(ភ្នំពេញ)៖ អាចចាក់ទុកថាជាឱកាសល្អ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលប្រកបបរធ្វើប្រហុក ផ្អក អាចបញ្ចេញស្នាដៃឲ្យសាធារណជន បានស្គាល់ផង និងទាញយកផលចំណេញផ្នែកសេដ្ឋកិច្ចសម្រាប់ខ្លួនឯង និងសហគមន៍ផង ដោយសារតែក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងរៀបចំនូវការប្រកួតប្រជែង ធ្វើប្រហុក ផ្អក ដើម្បីរកម្ចាស់ជ័យលាភី ដែលមានស្នាដៃធ្វើ ប្រហុក ផ្អក ឆ្ងាញ់ជាងគេ។

ថ្លែងក្នុងឱកាសចុះពិនិត្យសកម្មភាព ការប្រមូលផលនេសាទ និងសកម្មភាពធ្វើត្រីប្រហុក របស់ប្រជាជន ក្នុងភូមិសាស្ត្រស្រុកពញាឮ ខេត្តកណ្ដាល នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មបានថ្លែងថា លោកគ្រោងនឹងរៀបចំការប្រកួតប្រជែង ការធ្វើប្រហុក ផ្អក នេះ នៅរដូវប្រមូលផលខាងមុខ។

លោកបន្ថែមថា នៅពេលរកឃើញអ្នកពូកែ និងធ្វើប្រហុក ផ្អក ឆ្ងាញ់ហើយ អាចនឹងមានការរៀបចំដាក់ដេញថ្លៃ ដើម្បីលក់ផលិតផលនោះ ទៅដល់អ្នកប្រើប្រាស់ និងទៅតាមភោជនីយដ្ឋានល្បីៗផងដែរ។

លោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះការធ្វើប្រហុក ធ្វើផ្អក ក៏ជាចំណុចល្អដែរ ពេលខ្លះមានកន្លែងមួយចំនួន ដែលគាត់មានបច្ចេកទេសធ្វើល្អ ប្រហុក ធ្វើឆ្ងាញ់ជាងគេ ខ្ញុំគិតថា ប្រហែលជារដូវខាងមុខនេះ ខ្ញុំនឹងរៀបចំឲ្យមានការប្រកួតប្រជែង ប្រឡងប្រណាំងធ្វើប្រហុក ផ្អក ឲ្យយើងស្គាល់ភូមិណាដែលពូកែធ្វើប្រហុកជាងគេ ភូមិណាពូកែធ្វើផ្អកឆ្ងាញ់ជាងគេ ហើយប្រហែលជាអាចដាក់ឲ្យមានការដេញថ្លៃ សម្រាប់អ្នកចង់បាន ផ្អក ប្រហុក ដែលឆ្ងាញ់យកទៅហូប ហើយហាងធំៗ គាត់អាចដេញថ្លៃយកទៅប្រើប្រាស់ ក្នុងហាងរបស់គាត់»

ជាមួយគ្នានេះ​ លោករដ្ឋមន្ត្រីក៏បានជំរុញបងប្អូន ប្រជាពលរដ្ឋពិចារណាលើការកែច្នៃត្រីប្រហុក ប្រសិនបើអាចកែច្នៃទៅជាអ្វីផ្សេង ទទួលបានផលចំណូលច្រើនជាងការធ្វើប្រហុក គួរតែពិចារណាកែច្នៃ។

សូមជម្រាបថា នៅឆ្នាំនេះត្រីប្រហុកមានផលច្រើនជាងឆ្នាំកន្លងទៅ ដោយសារឆ្នាំនេះទឹកធំ ហើយសកម្មភាពបង្ក្រាបទបល្មើសនេសាទ នៅបឹងទន្លេសាបបានល្អ ដែលហុចផលដល់ផលត្រី ហើយតម្លៃត្រីប្រហុកក៏ធូរថ្លៃជាងពេលមុនផងដែរ៕