(ហ្សាការតា)៖ ឥណ្ឌូណេស៊ីនឹងរឹតបន្តឹងវិធាននាំចេញប្រេងដូងចាប់ពីថ្ងៃទី១ ខែមករាតទៅ ដោយអនុញ្ញាតឱ្យមានការនាំចេញតិចជាងមុន ដើម្បីធានាបាននូវការផ្គត់ផ្គង់ប្រេងឆាក្នុងស្រុក ឱ្យបានគ្រប់គ្រាន់ និងក្នុងតម្លៃសមរម្យ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

យោងតាមមន្ត្រី និងបទប្បញ្ញត្តិថ្មីដែលទីភ្នាក់ងារព័ត៌មានរ៉យទ័រទទួលបាន ក្រុមហ៊ុននាំចេញនឹងត្រូវបានអនុញ្ញាតឱ្យនាំចេញក្នុងទំហំ ៦ដងធៀបនឹងបរិមាណលក់ក្នុងស្រុករបស់ក្រុមហ៊ុននាំចេញ ពោលគឺធ្លាក់ចុះពីចំនួន ៨ដងនាពេលបច្ចុប្បន្ន។

លោក Budi Santoso មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា៖ «នេះគឺជាវិធានការបង្ការប្រឆាំងនឹងការកើនឡើងដែលអាចកើតមាននៃតម្លៃប្រេងឆាក្នុងស្រុក ខណៈដែលតម្រូវការកើនឡើងក្នុងអំឡុងបុណ្យរ៉ាម៉ាដន និង Eid al-Fitr ដែលនឹងធ្លាក់ចុះមកវិញនៅក្នុងខែមីនា និងខែមេសា ឆ្នាំ២០២៣»

លោក Septian Hario Seto មន្ត្រីជាន់ខ្ពស់នៃក្រសួងសម្របសម្រួលសម្រាប់កិច្ចការសមុទ្រ និងការវិនិយោគ បានឱ្យដឹងថា ការផ្លាស់ប្តូរវិធាននេះមានគោលបំណងជាពិសេសក្នុងការធានាបានការផ្គត់ផ្គង់ក្នុងស្រុកសម្រាប់ត្រីមាសទីមួយ ឆ្នាំ២០២៣។

លោក Seto បានបន្តថា រដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងបន្តវាយតម្លៃសមាមាត្រនាំចេញនេះជាប្រចាំ ដោយពិចារណាទៅលើភាពអាចរកទិញបាន និងតម្លៃប្រេងឆា។

វិធានការនេះបានធ្វើឱ្យតម្លៃប្រេងដូងក្នុងកិច្ចសន្យាអនាគតសម្រាប់ទិញលក់ប្រេងដូងរបស់ម៉ាឡេស៊ីកើនឡើងកាលពីថ្ងៃសុក្រ ហើយបានឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី១ ខែធ្នូដល់តម្លៃ ៤ ១៩៣រីងហ្គីត (៩៥០,៧៩ដុល្លារ) ក្នុងមួយតោន។

ប្រទេសឥណ្ឌូណេស៊ីកាលពីដើមឆ្នាំនេះបានព្យាយាមរក្សាតម្លៃប្រេងឆាពីការឡើងថ្លៃហួសពីការគ្រប់គ្រង និងបានដាក់ចេញវិធានការនាំចេញលើផលិតផលប្រេងដូង ដើម្បីព្យាយាមបង្កើនការផ្គត់ផ្គង់ និងធ្វើឱ្យតម្លៃធ្លាក់ចុះ។

ការហាមឃាត់រយៈពេលខ្លីលើការនាំចេញប្រេងដូងនេះបានអង្រួនទីផ្សារ និងធ្វើឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់សកលដែលមានស្រាប់ ប៉ុន្តែការហាមឃាត់នេះក៏នាំឱ្យមានការកើនឡើងស្តុកក្នុងស្រុកផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕