(ម៉ូស្គូ)៖ ឧបនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Alexander Novak បានឱ្យដឹងថា ប្រទេសរុស្ស៊ីអាចនឹងបង្កើនការនាំចេញប្រេងឆៅរបស់ខ្លួន ប្រសិនបើការហាមឃាត់សហភាពអឺរ៉ុបលើការនាំចូលប្រេងឥន្ធនៈរបស់ប្រទេសនេះ បង្កឱ្យទិន្នផលចម្រាញ់ប្រេងធ្លាក់ចុះទាប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីលោក Novak ខណៈថ្លែង ក្នុងបទសម្ភាសមួយជាមួយទីភ្នាក់ងារព័ត៌មាន Tass របស់រុស្ស៊ីថា៖ «ប្រសិនបើមានបញ្ហាជាមួយនឹងការលក់ផលិតផលប្រេង ការនាំចេញប្រេងបន្ថែមអាចធ្វើងឡើងជំនួសការចម្រាញ់ប្រេងក្នុងកម្រិតណាមួយ» ។ លោកបានបន្តថា វានៅតែមានលទ្ធភាពដែលការហាមឃាត់របស់សហភាពអឺរ៉ុបនឹងមិនប៉ះពាល់ដល់ការចម្រាញ់ប្រេងរបស់រុស្ស៊ីទាល់តែសោះ។

ការហាមប្រាមរបស់សហភាពអឺរ៉ុបលើការនាំចូលផលិតផលប្រេងពីរុស្សី ចូលជាធរមានចាប់ពីថ្ងៃទី៥ ខែកុម្ភៈ ហើយស្ថិតនៅអាទិភាពកំពូលនៃការរឹតបន្តឹងការនាំចូលប្រេងឆៅដែលបានដាក់តាំងពីដើមខែធ្នូមក។

លោក Novak បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីនឹងផលិតប្រេងយ៉ាងហោចណាស់ពី ៤៩០ លានទៅ ៥០០លានតោននៅឆ្នាំក្រោយ។ បរិមាណនេះស្មើនឹងប្រហែល ៩,៨៤លានទៅ ១០,០៤លានបារ៉ែលក្នុងមួយថ្ងៃ ដោយផ្អែកលើអនុបាត ៧,៣៣បារ៉ែលក្នុងមួយតោន។

លោក Novak បានឱ្យដឹងកាលពីថ្ងៃសុក្រនៅក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍ Rossiya-24 ថា នៅឆ្នាំនេះប្រទេសរុស្ស៊ីអាចផលិតប្រេងបាន ៥៣៥លានតោន។ នេះបើយោតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕