(សិង្ហបុរី)៖ តម្លៃប្រេងបានធ្លាក់ចុះថ្លៃកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលការកើនឡើងករណីជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិនបានប៉ះពាល់ដល់ក្តីសង្ឃឹមនៃការស្ទុះងើបតម្រូវការប្រេងឥន្ធនៈឡើងវិញសម្រាប់ប្រទេសអ្នកនាំចូលប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃប្រេងឆៅប្រភេទ Brent សម្រាប់កិច្ចសន្យាអនាគតចែកចាយនៅខែកុម្ភៈបានធ្លាក់ចុះ ៧៩សេន ឬ ១ភាគរយមកនៅត្រឹម ៨២,៤៧ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ WTI របស់អាមេរិកបានធ្លាក់ចុះ ៨០សេន ឬ ១ភាគរយមកនៅត្រឹម ៧៨,១៦ដុល្លារក្នុងមួយបារ៉ែល។

ទំហំនៃការផ្ទុះជំងឺចុងក្រោយបំផុត និងការសង្ស័យចំពោះទិន្នន័យឆ្លងផ្លូវការបានជំរុញឱ្យប្រទេសមួយចំនួនអនុម័តច្បាប់ធ្វើដំណើរថ្មីលើភ្ញៀវទេសចរជនជាតិចិន សូម្បីតែនៅពេលដែលប្រទេសចិនបានចាប់ផ្តើមលុបចោលវិធានការបិទខ្ទប់ដ៏តឹងរ៉ឹងបំផុត និងការធ្វើតេស្តជំងឺកូវីដ-១៩ សម្រាប់អ្នកចូលក្នុងប្រទេសចិនក៏ដោយ។

លោក Jun Rong Yeap អ្នកយុទ្ធសាស្រ្តទីផ្សារនៅក្រុមហ៊ុន IG បានថ្លែងថា៖ «ការខ្វះភាពច្បាស់លាស់អំពីស្ថានភាពឆ្លងជំងឺនៅក្នុងប្រទេសចិនបានជំរុញឱ្យមានច្បាប់ធ្វើដំណើរថ្មីមួយចំនួនពីប្រទេសផ្សេងៗ ដែលអាចបង្កផលប៉ះពាល់ដល់ភាពសុទិដ្ឋិនិយមដែលមាននាពេលកន្លងមក»

ទីផ្សារប្រេងក៏រងប៉ះពាល់ពីការរំពឹងទុកនៃការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិកផងដែរ ដោយសារតែធនាគារកណ្តាលអាមេរិកព្យាយាមទប់ស្កាត់កំណើនតម្លៃទំនិញប្រើប្រាស់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕