(បាងកក)៖ វិនិយោគិនបរទេសបានដកប្រាក់ច្រើនបំផុតចេញពីភាគហ៊ុនក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ីក្នុងឆ្នាំ២០២២ គិតចាប់តាំងពីពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ២០០៨ ដោយសារការដំឡើងអត្រាការប្រាក់នៅសហរដ្ឋអាមេរិកបានស្រូបទាញមូលនិធិឆ្ពោះទៅរកទ្រព្យសកម្មជាប្រាក់ដុល្លារ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ទិន្នន័យពីផ្សារហ៊ុនរបស់កោះតៃវ៉ាន់ ប្រទេសឥណ្ឌា ហ្វីលីពីន វៀតណាម ថៃ ឥណ្ឌូនេស៊ី និងកូរ៉េខាងត្បូងបានបង្ហាញថា ជនបរទេសបានលក់ភាគហ៊ុនចេញដែលមានតម្លៃ ៥៧ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលជាលំហូរចេញដ៏ច្រើនបំផុតគិតចាប់តាំងពីឆ្នាំ២០០៨មក។

ប្រទេសថៃគឺជាករណីលើកលែងដ៏កម្រមួយចំពោះនិន្នាការនេះ ដោយមានវិនិយោគិនបរទេសបានទិញភាគហ៊ុនក្នុងតម្លៃ ២០២,៧ពាន់លានបាត (ប្រហែល ៦,១ពាន់លានដុល្លារ) នៅផ្សារហ៊ុនថៃ។ នេះជាករណីលើកដំបូងហើយគិតចាប់តាំងពីឆ្នាំ២០១៦ ដែលវិនិយោគិនបរទេសមិនមែនជាអ្នកលក់សុទ្ធនៅលើទីផ្សារហ៊ុនថៃ។

បន្ទាប់ពីការដំឡើងអត្រាការប្រាក់ ៤ដងជាប់គ្នាចំនួន ៧៥ពិន្ទុមូលដ្ឋានឬ ០,៧៥ភាគរយនៅដើមឆ្នាំ២០២២ ធនាគារកណ្តាលអាមេរិកបានដំឡើងអត្រាការប្រាក់កម្ចីរយៈពេលមួយយប់របស់ខ្លួនចំនួន ៥០ ពិន្ទុមូលដ្ឋានថែមទៀតនៅក្នុងខែធ្នូឆ្នាំ២០២២។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ដោយសារតែការដំឡើងអត្រាការប្រាក់នេះ ទិន្នផលនៃប័ណ្ណបំណុលរតនាគារសហរដ្ឋអាមេរិកដែលមានអាយុកាល ១០ឆ្នាំបានកើនឡើងប្រហែល ២៣០ពិន្ទុមូលដ្ឋានឬ ២,៣ភាគរយដល់ ៣,៨៣% កាលពីឆ្នាំមុន ដែលកាត់បន្ថយតម្រូវការបរទេសសម្រាប់ភាគហ៊ុនដែលមានហានិភ័យខ្ពស់ក្នុងតំបន់អាអាស៊ី។

ភាគហ៊ុនរបស់កោះតៃវ៉ាន់បានប្រឈមនឹងលំហូរចេញដែលមានតម្លៃ ៤១,៦ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលនាំមុខការលក់ចេញក្នុងតំបន់ ខណៈដែលភាគហ៊ុនឥណ្ឌាបានឃើញលំហូរចេញចំនួន ១៥,៤ពាន់លានដុល្លារ និងកូរ៉េខាងត្បូង ៩,៦ពាន់លានដុល្លារ។

ដោយសារការធ្លាក់ចុះតម្រូវការបរទេស និងទស្សនវិស័យសេដ្ឋកិច្ចកាន់តែអាក្រក់ សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក MSCI បានធ្លាក់ចុះ ១៩,៤% កាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះដ៏ខ្លាំង បំផុតគិតចាប់តាំងពីពេលដែលមានការធ្លាក់ចុះ ៤៣,៣% ក្នុងឆ្នាំ២០០៨។ នៅក្នុងប្រទេសថៃ សន្ទស្សន៍ភាគហ៊ុន SET បានកត់ត្រាកំណើនតិចតួច ០,៧% ធៀបនឹងដំណាច់ឆ្នាំ២០២១។

អ្នកវិភាគមួយចំនួនរំពឹងថានឹងមានលំហូរចេញកាន់តែច្រើនថែមទៀតយ៉ាងហោចណាស់នៅក្នុងឆមាសទីមួយឆ្នាំ២០២៣ ដោយសារមានការរំពឹងថានឹងមានការដំឡើងអត្រាប្រាក់បន្ថែមទៀតនៅសហរដ្ឋអាមេរិកមុនពេលកើនឡើងដល់កម្រិតកំពូលនៅឆ្នាំក្រោយ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕