(សិង្ហបុរី)៖ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI) សិង្ហបុរីបានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីបានកើនឡើង ៣,៨ភាគរយសម្រាប់រយៈពេលពេញមួយឆ្នាំ២០២២ ដែលធ្លាក់ចុះពីកំណើន ៧,៦ភាគរយកាលពីឆ្នាំ២០២១។ នេះបើយោងតាមកាសែត Channel News Asia។

កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់ទីន្នន័យព្យាករជាន់ខ្ពស់របស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI) ថា អត្រាកំណើននេះមានកម្រិតខ្ពស់ជាងការរំពឹងទុកជាផ្លូវការបន្តិចសម្រាប់ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះក្នុងឆ្នាំ២០២២ ដែលថាមាន «ប្រហែល ៣,៥ភាគរយ»

សម្រាប់ត្រីមាសចុងក្រោយនៃឆ្នាំ២០២២ សេដ្ឋកិច្ចបានកើនឡើង ២,២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលធ្លាក់ចុះបន្តិចពីកំណើន ៤,២ភាគរយក្នុងត្រីមាសទី៣។

ទិន្នន័យរបស់ក្រសួង MTI បានបង្ហាញថា បើគិតតាមមូលដ្ឋានកែតម្រូវតាមរដូវកាលវិញ សេដ្ឋកិច្ចបានកើនឡើង ០,២ភាគរយនៅក្នុងត្រីមាសទី៤ ធៀបនឹងត្រីមាសទី៣ ដែលបានកើនឡើង ១,១ភាគរយ។

គ្រប់វិស័យទាំងអស់ លើកលែងតែវិស័យផលិតកម្ម បានកើនឡើងនៅត្រីមាសទី៤ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

វិស័យផលិតកម្មដែលមានចំនួនប្រហែលមួយភាគប្រាំនៃសេដ្ឋកិច្ចសិង្ហបុរីបានធ្លាក់ចុះ ៣ភាគរយក្នុងត្រីមាសទី៤ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលធ្លាក់ចុះពីកំណើន ១,៤ភាគរយនៅត្រីមាសទី៣។ នេះបើយោងតាមកាសែត Channel News Asia៕