(ភ្នំពេញ)៖ និយ័តករធានារ៉ាប់រងកម្ពុជា និងក្រសួងអប់រំ កំពុងសិក្សាពិនិត្យលទ្ធភាព ដាក់បញ្ចូលមុខវិជ្ជាធានារ៉ាប់រង ទៅក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ នៅតាមបណ្តាសាកលវិទ្យាល័យនានា ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ​ដើម្បីអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យធានារ៉ាប់រងនៅ​កម្ពុជា ដោយផ្អែកលើសក្តានុពល និងឱកាសការងារដល់សិស្សនិស្សិត ដែលទើបបញ្ចប់ការសិក្សា ​ដែលផ្នែកមួយជួយឱ្យវិស័យធានារ៉ាប់នៅកម្ពុជា កាន់តែរីកចម្រើន។

កិច្ចប្រជុំ ស្តីពី​ការពិនិត្យលទ្ធភាពដាក់បញ្ចូលមុខវិជ្ជាធានារ៉ាប់រង ទៅក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ​ ត្រូវបានរៀបចំឡើងនាពេលថ្មីៗនេះ ​ដឹកនាំដោយលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា ​និងតំណាងក្រសួងអប់រំ យុវជន និងកីឡា ដែលដឹកនាំដោយ​លោក ម៉ក់ ងយ អគ្គនាយក នៃអគ្គនាយកដ្ឋានឧត្តមសិក្សា តំណាងសមាគមន៍គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងក្រុមប្រឹក្សាសាកលវិទ្យាធិការកម្ពុជា។

លោក ម៉ក់ ងយ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះថា ការដាក់បញ្ចូលមុខវិជ្ជាធានារ៉ាប់រង ទៅក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ នឹងជួយឱ្យនិស្សិតមានសញ្ញាណ​ចំណេះដឹងទៅលើជំនាញ​ និងបំនិនពិតប្រាកដពីវិស័យធានារ៉ាប់រង ដែលជំរុញដល់ការបំពេញការងាររបស់ពួកគេកាន់តែប្រសើរ។

លោក​បានគូសបញ្ជាក់ថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យធានារ៉ាប់រង​ហាក់មានភាពលេចធ្លោ នៅក្នុងទីផ្សារកម្ពុជា ប៉ុន្តែធនធានមនុស្សផ្នែកវិស័យធានារ៉ាប់រង នៅមានគម្លាតគ្នា ស្របពេលការបណ្តុះបណ្តាលជំនាញនេះ នៅតាមបណ្តាសាកលវិទ្យាល័យនានា ក៏មិនទាន់មានភាព​ទូលំទូលាយ​ ដោយសារតែខ្វះមុខវិជ្ជា​នេះ នៅក្នុងកម្មវិធីសិក្សា​ ហើយការចាប់អារម្មណ៍​របស់និស្សិត ​សិក្សាលើមុខវិជ្ជានេះនៅមានកម្រិត។ ហេតុដូច្នេះហើយ បានជាអគ្គនាយកដ្ឋានឧត្តមសិក្សា និងនិយ័តករធានារ៉ាប់រងកម្ពុជា រួមនឹងសមាគមគ្រឹះស្ថានឧត្តមសិក្សា ក៏ដូចជាក្រុមប្រឹក្សាសកលវិទ្យាធិការកម្ពុជា ពិភាក្សាគ្នា​ពិនិត្យលទ្ធភាពបញ្ចូលមុខវិជ្ជាធានារ៉ាប់រងនេះ ទៅក្នុងថ្នាក់បរិញ្ញាបត្រ ​ដែលក្នុងនោះអាចបញ្ចូលមុខវិជ្ជានេះជាមូលដ្ឋានគ្រឹះសម្រាប់សិក្សា ឬ​ អាចពង្រីកទៅជាមុខជំនាញបន្ទាប់បន្សំ​ ហើយចំពោះសាកលវិទ្យាល័យណាដែលលទ្ធភាព ក្រសួងនឹងជួយពួកគេឱ្យដាក់មុខវិជ្ជានេះទៅជា​​កម្មវិធីសិក្សាបរិញ្ញាបត្រផ្នែកធានារ៉ាប់តែម្តង។

​លោកបានឱ្យដឹងថា បច្ចុប្បន្ននេះអគ្គនាយកដ្ឋានឧត្តមសិក្សា ​សហការជាមួយនិយ័តករធានារ៉ាប់រងកម្ពុជា បានចុះទៅតាមសាកលវិទ្យានានា ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ដើម្បីធ្វើបឋកថាជូនទៅដល់និស្សិត និងសាស្រ្តាចារ្យ​ ឱ្យពួកគេយល់ពីសារៈសំខាន់នៃវិស័យធានារ៉ាប់រង​ និងទំហំនៃតម្រូវការការងារ ក្នុងវិស័យនេះ។

​លោកសង្ឃឹមថា នៅពេលមានផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ នឹងជំរុញឱ្យបណ្តាសាកលវិទ្យាល័យ និងនិស្សិតយល់ពីសារៈសំខាន់ នៃមុខវិទ្យាធានារ៉ាប់រងនេះ ដែលនឹងឈានទៅដល់ការដាក់បញ្ចូលមុខវិជ្ជាធានារ៉ាប់រង នៅក្នុងកម្មវិធីសិក្សា ក៏ដូចឱ្យទាក់ទាញឱ្យសិស្សចាប់ផ្តើមសិក្សាមុខវិជ្ជានេះ។

លោកបានឱ្យដឹងបន្ថែមថា «យើងបាន និងកំពុងតែពិភាក្សាគ្នា ​នៅតាមគ្រឹះស្ថានឧត្តមសិក្សា ហើយជាមួយ​និយ័តករធានារ៉ាប់រងកម្ពុជា មកដល់ពេលនេះ មានគ្រឹះស្ថានឧត្តមសិក្សាមួយចំនួន មានមុខវិជ្ជានេះហើយ ករណីដូចជា សាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ ហើយវិទ្យាល័យជាតិគ្រប់គ្រងវិញ រហូតដល់គាត់មានថ្នាក់បរិញ្ញាបត្រទៀត ហើយយើងចង់ពង្រីកកម្មវិធីនេះឱ្យបានទូលាយ»

​លោកបន្តថា តាមការបញ្ជាក់របស់និយ័តករធានារ៉ាប់រងកម្ពុជា បច្ចុប្បន្ននេះ បុគ្គលិកដែលកំពុងបំពេញការងារពេញម៉ោង នៅក្នុងវិស័យធានារ៉ាប់មានចំនួនជាង ៣៥០០នាក់ និងភ្នាក់ងារធានារ៉ាប់ដែលបំពេញការងារក្រៅម៉ោងមានជាង១ម៉ឺននាក់ ហើយរំពឹងថា ក្នុងរយៈពេល១០ឆ្នាំទៅមុខ អ្នកធ្វើការពេញម៉ោងកើនដល់ប្រមាណ៣ម៉ឺននាក់ និងអ្នកធ្វើការមិនពេញម៉ោងកើនដល់១០ម៉ឺននាក់។៕