(ហ្សាការតា)៖ រដ្ឋមន្ត្រីក្រសួងថាមពលឥណ្ឌូណេស៊ីបានឱ្យដឹងកាលពីថ្ងៃសុក្រថា ឥណ្ឌូនេស៊ីមានបំណងនាំចេញឧស្ម័នធម្មជាតិទៅកាន់ប្រទេសវៀតណាមចាប់ពីឆ្នាំ២០២៦ ពីប្លុកឈូងសមុទ្រ Tuna ដែលមានទីតាំងនៅជិតព្រំដែនសមុទ្រឥណ្ឌូនេស៊ី និងវៀតណាម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សមដ្តីលោក Arifin Tasrif រដ្ឋមន្ត្រីក្រសួងថាមពលឥណ្ឌណេស៊ីខណៈថ្លែងទៅកាន់អ្នកយកព័ត៌មានថា ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍មួយនេះអាចផ្គត់ផ្គង់ឧស្ម័នពី ១០០ ទៅ ១៥០លានហ្វីតគូបក្នុងមួយថ្ងៃ (MMSCFD) តាមរយៈបំពង់បង្ហូរឧស្ម័នពីប្លុក Tuna ដែលដំណើរការដោយក្រុមហ៊ុន Harbor Energy។

គេហទំព័ររបស់ក្រុមហ៊ុន Harbor Energy បានបង្ហាញថា អណ្តូងឧស្ម័ន Tuna ដែលមានប្រហែលឧស្ម័ន ១០០លានបារ៉ែលសមមូលប្រេង ត្រូវបានរកឃើញនៅក្នុងខែមេសា ឆ្នាំ២០១៤៕