(ប៊ែរឡាំង)៖ ប្រទេសអាល្លឺម៉ង់កំពុងផ្អាកកម្មវិធីជំរុញពាណិជ្ជកម្មសម្រាប់ប្រទេសអ៊ីរ៉ង់ ដោយលើកឡើងពី «ស្ថានភាពធ្ងន់ធ្ងរ» នៅក្នុងសាធារណរដ្ឋអ៊ីស្លាមមួយនេះ។ នេះយើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់នៅទីក្រុងបែរឡាំងកាលពីថ្ងៃសុក្រថា ការផ្អាកកម្មវិធីជំរុញពាណិជ្ជកម្មនេះប៉ះពាល់ដល់ប្រាក់កម្ចី និងធានាលើការវិនិយោគដែលបានធ្វើឡើងក្នុងឆ្នាំ២០១៦ បន្ទាប់ពីមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ប៉ុន្តែបានស្ងប់ស្ងាត់វិញចាប់តាំងពីយ៉ាងហោចណាស់ឆ្នាំ ២០១៩មក។

ការផ្អាកកម្មវិធីបានធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីអ្នកតំណាងការទូតកំពូលរបស់សហភាពអឺរ៉ុបបាននិយាយថា ទំនាក់ទំនងជាមួយអ៊ីរ៉ង់កំពុងកាន់តែយ៉ាប់យ៉ឺន។

ការធានាលើការវិនិយោគត្រូវបានផ្អាក ហើយការធានាលើប្រាក់កម្ចីនឹងបញ្ឈប់នៅខែមករា តែលើកលែងផ្នែកមនុស្សធម៌។ យោងតាមសេចក្តីថ្លែងការណ៍ដដែលនេះបានឱ្យដឹងថា ទីភ្នាក់ងារជំរុញពាណិជ្ជកម្មរបស់ប្រទេសអាល្លឺម៉ង់ ដែលមានឈ្មោះថា ពាណិជ្ជកម្មនិងវិនិយោគ អាល្លឺម៉ង់ និងការិយាល័យជំរុញពាណិជ្ជកម្មរបស់ប្រទេសអាល្លឺម៉ង់នៅក្នុងប្រទេសអ៊ីរ៉ង់ «បានកាត់បន្ថយសកម្មភាពរបស់ពួកគេឱ្យមកនៅកម្រិតអប្បបរមា»

ពាណិជ្ជកម្មរវាងប្រទេសអាល្លឺម៉ង់និងអ៊ីរ៉ង់ មានចំនួនសរុប ១,៧៦ពាន់លានអឺរ៉ូ (១,៩ពាន់លានដុល្លារ) កាលពីឆ្នាំមុន។

កាលពីថ្ងៃអង្គារ លោក Josep Borrell អ្នកតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខបានជំរុញឱ្យប្រទេសអ៊ីរ៉ង់ឱ្យបញ្ឈប់ជាបន្ទាន់នូវការគាំទ្រផ្នែកយោធាដល់ប្រទេសរុស្ស៊ី និង «ការបង្ក្រាបផ្ទៃក្នុង»

លោកបានជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian ក្នុងប្រទេសហ្ស៊កដានី ដោយប្រាប់គាត់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាចត្រូវបានស្ដារឡើងវិញក្រោមលក្ខខណ្ឌដែលបានចរចាដោយមហាអំណាចពិភពលោកនៅក្នុងខែសីហា។

រដ្ឋាភិបាលនានានៅសហភាពអឺរ៉ុបបានគាំទ្រការដាក់ទណ្ឌកម្មបន្ថែមលើប្រទេសអ៊ីរ៉ង់នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕