(បាងកក)៖ ធនាគារកណ្តាលថៃបានឱ្យដឹងនៅសប្តាហ៍នេះថា សេដ្ឋកិច្ចរបស់ប្រទេសថៃនៅតែស្ថិតនៅលើផ្លូវស្ទុះងើបឡើងវិញក្នុងខែវិច្ឆិកា ដែលជំរុញដោយការកើនឡើងនៃវិស័យទេសចរណ៍ និងការប្រើប្រាស់ក្នុងស្រុក ខណៈការនាំចេញបានធ្លាក់ចុះស្របពេលដែលតម្រូវការពិភពលោកបានថមថយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា យោងតាមធនាគារកណ្តាលថៃ (BOT) សកម្មភាពសេដ្ឋកិច្ចទំនងជានឹងងើបឡើងវិញបន្ថែមទៀត ខណៈដែលវិស័យទេសចរណ៍ដ៏សំខាន់បានកើនសន្ទុះ ហើយធនាគារកណ្តាលមួយនេះនឹងតាមដានមើលការធ្លាក់ចុះនៃតម្រូវការសកល ការកើនឡើងតម្លៃ និងការបើកព្រំដែនរបស់ប្រទេសចិនឡើងវិញ។

លោកស្រី Chayawadee Chai-Anant ជំនួយការអភិបាលធនាគារកណ្តាលថៃបានប្រាប់សន្និសីទសារព័ត៌មានមួយថា ការបើកចំហរប្រទេសឡើងវិញរបស់ប្រទេសចិនគួរតែជួយដល់វិស័យទេសចរណ៍របស់ប្រទេសថៃក្នុងឆ្នាំ២០២៣។ ការព្យាករបច្ចុប្បន្នរបស់ធនាគារកណ្តាលថៃ សម្រាប់ការមកដល់នៃភ្ញៀវទេសចរបរទេសនៅឆ្នាំក្រោយគឺមានចំនួន ២២លាននាក់។

លោកស្រី Chayawadee បានមានប្រសាសន៍ថា៖ «អ្វីដែលយើងបានមើលឃើញគឺនៅតែមានការប្រុងប្រយ័ត្ន ហើយនឹងត្រូវពិនិត្យមើលឡើងវិញនៅឆ្នាំក្រោយ»

យោងតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុបានឱ្យដឹងថា សម្រាប់ឆ្នាំ២០២២ ប្រទេសថៃបានទទួលភ្ញៀវទេសចរបរទេសចំនួន ១១លាននាក់ចាប់តាំងពីដើមឆ្នាំនេះ ដែលលើសពីការព្យាកររបស់ធនាគារកណ្តាលថៃដែលថាមាន ១០,៥លាននាក់។

នៅក្នុងខែវិច្ឆិកា ឆ្នាំនេះ ធនាគារកណ្តាលបានព្យាករថា សេដ្ឋកិច្ចថៃនឹងកើនឡើង ២,៣ភាគរយនៅឆ្នាំនេះ និង ៣,៧ភាគរយនៅឆ្នាំ២០២៣ ដែលជំរុញដោយការប្រើប្រាស់ឯកជន និងទេសចរណ៍។

លោកស្រី Chayawadee បន្តថា ទោះជាយ៉ាងណា សេដ្ឋកិច្ចធំជាងគេទីពីររបស់អាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងតម្រូវការពិភពលោកយឺតជាងការរំពឹងទុក។

ធនាគារកណ្តាលថៃបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការនាំចេញដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចបានធ្លាក់ចុះ ៥,៥ភាគរយនៅខែវិច្ឆិកា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយប្រទេសថៃបានកត់ត្រាឱនភាពគណនីចរន្តចំនួន ០,៤ពាន់លានដុល្លារនៅក្នុងខែវិច្ឆិកា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕