(ភ្នំពេញ)៖ របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២២នេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានផ្ដល់ឥណទានដល់វិស័យផ្សេងៗមានទឹកប្រាក់ជាង ៥៥ពាន់លានដុល្លារ។​

យោងតាមរបាយការណ៍បញ្ជាក់ថា ត្រឹមខែតុលា ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានផ្ដល់ឥណទាន មាន ៣៨ ៣៧៤ប៊ីលានរៀល ស្មើនឹងជាង ៩.២៨ពាន់លានដុល្លារ ផ្ដល់ដល់អតិថិជនចំនួន ២ ១១១ ៥៥២នាក់។ ចំណែកគ្រឹះស្ថានធនាគារ បានផ្ដល់ឥណទានមានចំនួន ១៩១ ៦០៤ ប៊ីលានរៀល ស្មើនឹង៤៦ពាន់លានដុល្លារ។

ឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារហត្ថា បានថ្លែងថា ចំពោះធនាគារហត្ថាកសិករ ការផ្ដល់ឥណទានលើវិស័យនានា មានការកើនឡើងគួរឲ្យកត់សំគាល់ ដោយមានកំណើនប្រមាណ ២០ភាគរយសម្រាប់ឆ្នាំនេះ។

ឧកញ៉ាបន្ដថា វិស័យដែលត្រូវបានផ្ដល់ឥណទានច្រើនជាងគេ គឺវិស័យកសិកម្ម ព្រោះវិស័យនេះមានស្ថិរភាពនាពេលបច្ចុប្បន្ន និងជាវិស័យដែលជួយជំរុញវិស័យសេដ្ឋកិច្ចបានមួយចំនួន ព្រមទាំងជាវិស័យដែលអាចផ្ដល់ការងារ ដល់ប្រជាពលរដ្ឋបានច្រើន៕