(សេអ៊ូល)៖ ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូងបានបន្តធ្លាក់ចុះក្នុងខែធ្នូ ដែលជាសញ្ញាបង្ហាញថា តម្រូវការពិភពលោកកំពុងធ្លាក់ចុះ ខណៈដែលអត្រាការប្រាក់ខ្ពស់ដាក់បន្ទុកលើការប្រើប្រាស់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យដោយក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងថា ការនាំចេញទៅក្រៅប្រទេសបានធ្លាក់ចុះ ៩,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការព្យាកររបស់សេដ្ឋវិទូថាធ្លាក់ចុះ ១១,១%។ ការនាំចូលបានធ្លាក់ចុះ ២,៤%។

ឱនភាពពាណិជ្ជកម្មមានចំនួន ៤,៧ពាន់លានដុល្លារក្នុងខែធ្នូ ដែលបណ្តាលឱ្យមានឱនភាពប្រចាំឆ្នាំលើកដំបូងគិតចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុពិភពលោក ខណៈដែលតម្លៃប្រេងកើនឡើងបានប៉ះពាល់ប្រទេសជាច្រើនដែលពឹងផ្អែកលើពាណិជ្ជកម្ម។

ការនាំចេញរបស់កូរ៉េខាងត្បូងគឺជាបារ៉ូម៉ែត្រដ៏ធំមួយដែលបង្ហាញពីតម្រូវការពាណិជ្ជកម្ម និងបច្ចេកវិទ្យាសកល ខណៈដែលប្រទេសនេះផលិតទំនិញសំខាន់ៗដូចជា បន្ទះឈីប អេក្រង់ និងប្រេងចម្រាញ់ជាដើម។

ភាពធន់ផ្នែកពាណិជ្ជកម្មគឺជាប្រភពដ៏សំខាន់នៃការធានាឡើងវិញសម្រាប់ធនាគារកណ្តាលកូរ៉េថា សេដ្ឋកិច្ចអាចទប់ទល់នឹងការចំណាយលើការខ្ចីប្រាក់ដែលកើនឡើងកាន់តែខ្ពស់ ទោះបីជាធនាគារនេះបានរឹតបន្តឹងគោលនយោបាយកាលពីឆ្នាំមុនក៏ដោយ។ ទោះជាយ៉ាងណា វដ្តនៃការដំឡើងអត្រាការប្រាក់ទំនងជាជិតដល់ទីបញ្ចប់ហើយ ដោយសារធនាគារកណ្តាលមួយនេះមានការព្រួយបារម្ភកាន់តែខ្លាំងអំពីកំណើនសេដ្ឋកិច្ច ខណៈដែលសេដ្ឋកិច្ចពិភពលោកដែលថមថយកំណើន។

សម្រាប់ឆ្នាំ២០២២ ការនាំចេញរបស់កូរ៉េបានកើនឡើង ៦,១% ខណៈដែលការនាំចូលកើនឡើង ១៨,៩%។ ការធ្លាក់ចុះការនាំចេញប្រចាំខែបានចាប់ផ្តើមកើតមានក្នុងខែតុលា ដោយការធ្លាក់ចុះតម្រូវការបន្ទះឈីបបាននាំឱ្យមានការធ្លាក់ចុះតួលេខនាំចេញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕