(តូក្យូ)៖ ប្រទេសជប៉ុននឹងតម្រូវឱ្យមានលទ្ធផលតេស្តកូវីដអវិជ្ជមានសម្រាប់អ្នកធ្វើដំណើរមកពីប្រទេសចិន ខណៈដែលប្រទេសមានប្រជាជន ១,៤ពាន់លាននាក់នេះបើកចំហរព្រំដែនរបស់ខ្លួនឡើងវិញចាប់ពីថ្ងៃទី៨ ខែមករា និងលុបចោលគោលនយោបាយកូវីដសូន្យរបស់ខ្លួនល្បឿនជាងកាលកំណត់។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ខណៈថ្លែងទៅកាន់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូកាលពីថ្ងៃអង្គារថាគោលនយោបាយនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី៣០ ខែធ្នូ។ លោកបាននិយាយថា អ្នកដែលស្ថិតនៅក្នុងប្រទេសចិនដីគោកក្នុងរយៈពេលប្រាំពីរថ្ងៃ នឹងត្រូវតម្រូវឱ្យធ្វើតេស្តនៅពេលមកដល់។

លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា អ្នកដែលធ្វើតេស្តវិជ្ជមាននឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេលមួយសប្តាហ៍។

ប្រទេសចិនកំពុងងើបចេញពីការបិទខ្ទប់ដោយខ្លួនឯងរយៈពេលបីឆ្នាំក្រោមគោលនយោបាយកូវីដសូន្យ ដែលបានប៉ះពាល់ដល់សេដ្ឋកិច្ច និងបានបង្កឱ្យមានការមិនសប្បាយចិត្តជាសាធារណៈ។ អ្នកធ្វើដំណើរទៅកាន់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកមួយនេះនឹងមិនត្រូវបានតម្រូវឱ្យដាក់នៅដាច់ពីគេទៀតទេ និងត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសនេះបើមានលទ្ធផលតេស្តកូវីដអវិជ្ជមាន ពោលគឺជាជំហានមួយដែលត្រូវបានគេមើលឃើញថាជាការបើកចំហរព្រំដែនប្រកបដោយប្រសិទ្ធភាពដែលអាចនាំឱ្យមានការជំរុញការធ្វើដំណើរទៅក្រៅប្រទេសផងដែរ។

ដោយសំដៅដល់ប្រទេសចិន លោក Kishida បានមានប្រសាសន៍ថា៖ «មានភាពមិនស្របគ្នាយ៉ាងខ្លាំងរវាងព័ត៌មានអំពីការឆ្លងនៅរដ្ឋបាលភិបាលកណ្តាល និងមូលដ្ឋាន ក៏ដូចជារដ្ឋាភិបាល និងវិស័យឯកជន ដូច្នេះវាពិបាកក្នុងការយល់លម្អិតអំពីស្ថានភាពនេះ។ មានការព្រួយបារម្ភបារម្ភកាន់តែខ្លាំងឡើងនៅក្នុងប្រទេសជប៉ុនផងដែរ»។

លោកបានបន្ថែមថា គោលបំណងនៃការរឹតបន្តឹងនេះគឺដើម្បីការពាររលកនៃការឆ្លងចូលប្រទេសជប៉ុន ហើយកិច្ចខិតខំប្រឹងប្រែងនឹងត្រូវបានធ្វើឡើងដើម្បីធានាថា ច្បាប់មិនរារាំងលំហូរប្រជាជនរវាងប្រទេសទាំងនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕