(ហូជីមិញ)៖ តម្លៃមាសនៅក្រុមហ៊ុន Saigon Jewelry Holding Co របស់ប្រទេសវៀតណាមបានកើនឡើង ០,៧៤% ដល់ ៦៧លានដុង (២ ៨៣៧,១៨ដុល្លារ) ក្នុងមួយតម្លឹង កាលពីថ្ងៃចន្ទ តែតម្លៃចិញ្ចៀនមាសបានធ្លាក់ចុះ ០,៧៤% មកនៅត្រឹម ៥៣,៨៥លានដុង (២២៥១,២៥) ក្នុងមួយតម្លឹង (៣៧,៥ក្រាម)។ នេះបើយោងតាមកាសែត VN Express។

កាសែត VN Express បានរាយការណ៍ដោយដកស្រង់ យោងតាមក្រុមប្រឹក្សាមាសពិភពលោកបានឱ្យដឹងថា ការប្រើប្រាស់មាសនៅប្រទេសវៀតណាមបានកើនឡើងដល់ ៤៥,៦តោនក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២២ ធៀបនឹង ៤៥ តោនក្នុងអំឡុងពេលដូចគ្នានៅក្នុងឆ្នាំ២០១៩ មុនពេលមានការរាតត្បាតកូវីដ-១៩។

ក្រុមប្រឹក្សាមាសពិភពលោកបានបន្ថែមថា នៅក្នុងត្រីមាសទី៣ ឆ្នាំនេះ តម្រូវការមាសរបស់ប្រទេសវៀតណាមកើនឡើងជាងបីដងដល់ ១២តោនពោលគឺកើនឡើងពី ៣,៣តោនកាលពីឆ្នាំមុន។

តម្លៃមាសសកលនៅតែមិនប្រែប្រួលនៅថ្ងៃចន្ទ ដោយសារទីផ្សារភាគច្រើនបានបិទសម្រាប់ថ្ងៃបុណ្យណូអែល៕