(ប៊ែនហ្កាលុរុ)៖ រដ្ឋាភិបាលឥណ្ឌាអាចនឹងពិនិត្យឡើងវិញទៅលើគោលជំហររបស់ខ្លួនលើការវិនិយោគរបស់ប្រទេសចិន ដើម្បីជួយក្រុមហ៊ុនពិភពលោកដែលកំពុងស្វែងរកការផ្លាស់ទីតាំងផលិតកម្មទៅកាន់ប្រទេសឥណ្ឌា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្រុមហ៊ុនលំដាប់សកលលោកជាច្រើនកំពុងពិនិត្យមើលទៅលើយុទ្ធសាស្រ្ត China Plus One ដែលជាយុទ្ធសាស្រ្តធ្វើពិពិធកម្មវិនិយោគក្រៅពីប្រទេសចិន ដើម្បីជៀសវាងការរាំងស្ទះផ្នែកខ្សែចង្វាក់ផ្គត់ផ្គង់ ខណៈដែលប្រទេសចិនដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកកំពុងជួបនឹងការកើនឡើងការឆ្លងជំងឺកូវីដ-១៩។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីរាយការណ៍របស់ទូរទស្សន៍ក្នុងស្រុក CNBC-TV18 របស់ឥណ្ឌាថា ក្រុមហ៊ុនអន្តរជាតិមានបំណងស្វែងរកការផលិតនៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែចង់បន្តការបណ្តាក់ទុនរួមគ្នាដែលមានស្រាប់នៅប្រទេសចិន។

សេចក្តីរាយការណ៍ដដែលនេះបានឱ្យដឹងថា ក្រុមហ៊ុន Apple ដែលផលិតទូរស័ព្ទ iPhone ចង់ឱ្យក្រុមហ៊ុន BYD របស់ប្រទេសចិនទទួលបានការអនុញ្ញាតឱ្យចុះហត្ថលេខាលើការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនឥណ្ឌាដើម្បីផ្លាស់ប្តូរការផលិត iPad ទៅកាន់ប្រទេសឥណ្ឌា ហើយរដ្ឋាភិបាលឥណ្ឌាអាចនឹងពិចារណាលើការផ្លាស់ប្តូរនេះ។

សេចក្តីការណ៍នេះបានបន្តថា រដ្ឋាភិបាលឥណ្ឌាអាចនឹងអនុញ្ញាតឱ្យមានការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនចិននៅក្នុងវិស័យដែលឥណ្ឌាមិនមានជំនាញបច្ចេកទេស។

ប្រទេសឥណ្ឌា និងចិនបានរក្សាទំនាក់ទំនងស្ងាប់ស្ងាត់បន្ទាប់ពីការប៉ះទង្គិចគ្នាតាមព្រំដែនដ៏អាក្រក់បំផុតរវាងប្រទេសជិតខាងទាំងពីរចាប់តាំងពីឆ្នាំ១៩៦២ កាលពីខែមិថុនា ឆ្នាំ២០២០។

បន្ទាប់ពីការប៉ះទង្គិចគ្នា ឥណ្ឌាបានរារាំងក្រុមហ៊ុនចិនមិនឱ្យចូលរួមក្នុងការដេញថ្លៃនានារបស់រដ្ឋាភិបាលឥណ្ឌា តម្រូវឱ្យក្រុមហ៊ុនចិនដែលវិនិយោគនៅក្នុងប្រទេសឥណ្ឌាត្រូវទទួលបានការអនុម័តនានា និងហាមឃាត់កម្មវិធី (ប៊ែប) របស់ចិនរាប់សិបកម្មវិធី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕