(ភ្នំពេញ)៖ តម្លៃសំបុត្រយន្តហោះទៅមករវាងកម្ពុជា និងចិន ដែលធ្លាប់ហក់ឡើងរហូតដល់ខ្ទង់ម៉ឺនដុល្លារ កាលពីអំឡុងរីករាលដាលជំងឺកូវីដ១៩ បានធ្លាក់ចុះជាបន្តបន្ទាប់ ដែលមកទល់បច្ចុប្បន្ននេះ តម្លៃសំបុត្រយន្តហោះពីកម្ពុជាទៅចិន មានតម្លៃត្រឹមតែក្នុងរង្វង់ជាង ៥០០ដុល្លារប៉ុណ្ណោះ ​ដែលជាតម្លៃមួយប្រហាក់ប្រហែល​នឹង​មុនពេលរីករាលដាលជំងឺកូវីដ១៩​។

​លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៤ ខែមករានេះថា បច្ចុប្បន្ននេះតម្លៃសំបុត្រយន្តហោះពីភ្នំពេញទៅប្រទេសចិន មានតម្លៃចន្លោះពីជាង ៤០០ដុល្លារទៅជាង ៥០០ដុល្លារទៅតាមតំបន់។ ចំណែកពីចិនមកកម្ពុជាវិញ មានតម្លៃខ្ពស់ជាងបន្តិច គឺចាប់ពី ៨០០ដុល្លារ ទៅ១ពាន់ដុល្លារ។

លោកស្រីគូសបញ្ជាក់ថា តម្លៃនេះអាចនឹងមិនបន្តធ្លាក់ចុះទៀតនោះទេ បើទោះបីជាចិនប្រកាសបន្ធូរបន្ថយវិធានកូវីដ១៩ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ក៏ដោយ ព្រោះតម្លៃនេះ គឺប្រហាក់ប្រហែលនឹងតម្លៃធម្មតា មុនពេលរីករាលដាលជំងឺកូវីដ១៩។

លោកបន្ថែមថា «តម្លៃអាចនឹងឡើងថ្លៃបន្តិចផងមើលទៅ ប្រសិនបើជើងហោះហើរមិនបន្ថែម​ទេ ព្រោះតម្រូវការអាចនឹងកើនឡើង»

គណៈកម្មការសុខាភិបាលជាតិចិន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានប្រកាសថានឹងបិទបញ្ចប់ការតម្រូវឲ្យធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលមកក្នុងប្រទេស ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣តទៅ​ ដែលជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការបើកព្រំដែនរបស់ខ្លួនឡើងវិញ គិតចាប់តាំងពីបានបិទព្រំដែនមួយផ្នែកធំ កាលពីដើមឆ្នាំ២០២០មក។

លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន Fresh News ដែរថា បន្ទាប់ពីចិនបានប្រកាសបើកប្រទេស ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុនទេសចរណ៍ចិនមួយចំនួន បានបង្ហាញពីនិន្នាការតភ្ជាប់ជើងហោះហើរឡើងវិញ តែយ៉ាងណាមិញមិនទាន់ប្រាកដប្រជានោះទេ ដោយសារពួកគេមិនទាន់​ស្នើសុំការចុះចតជាក់លាក់នៅឡើយ។

លោកបន្តថា កម្ពុជាស្វាគមន៍នូវការហោះហើររបស់ចិនមកកម្ពុជា ហើយសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធនឹងសម្រួលនូវវិធានការផ្សេងៗ​ ដើម្បីបើកទូលាយ​ទទួលធុរជន និងភ្ញៀវទេសចរចិនពេលមកដល់កម្ពុជា។

លោកបានគូសបញ្ជាក់ថា «ជាទូទៅយើងបានដឹងហើយថា បន្ទាប់ពីថ្ងៃទី៨ ខែមករានេះទៅ ប្រទេសចិន នឹងបើកចំហរទីផ្សាររបស់គាត់ ឱ្យអ្នកដំណើររបស់គាត់ហោះចេញចូលធម្មតា ទៅកាន់ទិសដៅដែលគាត់ចង់ទៅ ដោយឡែកប្រទេសកម្ពុជា ក៏បានស្វាគមន៍ដល់ការតភ្ជាប់ការហោះហើរឡើងវិញ របស់ក្រុមហ៊ុនចិន ពីខេត្តទាំងឡាយណាដែលមានសក្តានុពលមកប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលយើងមិនទាន់ដឹងច្បាស់ គឺចំនួនជើងហោះហើរ ដោយសារទី១ មិនទាន់ដល់ថ្ងៃទី៨ ។ ទី២ យើងពិនិត្យមើលឃើញមាននិន្នាការស្នើសុំទីចំណត់បំរុងឡើងវិញ តែយើងមិនអាចរាប់បានទេ ដោយសារសុំទីចំណត់បំរុង មិនមែនជាសូចនាករជាក់លាក់នោះទេ យើងរង់ចាំមើលការស្នើសុំការចុះចតសិន នេះទើបជាចំនួនជាក់លាក់»

បើតាមមន្រ្តីជាន់ខ្ពស់នៃអាកាសចរស៊ីវិល បច្ចុប្បន្ននេះជើងហោះហើរ​ ពីកម្ពុជាទៅចិន មានចំនួន១៥ជើង និងពីចិនមកកម្ពុជាចំនួន ១៥ជើងក្នុងមួយសប្តាហ៍​៕