(វ៉ាស៊ីនតោន)៖ មន្ត្រីមកពីសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់គ្រោងនឹងពិភាក្សាគ្នាអំពីពាណិជ្ជកម្មនៅទីក្រុងតៃប៉ិក្នុងខែនេះ ដោយបង្ហាញពីការពង្រីកទំនាក់ទំនងរវាងភាគីទាំងពីរក្នុងគ្រាដែលមានភាពតានតឹងកាន់តែខ្លាំងជាមួយប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធដែលចេញផ្សាយដោយវិទ្យាស្ថានអាមេរិកនៅកោះតៃវ៉ាន់ថា សហរដ្ឋអាមេរិកនឹងបញ្ជូនគណៈប្រតិភូមួយក្រុមដែលដឹកនាំដោយជំនួយការតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកលោក Terry McCartin និងមន្ត្រីមកពីទីភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀតសម្រាប់កិច្ចប្រជុំរយៈពេលបួនថ្ងៃដែលចាប់ផ្តើមនៅថ្ងៃទី១៤ ខែមករា។

គណៈរដ្ឋមន្ត្រីកោះតៃវ៉ាន់បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អនុតំណាងពាណិជ្ជកម្មលោកស្រី Yang Jen-ni នឹងដឹកនាំភាគីតៃវ៉ាន់នៅក្នុងកិច្ចពិភាក្សានេះដោយមានធាតុចូលផ្សេងៗពីទីភ្នាក់ងារនានារបស់រដ្ឋាភិបាល។

ក្រុងវ៉ាស៊ីនតោន និងក្រុងតៃប៉ិបាននិងកំពុងពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធ ខណៈមេដឹកនាំចិន លោក ស៊ី ជីនពីង បង្កើនសម្ពាធផ្នែកយោធា ការទូត និងសេដ្ឋកិច្ចលើកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនេះ។

កិច្ចពិភាក្សាពាណិជ្ជកម្មនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិកនិងកោះតៃវ៉ាន់ស្តីពីពាណិជ្ជកម្មសតវត្សទី២១ ដែលបានចាប់ផ្តើមកាលពីខែមិថុនាឆ្នាំមុន ដើម្បីឈានដល់កិច្ចព្រមព្រៀងក្នុងវិស័យនានារួមទាំងការសម្របសម្រួលពាណិជ្ជកម្ម និងការអនុវត្តបទប្បញ្ញត្តិផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕