(បាងកក)៖ ប្រទេសថៃកំពុងទទួលបានលំហូរភ្ញៀវទេសចររុស្ស៊ី ដោយទិន្នន័យបង្ហាញពីកំណើនទ្វេដងនៃការមកដល់ប្រចាំខែក្នុងខែវិច្ឆិកា និងកើនឡើងជិតប្រាំពីរដងធៀបនឹងខែកញ្ញា ដែលកើនលើសឆ្ងាយបើធៀបនឹងប្រទេសផ្សេងទៀតនៅក្នុងរដូវកាលធ្វើដំណើរខ្ពស់បំផុតនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសថៃកំពុងមើលឃើញការរីកចម្រើនផ្នែកទេសចរណ៍ដោយមានអ្នកទស្សនាចំនួន ១,៧៥លាននាក់ក្នុងខែវិច្ឆិកាស្មើនឹងបួនដងនៃចំនួនដែលទទួលបានសម្រាប់ពេញមួយឆ្នាំ២០២១ នៅពេលដែលជើងហោះហើរ និងការមកដល់របស់ភ្ញៀវទេសចរបរទេសត្រូវបានរារាំងដោយសារជំងឺរាតត្បាត។

ប្រទេសរុស្ស៊ីគឺជាទីផ្សារទេសចរណ៍ធំជាងគេទី៧ របស់ប្រទេសថៃក្នុងឆ្នាំ២០១៩ មុនពេលមានជំងឺរាតត្បាត ដែលមានអ្នកទស្សនាចំនួន ១,៤៨លាននាក់ ប៉ុន្តែបើគិតពីចំនួនប្រចាំខែវិញប្រទេសនេះជាប់ចំណាត់ថ្នាក់ទី៨ នៅក្នុងខែវិច្ឆិកា ស្ថិតនៅពីក្រោយប្រទេសម៉ាឡេស៊ី និងឥណ្ឌា ដែលមានភ្ញៀវចំនួន ១០៨ ៩៨៥នាក់ កើនឡើងពីចំនួន ៤៤ ៣១៤នៅក្នុងខែតុលា និង ១៥ ៩០០ក្នុងខែកញ្ញា។

ការមកដល់របស់ជនជាតិរុស្ស៊ីក្នុងខែវិច្ឆិកា មានប្រហែល ៦០% នៃចំនួនសរុបដែលបានមកទស្សនាប្រទេសក្នុងខែដូចគ្នាក្នុងឆ្នាំ២០១៩។

លោក Stuart Reading អគ្គនាយករងនៃក្រុមហ៊ុន Laguna Resorts and Hotels បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «ឆ្នាំនេះយើងបានឃើញទីផ្សាររុស្ស៊ីត្រឡប់មកវិញ ជាពិសេសបន្ទាប់ពីជម្លោះនៅអ៊ុយក្រែន»

លោកបានបន្ថែមថា ការឡើងថ្លៃរូបិយប័ណ្ណរូប្លធៀបនឹងប្រាក់បាតក៏បានជួយដល់កំណើននេះផងដែរដូចជាក្រុមហ៊ុនរបស់លោកបានជួលបុគ្គលិកនិយាយភាសារុស្សីមួយចំនួន។ លោក Reading បានបន្តថា អ្នកធ្វើដំណើរជនជាតិរុស្ស៊ីមានទំនោរស្នាក់នៅយូរជាងជនជាតិអផ្សេងទៀត ពោលគឺពី ៧ ទៅ ១០ យប់៕