(ហ្សាការតា)៖ និយ័តករប្រេងនិងឧស្ម័នឥណ្ឌូណេស៊ីបានឱ្យដឹងថា ឥណ្ឌូណេស៊ីបានអនុម័តផែនការអភិវឌ្ឍន៍ដំបូងសម្រាប់ប្លុកឧស្ម័នធូណា (Tuna) ក្នុងដែនសមុទ្រជាមួយនឹងទឹកប្រាក់វិនិយោគប្រមាណ ៣,០៧ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីលោក Mohammad Kemal អ្នកនាំពាក្យនិយ័តករប្រេងនិងឧស្ម័នឥណ្ឌូណេស៊ី (SKK Migas) ថា អណ្តូងឧស្ម័ Tuna ដែលមានទីតាំងនៅសមុទ្រចិនខាងត្បូងរវាងប្រទេសឥណ្ឌូនេស៊ី និងវៀតណាម ត្រូវបានគេរំពឹងថានឹងអាចលិតបានឧស្ម័នរហូតដល់ ១១៥លានហ្វីតគូបស្តង់ដារក្នុងមួយថ្ងៃ (MMSCFD) ក្នុងឆ្នាំ២០២៧ នៅពេលដែលផលិតកម្មកើនដល់កម្រិតខ្ពស់បំផុត។

កន្លងមករដ្ឋមន្ត្រីថាមពលឥណ្ឌូណេស៊ីបានឱ្យដឹងថា ឧស្ម័នធម្មជាតិដែលផលិតចេញពីអណ្តូងឧស្ម័ន Tuna ដែលដំណើរការដោយក្រុមហ៊ុនក្នុងស្រុករបស់ក្រុមហ៊ុន Harbor Energy ដែលចុះបញ្ជីនៅទីក្រុងឡុងដ៍ត្រូវបានរំពឹងថានឹងនាំចេញឧស្ម័នទៅកាន់ប្រទេសវៀតណាមចាប់ពីឆ្នាំ២០២៦តទៅ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍នៅសប្តាហ៍នេះថា លោក Dwi Soetjipto ប្រធាននិយ័តករ SKK Migas បានឱ្យដឹងថា ក្រៅពីអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍគម្រោងឧស្ម័ននេះនឹងគូសបញ្ជាក់អំពីសិទ្ធិដែនសមុទ្ររបស់ប្រទេសឥណ្ឌូនេស៊ីផងដែរ។

លោក Dwi បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «វានឹងមានសកម្មភាពនៅក្នុងតំបន់ព្រំដែន ដែលជាចំណុចក្តៅផ្នែកភូមិសាស្ត្រនយោបាយពិភពលោក»។ លោកបន្ថែមថា៖ «កងទ័ពជើងទឹកឥណ្ឌូណេស៊ីក៏នឹងចូលរួមក្នុងការធានាដល់គម្រោងប្រេង និងឧស្ម័ននេះផងដែរ ដើម្បីឱ្យសេដ្ឋកិច្ច និងនយោបាយ វាក្លាយជាការបញ្ជាក់អំពីអធិបតេយ្យភាពរបស់ឥណ្ឌូណេស៊ី»