(សេអ៊ូល)៖ ទិន្នន័យរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងបានបង្ហាញកាលពីថ្ងៃអង្គារថា ការវិនិយោគផ្ទាល់នៅបរទេសរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៦ត្រីមាសក្នុងត្រីមាសទីបីឆ្នាំនេះ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូងថា ការវិនិយោគផ្ទាល់នៅបរទេសតាមរយៈការទិញភាគហ៊ុនបរទេស ឬការបង្កើតការិយាល័យបរទេសមានចំនួន ១៦,៦១ពាន់លានដុល្លារអាមេរិកក្នុងត្រីមាសទី៣ ពោលគឺធ្លាក់ចុះ ៥ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នេះជាការធ្លាក់ចុះលើកដំបូងក្នុង ៦ត្រីមាសគិតចាប់តាំងពីត្រីមាសទី១ ឆ្នាំ២០២១ មក ដោយសារការកើនឡើងភាពមិនប្រាកដប្រជាក្នុងប្រទេស និងក្រៅប្រទេស ដែលបណ្តាលមកពីការដំឡើងអត្រាការប្រាក់យ៉ាងឆាប់រហ័សនៅក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំៗ។

ទីភ្នាក់ងារព័ត៌មានស៊ិនហួបានរាយការណ៍ថា ការវិនិយោគផ្ទាល់របស់កូរេខាងត្បូងនៅទ្វីបអាមេរិកខាងជើង និងអាស៊ីបានធ្លាក់ចុះជាពីរខ្ទង់មកត្រឹម ៦,៤៤ពាន់លានដុល្លារ និង ៣,៥៨ពាន់លានដុល្លាររៀងគ្នា ប៉ុន្តែការវិនិយោគនៅអឺរ៉ុបបានកើនឡើង ៥៨,៧ភាគរយដល់ ៣,៣៦ពាន់លានដុល្លារ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូងបានឱ្យដឹងទៀតថា ការវិនិយោគនៅក្រៅប្រទេសក្នុងវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រង និងឧស្សាហកម្មផលិតកម្មបានកើនឡើងដល់ ៧,៥៨ពាន់លានដុល្លារ និង ៤,១៧ពាន់លានដុល្លាររៀងគ្នា ប៉ុន្តែការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅក្រៅប្រទេសបានធ្លាក់ចុះ ៤៤,៩ ភាគរយដល់ ១,២៧ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ៕