(ភ្នំពេញ)៖ ការផលិតអំបិលកំពត នឹងត្រូវប្រមូលផល នៅដើមខែកម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ ខណៈកម្ពុជាបានផ្អាកទាំងស្រុង លើការនាំចូលអំបិល ពីទីផ្សារអន្ដរជាតិមកផ្គត់ផ្គង់ តម្រូវការក្នុងស្រុក។

គិតរហូតមកដល់ពេលនេះកម្ពុជា បាននាំចូលអំបិលប្រមាណជា៣ម៉ឺនតោនពីប្រទេសឥណ្ឌា ដើម្បីមកបំពេញតម្រូវការក្នុងស្រុក។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ លោក ប៊ុន បារាំង អ្នកផលិតអំបិលបានបញ្ជាក់ថា «តាមគម្រោងការនាំចូលអំបិល នឹងត្រូវនាំចូលប្រមាណ៦ម៉ឺនតោន ដើម្បីបំពេញតម្រូវការទីផ្សារ តែមកដល់ពេលនេះកម្ពុជា បាននាំចូលអំបិលប្រមាណជា ៣ម៉ឺនតោនប៉ុណ្ណោះ ចំពោះបរិមាណ៣ម៉ឺនតោនេះ ក៏ត្រូវបានផ្អាកការនាំចូលផងដែរ ដោយសារតែយើងកំពុងលក់ចេញ និងរង់ចាំការប្រមូលផលអំបិលកំពត»។

លោកបានបន្ដថា អំបិលកំពតនឹងត្រូវប្រមូលផល អំឡុងខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងករណីដែលអាកាសធាតុអំណោយផល ប៉ុន្ដែការប្រមូលផលក៏មិនទទួលបានផលច្រើនដែរ ព្រោះថារហូតមកដល់ពេលនេះ អំបិលពុំទាន់ទទួលផលនៅឡើយ ការធ្វើអំបិលទៀតសោត ក៏ពឹងទាំងស្រុងលើអាកាសធាតុ ប្រសិនបើអាកាសធាតុមិនអំណោយផលទេ បរិមាណទទួលបានក៏ទៅតាមនោះដែរ។

លោកបានបន្ថែមថា ការផ្គត់ផ្គង់អំបិលមានប្រមាណ ៧-១០ម៉ឺនតោនក្នុងមួយឆ្នាំ។ ចំណែកការផលិតអំបិលនាឆ្នាំកន្លងទៅ ផលិតបានរហូតដល់ ១០ម៉ឺនតោនក៏មាន ប៉ុន្ដែរយៈពេល ២-៣ឆ្នាំចុងក្រោយនេះ ការផលិតអំបិលហាក់មិនទទួលបានផលច្រើននោះទេ ដោយសារបញ្ហាអាកាសធាតុ មេឃធ្លាក់ភ្លៀងច្រើន ដូច្នេះការផលិតបានត្រឹមតែ ៣-៥ម៉ឺនតោនប៉ុណ្ណោះ ជាហេតុមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់ និងតម្រូវឲ្យមានការនាំចូលអំបិលពីបរទេស។

សូមជម្រាបថា ដោយសារតែបញ្ហាអាកាសធាតុ បណ្ដាលឲ្យការផលិតអំបិលឆ្នាំ២០២២ ទទួលបានទិន្និផលតិចតួច បើធៀបនឹងឆ្នាំ២០២១ ដោយការផលិតបាន ៣ម៉ឺនតោនប៉ុណ្ណោះ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា សម្រេចឲ្យមានការនាំចូលអំបិល ដើម្បីមកបំពេញតម្រូវការ ក្នុងស្រុកប្រមាណជា ៦ម៉ឺនតោន។

ខេត្តកំពត និងខេត្តកែប ជាទីតាំងផលិតអបិលនៅកម្ពុជា ដោយអំបិលចាប់ផ្ដើមផលិតនៅចុងខែធ្នូ រហូតដល់ខែឧសភា ចំណែកផ្ទៃដីសម្រាប់ផលិតអំបិលវិញ គិតនៅក្នុងខេត្តកំពត មានចំនួន ៣ ៧២៦ហិចតា។ កាលពីឆ្នាំ២០១៩ កន្លងទៅ កម្ពុជាបានប្រឈមការខ្វះខាតអំបិល និងបាននាំចូលអំបិលពីប្រទេសចិន ប្រមាណ៣ម៉ឺនតោន។

នៅក្នុងឆ្នាំ២០២១ ផ្ទៃដីដែលបានផលិតអំបិលមានទំហំ ២ ៨៥៧.២៣ហិចតា ផលិតបានសរុបចំនួន ៦៨ ៦៨២ តោន៕