(ភ្នំពេញ)៖ គិតត្រឹមខែតុលា ឆ្នាំ២០២២ ការដាក់ប្រាក់បញ្ញើតាមគ្រឹះស្ថានធនាគារនៅកម្ពុជា មានចំនួន ១៥៣ ០៣៣.៧ ប៊ីលានរៀល ឬប្រមាណ៣៧ប៊ីលានដុល្លារ។ នេះបើយោងតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា។​​​

តាមទិន្នន័យបង្ហាញថា ប្រាក់បញ្ញើជាប្រាក់រៀល​មាន ១០.៧%នៃចំនួនបញ្ញើសរុបដែលស្មើនឹង ១៦ ៤៣១.៥ ប៊ីលានរៀល ឬប្រមាណ ៤ពាន់លានដុល្លារ ក្នុងនោះ​​ប្រាក់បញ្ញើមានកាលកំណត់មានចំនួន ៥១.៤% ប្រាក់បញ្ញើចរន្ត ២៧% ប្រាក់បញ្ញើសន្សំ ២០.១% រួមនឹងផ្សេងៗ ១.៥%។ ​ចំណែក​ប្រាក់បញ្ញើ ជារូបិយប័ណ្ណមានចំនួន ១៣៦ ៦០២.២ប៊ីលានរៀល ឬប្រមាណ ៣៣ពាន់លានដុល្លារ ស្មើនឹង ៨៩.៣% នៃប្រាក់បញ្ញើសរុប​ ក្នុងនោះប្រាក់បញ្ញើមានកាលកំណត់មានចំនួន ៤៩.៣% ប្រាក់បញ្ញើចរន្ត ២០.២% ប្រាក់បញ្ញើសន្សំ ២៩% រួមនឹងផ្សេងៗ ១.៥%។

ធនាគារជាតិបានឱ្យដឹងថា អត្រាការប្រាក់បញ្ញើដែលវាស់ដោយកម្រិតមធ្យម ថ្លឹងតាមទំហំនៃប្រតិបត្តិការធនាគារ ជាប្រាក់រៀលបានកើនឡើង ០.០៩% ដល់អត្រា ០.៨៦% និងអត្រាការប្រាក់ដូចគ្នាជាដុល្លារអាមេរិកបានកើនឡើង ០.២១ ដល់អត្រា ០.៦% ។ ក្នុងអំឡុងពេលនេះដែរ អត្រាការប្រាក់លើប្រាក់កម្ចី ដែលវាស់ដោយកម្រិតមធ្យមថ្លឹងតាមទំហំប្រតិបត្តិការធនាគារ ជាប្រាក់រៀលបានថយចុះ ០.០៨% មកអត្រា ១១.៤៦% និងអត្រាការប្រាក់ដូចគ្នាជាដុល្លារអាមេរិក បានថយចុះ ១.៧០% មកអត្រា ៩.០៥%។

ឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃធនាគារហត្ថា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះថា បន្ទាប់ពីបណ្តាគ្រឹះស្ថានធនាគារ បានដំឡើងអត្រាការប្រាក់បញ្ញើមក ចំនួនអ្នកមកដាក់បញ្ញើបានកើនឡើង គួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ២០២២នេះ ដែលការកើនឡើងភាគច្រើន គឺបញ្ញើជាប្រភេទប្រាក់ដុល្លារ ខណៈប្រាក់រៀលកើនឡើងតិចតួច។

លោកបន្តថា សម្រាប់ធនាគារហត្ថា នៅឆ្នាំ២០២២ ការដាក់ប្រាក់បញ្ញើបានកើនឡើងប្រមាណ២៥% ដោយធនាគារនេះ ផ្តល់នូវអត្រាការប្រាក់ប្រហាក់ប្រហែលគ្នារវាងប្រាក់ដុល្លារ និងប្រាក់រៀល គឺចាប់ពី៨% ទៅ៨.៥% អាស្រ័យលើចំនួនទឹកប្រាក់ និងរយៈពេលនៃការដាក់បញ្ញើ។ ​

លោកបន្ថែមថា «ការដំឡើងអត្រាប្រាក់បញ្ញើជាប្រាក់ដុល្លារ គឺជារឿងមួយល្អ ដែលជួយទប់កុំឱ្យប្រាក់ដុល្លារហូរចេញទៅក្រៅវិញ ពីព្រោះកន្លងមកយើងដឹងហើយថា វិស័យហិរញ្ញវត្ថុយើង យើងបានកៀរគរប្រភពទុនពីក្រៅប្រទេសមកច្រើន ហើយយើងមើលទំនោរនៅក្រៅប្រទេស គឺអត្រាឡើងថ្លៃ យើងមើលទៅទំនោរវាអាចហូរចេញទៅ។ ដូច្នេះហើយ ការដំឡើងអត្រាប្រាក់បញ្ញើនេះយើងអាចទប់ មិនឱ្យថវិកាទាំងអស់នោះវាហូរចេញទៅក្រៅប្រទេស អឹចឹងហើយបានជាយើងឃើញថា កំណើនប្រាក់ដុល្លារ នៅតែមានកំណើនល្អជាធម្មតា»

​កាលពីកន្លងមកគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួន បានប្រកាសដំឡើងអត្រាការប្រាក់បញ្ញីរបស់ខ្លួនឲ្យឡើងខ្ពស់ ដោយក្នុងនោះ សម្រាប់បញ្ញើជាប្រាក់រៀល មានអត្រាជាង៨ភាគរយ និងជាង៧ភាគរយសម្រាប់ប្រាក់ដុល្លារ។ ការដំឡើងអត្រាការប្រាក់បញ្ញើនេះ បណ្តាលមកពីការដំឡើងអត្រាការប្រាក់ របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយអតិផរណា។

លោក កាំង ​តុងងី អ្នកនាំពាក្យសមាគមមីក្រូហិញ្ញវត្ថុកម្ពុជា បានឱ្យដឹងដែរថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២នេះ ​ការប្រាក់បញ្ញើនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទាំង៥ បានកើនឡើងដល់ ៤ ៦៨៦លានដុល្លាសហរដ្ឋអាមេរិកកើនឡើង ២០.១% ធៀបនឹងឆ្នាំមុន ដោយមានអតិថិជនដាក់ប្រាក់បញ្ញើសរុប ២.៦៦លានគណនី៕