីក្រុងសៀងហៃ ត្រូវរង់ចាំរយៈពេល ២ឆ្នាំ និងរង់ចាំមួយឆ្នាំនៅផ្សារហ៊ុនក្រុងហុងកុង។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ឯកសារចុះបញ្ជីបោះផ្សាយ IPO របស់ក្រុមហ៊ុន Ant ដែលបានដាក់ជូនផ្សារហ៊ុនក្នុងឆ្នាំ២០២០ ថា លោក Ma មានភាគហ៊ុនត្រឹមតែ ១០ភាគរយប៉ុណ្ណោះនៅក្នុងក្រុមហ៊ុន Ant ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alibaba Group Holding ប៉ុន្តែលោកបានអនុវត្តការគ្រប់គ្រងលើក្រុមហ៊ុន Ant តាមរយៈក្រុមហ៊ុនដែលពាក់ព័ន្ធ ។

ឯកសារចុះបញ្ជីនេះបានបង្ហាញថា ក្រុមហ៊ុន Hangzhou Yunbo ដែលជាក្រុមហ៊ុនវិនិយោគរបស់លោក Ma មានការគ្រប់គ្រងលើក្រុមហ៊ុនពីរផ្សេងទៀតដែលរួមគ្នាកាន់កាប់ភាគហ៊ុន ៥០,៥ភាគរយរបស់ក្រុមហ៊ុន Ant។

ក្រុមហ៊ុន Ant បានឱ្យដឹងថា លោក Ma និងម្ចាស់ភាគហ៊ុនធំចំនួនប្រាំបួននាក់ផ្សេងទៀតរបស់ខ្លួនបានព្រមព្រៀងគ្នាថានឹងលែងរួមដៃគ្នាហើយនៅពេលអនុវត្តសិទ្ធិបោះឆ្នោតរបស់ពួកគេ ហើយនឹងបោះឆ្នោតដោយឯករាជ្យតែប៉ុណ្ណោះ។ ក្រុមហ៊ុនបានបន្ថែមថា ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចរបស់ម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Ant នឹងមិនផ្លាស់ប្តូរដោយសារតែការកែប្រែនេះទេ។

លោក Ma ពីមុនមានសិទ្ធិបោះឆ្នោតច្រើនជាង ៥០ភាគរយនៅក្រុមហ៊ុន Ant ប៉ុន្តែការផ្លាស់ប្តូរទាំងនេះនឹងមានន័យថា ចំណែកសិទ្ធិបោះឆ្នោតរបស់លោកធ្លាក់ចុះមកនៅត្រឹម ៦,២ភាគរយ។ នេះបើយោងតាមការគណនារបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្រុមហ៊ុន Ant ក៏បានឱ្យដឹងផងដែរថា ខ្លួននឹងបន្ថែមសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យទី៥ ទៅក្នុងក្រុមប្រឹក្សាភិបាលរបស់ខ្លួន ដូច្នេះក្រុមប្រឹក្សាភិបាលឯករាជ្យនឹងមានសំឡេងភាគច្រើននៅក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន។ បច្ចុប្បន្ននេះមានក្រុមប្រឹក្សាភិបាលមានសមាភាពចំនួន ៨នាក់។

ក្រុមហ៊ុនAnt បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖ «ជាលទ្ធផល នឹងលែងមានស្ថានភាពមួយដែលម្ចាស់ភាគហ៊ុនដោយផ្ទាល់ ឬដោយប្រយោលនឹងមានការគ្រប់គ្រងផ្តាច់មុខ ឬរួមគ្នាលើក្រុមហ៊ុន Ant Group ទៀតហើយ»