(បាងកក)៖ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃបានឱ្យដឹងថា ថៃនឹងដាក់ចេញឡើងវិញនូវលក្ខខណ្ឌតម្រូវកូវីដ-១៩ សម្រាប់ជនបរទេសដែលធ្វើដំណើរចូលក្នុងប្រទេសថៃចាប់ពីថ្ងៃចន្ទទី៩ ខែមករា ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះត្រៀមខ្លួនទទួលរលកទេសចរណ៍ពីប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ការអត្ថាធិប្បាយរបស់លោករដ្ឋមន្ត្រី Saksayam Chidchob ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់លោកថា មនុស្សពេញវ័យត្រូវតែបង្ហាញភ័ស្តុតាងចាក់វ៉ាក់សាំងយ៉ាងហោចណាស់ចំនួនពីរ ឬការជាសះស្បើយពីមេរោគចាប់តាំងពីខែកក្កដាមក។

សេចក្តីថ្លែងការណ៍របស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ ដែលបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនបានឱ្យដឹងថា ភ្ញៀវទេសចរដែលមិនបានទទួលថ្នាំបង្ការនឹងត្រូវមានសំបុត្រពេទ្យដែលបញ្ជាក់ថាមិនមានឆ្លងមេរោគ។ វិធានទាំងនេះអនុវត្តរហូតដល់ថ្ងៃទី៣១ ខែមករា។

លើសពីនេះ សេចក្តីថ្លែងការណ៍ដដែលបានបន្តថា ភ្ញៀវទេសចរមកពីប្រទេសដែលតម្រូវឱ្យអ្នកដំណើរពីប្រទេសថៃធ្វើតេស្តកូវីដ-១៩ ត្រូវតែមានការធានារ៉ាប់រងសុខភាពក្នុងអំឡុងពេលស្នាក់នៅរបស់ពួកគេក្នុងប្រទេសថៃ។ ក្នុងចំណោមប្រទេសដែលទើបដាក់ចេញឡើងវិញនូវវិធានធ្វើតេស្តកូវីដ ប្រទេសឥណ្ឌាក្នុងខែនេះបានចាប់ផ្តើមដាកចេញកាតព្វកិច្ចធ្វើតេស្តកូវីដសម្រាប់អ្នកដំណើរមកពីប្រទេសចិន ក្រុងហុងកុង ប្រទេសជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងថៃ។

ការដាក់អនុវត្តឡើងវិញនូវលក្ខខណ្ឌតម្រូវធ្វើតេស្តកូវីដនេះធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅពេលដែលប្រទេសចិនបានលុបចោលគោលនយោបាយទប់ស្កាត់កូវីដដ៏តឹងតែងរបស់ខ្លួន ដោយបើកចំហរប្រទេសឡើងវិញទៅកាន់ពិភពលោក និងលុបចោលការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរចូលក្នុងប្រទេសរបស់ខ្លួនចាប់ពីថ្ងៃទី៨ ខែមករា។

ប្រទេសថៃរំពឹងថានឹងមានភ្ញៀវទេសចរចិនចំនួន ៣សែននាក់នៅក្នុងត្រីមាសទីមួយក្នុងឆ្នាំនេះ បន្ទាប់ពីប្រទេសនេះសម្រេចបានគោលដៅភ្ញៀវទេសចរបរទេសចំនួន ១០លាននាក់កាលពីឆ្នាំមុន នៅក្នុងការស្ទុះងើបឡើងវិញប្រសើរជាងការរំពឹងទុករបស់វិស័យទេសចរណ៍ដ៏សំខាន់របស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕