(ភ្នំពេញ)៖ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា ផ្លែមៀនស្រស់របស់កម្ពុជា ជាង២,៦០០តោនហើយ ត្រូវបាននាំចេញទៅដល់ប្រទេសចិន។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក វ៉ាង វិនធៀន អញ្ជើញចូលរួម ក្នុងកម្មវិធីប្រគល់-ទទួលវ៉ាក់សាំងការពារជំងឺឆ្លងសត្វ ចំនួន១លានកម្រិត ជាអំណោយរបស់ក្រសួងកសិកម្ម និងកិច្ចការជនបទចិន ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ។

កាលពីថ្ងៃទី២៧ ខែតុលាកន្លងទៅនេះ កម្ពុជា-ចិន បានប្រារព្ធធ្វើពិធីសម្ពោធ ការនាំចេញផ្លែមៀនស្រស់កម្ពុជា ទៅកាន់ប្រទេសចិន ដែលជាការបើកទ្វារសម្រាប់ការនាំចេញ កសិផលរបស់កម្ពុជា ទៅកាន់ប្រទេសចិន។

លោក វ៉ាង វិនធៀន បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃទី២១ ខែធ្នូនេះ ផ្លែមៀនស្រស់របស់កម្ពុជា បាននាំចេញទៅប្រទេសចិន បានជាង ២.៦០០តោន ហើយនៅថ្ងៃទី១២ ខែធ្នូ បានចូលទៅនៅវេទិកាពាណិជ្ជកម្ម អេឡិចត្រូនិចធីម៉ុងដ៏ល្បីរបស់ប្រទេសចិន»

លោក វ៉ាង វិនធៀន បានឲ្យដឹងថា ផ្លែមៀនស្រស់របស់កម្ពុជា បានបង្ហាញខ្លួន នៅផ្ទះរបស់ប្រជាជនចិនជាច្រើនផងដែរ។ លោករំពឹងថា ពោតរសប់កម្ពុជា ក៏នឹងនាំចូលទីផ្សារចិន នៅពេលឆាប់ៗខាងមុខនេះ។

លោកបន្ដថា នៅដើមឆ្នាំថ្មីខាងមុខនេះ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ នឹងមានភាពមមាញឹកខ្លាំង នៅខែមករា។ ភាគីទាំងពីរ នឹងធ្វើការនាំចេញម្រេច ទៅប្រទេសចិន ហើយនៅខែមីនា អ្នកជំនាញក្រុមទី២ នៃគម្រោងផែនការអភិវឌ្ឍកសិកម្មកម្ពុជា ដែលជាជំនួយរបស់ប្រទេសចិន នឹងមកដល់កម្ពុជា ដើម្បីចាប់ផ្តើមការងារ។ ក្រៅពីនេះ ការងារនាំចេញកសិផល ដែលមានគុណភាពល្អប្រសើររបស់កម្ពុជា ដូចជា៖ ផលិតផលត្រចៀកកាំ ផ្លែងដូង នឹងត្រូវអនុវត្តជាបន្តបន្ទាប់ផងដែរ។

មៀនប៉ៃលិនកម្ពុជា បានចាប់ផ្តើមសម្ពោធដាក់លក់ នៅលើទីផ្សារអនឡាញរបស់ Alibaba Group កាលពីថ្ងៃពី១២ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហាន់ចូវ ខេត្តជឺជាំង ប្រទេសចិន ដែលទីក្រុងនេះ គឺជាកន្លែងបោះដុំផ្លែឈើដ៏ធំមួយ នៅក្នុងប្រទេសចិន ដោយសារមៀនប៉ៃលិន គោរពតាមបទដ្ឋានភូតគាមអនាម័យ មានស្តង់ដារសុវត្ថិភាព ស្របពេលកម្ពុជាមានកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាមួយចិន។

តាមរយៈទីផ្សារនេះ នឹងផ្តល់ប្រយោជន៍កាន់តែច្រើនដល់កសិករខ្មែរ ខណៈក្រុមហ៊ុន Alibaba Group មានគម្រោងនាំចូលផ្លែមៀនប៉ៃលិនពីកម្ពុជា ក្នុងមួយឆ្នាំចំនួន២ម៉ឺនតោន។

សូមបញ្ជាក់ថា ចំការមៀនដែលទទួលបានការអនុម័តចុះបញ្ជីជាផ្លូវការ ឲ្យនាំចេញផ្លែមៀនទៅកាន់ទីផ្សារចិន មានចំនួន៧៤ ក្នុងនោះ នៅខេត្តប៉ៃលិន មានចំនួន៤០ចំការ បាត់ដំបងចំនួន២៨ចំការ និងបន្ទាយមានជ័យ ចំនួន៦ចំការ។

ដោយឡែក រោងចក្រវេចខ្ចប់ចំនួន៨ ដែលមានទីតាំង នៅក្នុងខេត្តកណ្តាលចំនួន១ ខេត្តបាត់ដំបងចំនួន៣ ខេត្តប៉ៃលិនចំនួន២ និងខេត្តព្រះសីហនុចំនួន២។ រីឯផ្ទៃដីដាំដុះមៀន ទូទាំងប្រទេសរបស់កម្ពុជាវិញ មានចំនួន ១៣ ៦០៨ហិកតា ស្ថិតក្នុងខេត្តចំនួន៤។

ផ្លែមៀនស្រស់ គឺជាផលិតផលកសិផលទី៣ របស់កម្ពុជា ដែលនាំចេញទៅលក់នៅលើទីផ្សារប្រទេសចិនជាផ្លូវការ នៅក្នុងឆ្នាំ២០២២នេះ បន្ទាប់ពីផ្លែស្វាយ និងចេក៕