(ភ្នំពេញ)៖ តម្លៃដឹកជញ្ជូនតាមផ្លូវទឹក និងតាមផ្លូវគោកពីកម្ពុជាទៅចិន បានធ្លាក់ចុះមកធម្មតាវិញហើយ បន្ទាប់កើនឡើងខ្ពស់ ក្រោយពេលចិនអនុវត្តវិធានការសូន្យកូវីដ និងអំឡុងពេលកើនឡើងប្រេងឥន្ធនៈ កាលពីឆ្នាំមុន ដែលធ្វើដែលធ្វើឱ្យការនាំចេញរបស់កម្ពុជា ទៅប្រទេសនេះជួបឧសបគ្គ។

អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន និងនាំចេញកសិផល យល់ការធ្លាក់ចុះនៃតម្លៃដឹកជញ្ជូន និងការប្រកាសបន្ធូរបន្ថយវិធានការកូវីដ១៩ របស់ប្រទេសចិន គឺជាឱកាសដែលកម្ពុជា បង្កើនការនាំចេញទំនិញឡើងវិញ ជាពិសេសកសិផល។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់ បានឱ្យបណ្តាញព័ត៌មាន Fresh News ដឹងថា បច្ចុប្បន្នតម្លៃដឹកជញ្ជូនតាមផ្លូវទឹក ពីកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែរាជធានីភ្នំពេញ ទៅប្រទេសចិនបានធ្លាក់មកតម្លៃជាង២០០ដុល្លារ ទៅ៤០០ដុល្លារវិញ ខណៈ កាលពីមុនតម្លៃដឹកជញ្ជូន បានហក់ឡើងប្រមាណ ៦០០ដុល្លារទៅ៨០០ដុល្លារ ក្នុងមួយទូកុងតឺន័រ។

លោកបន្ថែម ការបើកប្រទេសឡើងវិញរបស់ចិន នឹងជួយជំរុញសកម្មភាពវិស័យដឹកជញ្ជូនរបស់កម្ពុជា ឱ្យមមាញឹកឡើងវិញ តាមរយៈការដឹកជញ្ជូន នាំចេញ និងនាំចូលនូវទំនិញផ្សេងៗ។

លោកបន្តទៀតថា «ខ្ញុំកត់សម្គាល់មួយទៀត អ្នកវិនិយោគចិន បានទិញនូវផលិតផលកសិកម្មរបស់កម្ពុជា ដូចនេះខ្ញុំគិតថា ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា នឹងកើនឡើងបន្ទាប់ពីមានការបើកប្រទេសចិនឡើងវិញ»

លោកថា មិនមែនការដឹកជញ្ជូនទៅចិនទេដែលធ្លាក់ចុះ តម្លៃដឹកជញ្ជូនពីកម្ពុជាទៅសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលកន្លងមក កើនឡើងដល់ពីជាង១ម៉ឺនដុល្លារទៅ២ម៉ឺនដុល្លារនោះ បានធ្លាក់ចុះមកចន្លោះជាង ១ពាន់ដុល្លារទៅ ២ពាន់ដុល្លារក្នុងមួយទូកុងតឺន័រ នាពេលបច្ចុប្បន្ននេះ។

ឧកញ៉ា ឈិន កេន នាយកគ្រប់គ្រងក្រុមហ៊ុន Advance Digital world trade បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៨ ខែមករាថា នេះជាដំណឹងមួយដ៏ល្អសំរាប់ពាណិជ្ជករកម្ពុជា ដែលចិនបានបើកទូលាយលើការធ្វើពាណិជ្ជកម្មឡើងវិញ ព្រមទាំងការចេញចូល ប្រទេសចិនផងដែរ។

លោកបន្តថា «ខ្ញុំមានក្តីរំពឹងខ្ពស់សម្រាប់ការនាំចេញផលិតផលកសិកម្ម របស់ប្រទេសកម្ពុជាយើងផងដែរ ជាពិសេសមុនចូលឆ្នាំថ្មីប្រពៃណីចិន នៅទីផ្សារប្រទេសចិនមានតម្រូវការខ្ពស់ ទៅលើផលិតផលកសិកម្មតែម្តង ដូចជា មៀន ចេកលឿង ផ្លែធុរេន ជាដើម»

សូមជម្រាបថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចេញទំនិញទៅប្រទេសចិន តម្លៃជាង ១ ១០៩លានដុល្លារ ថយចុះ១៩.០៦% ក្នុងនោះការនាំចេញកសិផល បានថយចុះគួរឱ្យកត់សម្គាល់។ ចំណែកការនាំចូលពីចិនមកវិញក្នុងតម្លៃ ជាង៩ពាន់លានដុល្លារ ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរបស់ប្រទេសទាំង២ រយៈពេល១១ខែ មានតម្លៃ ១០ ៥៧៩លានដុល្លារ កើនឡើង៦.៨៥%៕