(ប៉េកាំង)៖ ក្រសួងហិរញ្ញវត្ថុចិនបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិននឹងកែសម្រួលពន្ធនាំចូល និងនាំចេញលើទំនិញមួយចំនួនចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ តទៅ ដើម្បីបង្កើនល្បឿនការអភិវឌ្ឍ និងជំរុញតម្រូវការក្នុងស្រុក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុចិនថា ពន្ធនាំចេញលើអាលុយមីញ៉ូម និងលោហៈលាយអាលុយមីញ៉ូម (aluminium alloys) នឹងត្រូវដំឡើង។

ក្រសួងហិរញ្ញវត្ថុបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ពន្ធនាំចូលបច្ចុប្បន្ននឹងបន្តអនុវត្តលើធ្យូងថ្មចំនួនប្រាំពីរប្រភេទរហូតដល់ថ្ងៃទី៣១ ខែមីនាឆ្នាំក្រោយ ហើយអត្រាពន្ធនានានឹងត្រូវបានអនុវត្តសម្រាប់ប្រទេសដែលអនុគ្រោះបំផុតចាប់ពីថ្ងៃទី១ ខែមេសា។

ខណៈដែលសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះកំពុងទប់ទល់នឹងការកើនឡើងនៃការឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីបានដកចេញវិធានការទប់ស្កាត់ជំងឺកូវីដដ៏តឹងរ៉ឹង ទីក្រុងប៉េកាំងនឹងកំណត់ពន្ធរហូតដល់អត្រាសូន្យភាគរយលើគ្រឿងផ្សំសម្រាប់ឱសថមួយចំនួនសម្រាប់ប្រឆាំងកូវីដ ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុដល់អ្នកជំងឺ។

ក្រុមអ្នកបង្កើតគោលនយោបាយបានសន្យាថានឹងចាត់វិធានការដើម្បីបង្កើនតម្រូវការក្នុងស្រុក និងផ្តល់អាទិភាពដល់ការស្ទុះងើបឡើងវិញនៃការប្រើប្រាស់នៅពេលប្រឈមនឹងសម្ពាធពីការធ្លាក់ចុះតម្រូវការ បញ្ហាផ្គត់ផ្គង់ និងការរំពឹងខ្សោយ។ នេះបើយោងតាមសន្និសីទស្តីពីការងារសេដ្ឋកិច្ចមជ្ឈឹមប្រចាំឆ្នាំ។

គណៈកម្មាការពន្ធគយចិនបានឱ្យដឹងថា ដើម្បីបំពេញតាមតម្រូវការរបស់អ្នកទិញទំនិញ ពន្ធនាំចូលនឹងត្រូវបានបន្ទាបបន្ថែមទៀតលើក្រុមហ៊ុនផលិតកាហ្វេ និងក្រុមហ៊ុនផលិតទឹកផ្លែឈើ។

នៅពេលដែលមានកើនឡើងការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកលើបញ្ហាបច្ចេកវិទ្យា ប្រទេសចិនបានសម្រេចចិត្តកាត់បន្ថយពន្ធបន្ថែមទៀតសម្រាប់ប្រទេសអនុគ្រោះបំផុតលើផលិតផលបច្ចេកវិទ្យាព័ត៌មានចំនួន ៦២ប្រភេទចាប់ពីថ្ងៃទី១ ខែកក្កដាឆ្នាំក្រោយទៅ។

ជំហាននេះនឹងកាត់បន្ថយពន្ធសរុបរបស់ចិនមកនៅត្រឹម ៧,៣ ភាគរយពី ៧,៤ភាគរយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕