(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងជប៉ុនកាលពីថ្ងៃសុក្រ បានដាក់ដំណើរការក្រុមការងារថ្មីមួយដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងស្តង់ដារការងារអន្តរជាតិនៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ ហើយ នឹងអញ្ជើញរដ្ឋាភិបាលផ្សេងទៀតឱ្យចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោកស្រី Katherine Tai អ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើអនុស្សរណៈស្តីពីគំនិតផ្តួចផ្តើមនៅទីក្រុងវ៉ាស៊ីនតោនជាមួយលោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន។

កាសែត Yomiuri Shimbun របស់ប្រទេសជប៉ុននាពេលថ្មីៗនេះបានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីជប៉ុនថា វិធានការនេះត្រូវបានជំរុញដោយបញ្ហានានាដូចជាការធ្វើការដោយបង្ខំដែលត្រូវបានចោទប្រកាន់លើជនជាតិភាគតិចមូស្លីមនៅក្នុងតំបន់ស៊ីនជាំងក្នុងប្រទេសចិន និងថា ប្រទេសជប៉ុននឹងព្យាយាមប្រកាសឱ្យប្រើប្រាស់បទប្បញ្ញត្តិនានាដែលទីក្រុងវ៉ាស៊ីនតោនបានពង្រឹងនេះ ដើម្បីដោះស្រាយបញ្ហាបែបនេះ។

លោកស្រី Tai និងលោក Nishimura បាននិយាយថា ពួកគេនឹងអញ្ជើញរដ្ឋាភិបាលផ្សេងទៀតឱ្យចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។

លោកស្រី Tai បានថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនេះថា៖ «សហរដ្ឋអាមេរិក និងជប៉ុនមិនអាចធ្វើរឿងនេះតែម្នាក់ឯងបានទេ។ ដើម្បីធ្វើកិច្ចការនេះ យើងត្រូវចាប់ដៃគូជាមួយភាគីពាក់ព័ន្ធទាំងអស់ ដូចជា អង្គការពាក់ព័ន្ធនឹងការងារ ក្រុមហ៊ុនអាជីវកម្ម និងអង្គការសង្គមស៊ីវិល ដើម្បីនាំមកនូវការផ្លាស់ប្តូរយូរអង្វែង និងមានអត្ថន័យ។ យើងក៏ត្រូវអញ្ជើញរដ្ឋាភិបាលផ្សេងទៀតឱ្យចូលរួមជាមួយយើងផងដែរ នៅពេលដែលយើងជំរុញទៅមុខដើម្បីការពារសេចក្តីថ្លៃថ្នូររបស់កម្មករនៅគ្រប់ទីកន្លែង»

ការចុះហត្ថលេខាលើអនុស្សរណៈនេះបានធ្វើឡើងមុនពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោនរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida សម្រាប់កិច្ចពិភាក្សាដែលរំពឹងថានឹងផ្តោតលើការព្រួយបារម្ភរួមគ្នាអំពីការកើនឡើងឥទ្ធិពលរបស់ប្រទេសចិន និងបញ្ហាអន្តរជាតិនានាដែលកំពុងមានសម្ពាធផ្សេងទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕