(ភ្នំពេញ)៖ ផ្ទះសំណាក់ សណ្ឋាគារ ផ្ទះលំហែកាយ និងបឹងកាឡូ តាមបណ្ដាខេត្តគោលដៅទេសចរណ៍ធំៗ ទទួលបានការកក់រហូតដល់ជាង៩០ភាគរយ ពីភ្ញៀវទេសចរជាតិ និងអន្ដរជាតិ សម្រាប់ថ្ងៃឆ្លងឆ្នាំសកល ២០២៣។

លោក គឹម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មការស្នាក់នៅ និងម្ហូបអាហារនៃក្រសួងទេសចរណ៍ បានថ្លែងឲ្យដឹងថា បណ្ដាខេត្តគោលដៅទេសចរណ៍ធំៗ ដូចជាខេត្តសៀមរាប ព្រះសីហនុ កំពត កែប មណ្ឌលគីរី ជាដើម មានការកក់សណ្ឋាគារផ្ទះសំណាក់ បឹងកាឡូ ផ្ទះលំហែកាយសម្រាប់ស្នាក់ នៅប្រមាណជា៨០ភាគរយហើយ គិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ លោក គឹម សេរីរដ្ឋ បានបញ្ជាក់ថា ការកក់នឹងមានជាបន្ដបន្ទាប់នៅថ្ងៃទី៣១ ខែធ្នូ ចំពោះផ្ទះសំណាក់ សណ្ឋាគារ បឹងកាឡូ ផ្ទះលំហែកាយ តាមបណ្ដាខេត្តនីមួយៗ អាចបំពេញតម្រូវការដល់អតិថិជនគ្រប់គ្រាន់ ដោយសារតែគ្រប់សណ្ឋាគារ ផ្ទះសំណាក់ជាច្រើនសុទ្ធសឹងតែមានបន្ទប់បម្រុងទុក សម្រាប់ទទួលអតិថិជន នៅពេលមានតម្រូវការកើនឡើង។

លោកបានបន្ដថា ជាធម្មតារដូវបុណ្យទាន តែងតែមានការដំឡើងថ្លៃបន្ដិចបន្ទួច លើបន្ទប់ផ្ទះសំណាក់ សណ្ឋាគារ ប៉ុន្ដែការដំឡើងក្នុងកម្រិតតិចតួចចន្លោះពី១០-១៥ភាគរយប៉ុណ្ណោះ ដើម្បីផ្ដល់ជូនបុគ្គលិក ដែលបម្រើការងារជូនអតិថិជន ដែលអត់បានឈប់សម្រាកក្នុងថ្ងៃបុណ្យទាននេះ និងសម្រាប់ទុកលើការចំណាយផ្ទាល់ភ្លាមៗ ដោយសារតែមានការកក់ភ្លាមៗពីអតិថិជន ចំពោះការដំឡើងបន្ដិចបន្ដួចនេះ អតិថិជនអាចទទួលយកបាន និងយល់ស្របពីហេតុផលនៃការដំឡើងថ្លៃ។

លោកបានបន្ដថា ផ្ទះលំហែកាយ បឹងកាឡូ បានទទួលការកកច្រើនជាងគេ ដោយសារតែវាបានផ្ដល់ភាពងាយស្រួល និងចំគោលដៅនៃកន្លែងកំសាន្ដ បន្ដបន្ទាប់គឺផ្ទះសំណាក់ និងសណ្ឋាគារ។

លោកបានបញ្ជាក់ថា ក្នុងនាមក្រសួងទេសចរណ៍ នាពេលកន្លងមកបានបន្ដចុះណែនាំ ក្រើនរំលឹកដល់ប្រជាពលរដ្ឋ អាជីវករ បម្រើសេវាកម្មដល់អតិថិជនបានកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា ក្រសួងទេសចរណ៍នាពេលកន្លងមក ក៏បានដាក់ចេញសារាចរ ពង្រឹងគុណភាពផលិតផលទេសចរណ៍ និងការគ្រប់គ្រងចរន្តភ្ញៀវទេសចរ នាឱកាសពិធីបុណ្យឆ្លងឆ្នាំសាកលនេះផងដែរ។

លោក នួន ច័ន្ទតារា នាយកគ្រប់គ្រងសណ្ឋាគារ ស្តារី អង្គរ នៅខេត្តសៀមរាបបានថ្លែងថា សណ្ឋាគារ ស្តារី អង្គរ សម្រាប់ថ្ងៃនេះ មានការកក់ចំនួន៥០ភាគរយហើយ ប៉ុន្ដែនៅថ្ងៃទី៣១ ខែធ្នូស្អែកនេះ ដែលជាថ្ងៃឆ្លងឆ្នាំនឹងមានការកក់រហូតដល់ ៨៥-៩០ភាគរយ។

លោកបានបន្ដថា ដោយឡែកចំពោះតម្លៃវិញ សម្រាប់សណ្ឋាគារ ស្តារី បូកបញ្ចូលតម្លៃបន្ថែមតែ ១០-១៥ភាគរយប៉ុណ្ណោះ ពុំមានការឡើងតម្លៃគុណនឹង២ឡើយ។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា​ សម្រាប់រយៈពេល១១ខែ ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរជាតិចំនួនប្រមាណ ១១.៦៤លាននាក់ និងភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ១.៩១លាននាក់។

តាមការព្យាករណ៍ សម្រាប់ពេញមួយឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរជាតិសរុបប្រមាណ១២.៥-១៣លាននាក់ លើសពីផែនការដែលបានកំណត់ ក្នុងផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ ខណៈដែលភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងដល់ប្រមាណ ​២.២លាននាក់ ក្នុងឆ្នាំ២០២២នេះ៕