(បាងកក)៖ ធនាគារកណ្តាលថៃ (BoT) បានឱ្យដឹងកាលពីថ្ងៃសុក្រថា អនុបាតបំណុលគ្រួសារធៀបនឹងផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ បានធ្លាក់ចុះបន្តិចពី ៨៨,១% នៅក្នុងត្រីមាសទី២ មកនៅត្រឹម ៨៦,៨% នៃផលិតផលក្នុងស្រុកសរុបនៅក្នុងត្រីមាសទី៣ ខណៈដែលសេដ្ឋកិច្ចបន្តស្ទុះងើបឡើងវិញ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ទោះជាយ៉ាងណា សមាមាត្របំណុលគ្រួសារនេះនៅតែស្ថិតក្នុងចំណោមកម្រិតខ្ពស់បំផុតក្នុងតំបន់អាស៊ី ហើយបរិមាណបំណុលបានកើនឡើងដល់ ១៤,៩ពាន់ពាន់លានបាត (ប្រហែល ៤៣០,៨៨ពាន់លានដុល្លារ) គិតត្រឹមដំណាច់ខែកញ្ញា ពោលគឺកើនឡើងពី ១៤,៧៦ពាន់ពាន់លាន (៤២៦,៨៣ពាន់លានដុល្លារ) នៅដំណាច់ខែមិថុនា។

លោក Sethaput Suthiwartnaruput ទេសាភិបាលធនាគារកណ្តាលថៃបាននិយាយនៅដើមខែធ្នូថា កម្រិតខ្ពស់នៃបំណុលគ្រួសារអាចរំខានដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច ហើយចាំបាច់ត្រូវធ្លាក់ចុះដល់កម្រិតប្រកបដោយនិរន្តរភាព។

លោក Sethaput បានថ្លែងថា បំណុលខ្ពស់គឺជាហេតុផលមួយដែលធនាគារកណ្តាលមិនដំឡើងអត្រាការប្រាក់តក់ក្រហល់ ខណៈពេលដែលការស្ទុះងើបសេដ្ឋកិច្ចមានភាពយឺតយ៉ាវ ហើយសេដ្ខកិច្ចមិនទាន់វិលត្រលប់ទៅរកកម្រិតមុនពេលមានជំងឺកូវីដវិញនៅឡើយ។

ធនាគារកណ្តាលថៃបានដំឡើងអត្រាគោលរបស់ខ្លួនសរុបចំនយន ៧៥ពិន្ទុមូលដ្ឋាន ឬស្មើនឹង ០,៧៥ភាគរយចាប់តាំងពីខែសីហាមកដែលធ្វើឱ្យអត្រាការប្រាក់កើនឡើងដល់ ១,២៥% ដើម្បីទប់ស្កាត់អតិផរណា និងធានាឱ្យមានការស្ទុះងើបសេដ្ឋកិច្ចឡើងវិញបន្តទៀត។ ធនាគារនេះនឹងពិនិត្យឡើងវិញនូវអត្រាគោលនយោបាយរបស់ខ្លួននៅថ្ងៃទី២៥ ខែមករា នៅពេលដែលអសេដ្ឋវិទូភាគច្រើនរំពឹងថានឹងមានការដំឡើងអត្រាការប្រាក់បន្ថែមទៀតជាសន្សឹមៗ។

កំណើនសេដ្ឋកិច្ចរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់តំបន់អាស៊ីអាគ្នេយ៍នេះបានដើរយឺតជាងប្រទេសជិតខាងរបស់ខ្លួន ខណៈដែលវិស័យទេសចរណ៍ដ៏សំខាន់របស់ប្រទេសនេះទើបតែចាប់ផ្តើមងើបឡើងវិញក្នុងឆមាសទីពីរនៃឆ្នាំនេះ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕