(បាងកក)៖ លោក Yuthasak Supasor ប្រធានអាជ្ញាធរទេសចរណ៍នៃប្រទេសថៃ បានប្រាប់សន្និសីទសារព័ត៌មានខ្លីមួយកាលពីថ្ងៃសុក្រថា ប្រទេសថៃបានមើលឃើញមានភ្ញៀវទេសចរបរទេសមកដល់ប្រទេសថៃចំនួន ១០,៩ លាននាក់នៅចន្លោះខែមករា ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោក Yuthasak បានថ្លែងថា៖ «ទីផ្សារកំពូលរួមមានប្រទេសម៉ាឡេស៊ី ឥណ្ឌា និងឡាវ»។ លោកបានបន្ថែមថា ការមកដល់របស់ភ្ញៀវទេសចរបរទេសអាចកើនលើសចំនួន ១១,៥ លាននាក់សម្រាប់រយៈពេលពេញមួយឆ្នាំ។

ការងើបឡើងវិញនៃវិស័យទេសចរណ៍របស់ប្រទេសថៃដែលមុនពេលមានជំងឺរាតត្បាតមានប្រហែល ១២ ភាគរយនៃផលិតផលក្នុងស្រុកសរុប គឺជាកត្តាសំខាន់សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់តំបន់អាស៊ីអាគ្នេយ៍មួយនេះ។

រដ្ឋាភិបាលថៃរំពឹងថានឹងមានភ្ញៀវទេសចរបរទេសទៅទស្សនាប្រទេសថៃចំនួន ២២លាននាក់នៅឆ្នាំក្រោយ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដីលោក Yuthasak ថា៖ «យើងក៏កំពុងផ្តោតលើភ្ញៀវទេសចរដែលចំណាយខ្ពស់ និងយើងមិនគ្រាន់តែផ្តោតលើបរិមាណប៉ុណ្ណោះទេ»