(គូឡាឡាំពួរ)៖ ម៉ាឡេស៊ីដែលជាប្រទេសផលិតប្រេងដូងធំជាងគេទីពីរក្នុងពិភពលោកកាលពីថ្ងៃសុក្របានចោទប្រកាន់សហភាពអឺរ៉ុប (EU) ពីបទរារាំងទីផ្សារប្រេងដូងដោយប្រើច្បាប់ថ្មីមួយដែលរារាំងការលក់ទំនិញដែលទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើនៅក្នុងប្លុកនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា សហភាពអឺរ៉ុបកាលពីដើមខែនេះ បានអនុម័តច្បាប់ថ្មីមួយ ដែលតម្រូវឱ្យក្រុមហ៊ុននានាបង្កើតសេចក្តីថ្លែងការណ៍មួយដែលបង្ហាញថា ខ្សែចង្វាក់ផ្គត់ផ្គង់របស់ពួកគេមិនមានការរួមចំណែកដល់ការបំផ្លាញព្រៃឈើបើមិនដូច្នេះទេទទួលរងការផាកពិន័យធ្ងន់ធ្ងរ។

បទប្បញ្ញត្តិនេះនឹងអនុវត្តចំពោះសណ្តែកសៀង សាច់គោ ប្រេងដូង ឈើ កាកាវ និងកាហ្វេ និងផលិតផលចម្រាញ់មួយចំនួនទៀត។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីលោក Fadillah Yusof ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនិញប្រើប្រាស់របស់ប្រទេសម៉ាឡេស៊ី ដែលបានថ្លែងកាលពីថ្ងៃសុក្រថា ច្បាប់នេះនឹងប៉ះពាល់ដល់ពាណិជ្ជកម្មសេរី និងស្មើភាព ព្រមទាំងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។

លោក Fadillah បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «បទប្បញ្ញត្តិផលិតផលគ្មានការកាប់បំផ្លាញព្រៃឈើនេះ គឺជាទង្វើដោយចេតនារបស់អឺរ៉ុប ដើម្បីរារាំងការចូលទីផ្សារ ធ្វើឱ្យប៉ះពាល់ដល់កសិករតូចតាច និងការពារទីផ្សារប្រេងគ្រាប់ធញ្ញជាតិក្នុងស្រុកដែលមិនមានប្រសិទ្ធភាព និងមិនអាចប្រកួតប្រជែងជាមួយនឹងតម្លៃប្រេងដូងបាន»

ប្រេងដូងដែលប្រើសម្រាប់ធ្វើអ្វីគ្រប់យ៉ាងចាប់ពីនំខូឃីរហូតដល់គ្រឿងសំអាង និងប្រេងឥន្ធនៈ គឺជាប្រេងបន្លែថោកបំផុតក្នុងពិភពលោក។ ប៉ុន្តែក្រុមបរិស្ថានបានបន្ទោសការដាំដុះរបស់រុក្ខជាតិនេះថាបានបង្កឱ្យមានការកាប់បំផ្លាញព្រៃឈើយ៉ាងរាលដាល៕