(បាងកក)៖ ប្រទេសថៃដែលជាប្រទេសនាំចេញអង្ករដ៏ធំបំផុតទី២ ក្នុងពិភពលោកបន្ទាប់ពីប្រទេសឥណ្ឌា កំពុងដើរឆ្ពោះទៅរកការនាំចេញអង្ករក្នុងបរិមាណខ្ពស់បំផុតក្នុងរយៈពេល ៤ ឆ្នាំ ខណៈដែលប្រទេសនាំចូលនានាបង្កើនការទិញដើម្បីបំពេញស្តុក និងព្យាយាមទប់មិនឱ្យមានអតិផរណាស្បៀងអាហារ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដីលោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃថា ការនាំចេញប្រហែលជានឹងកើនឡើងដល់ ៨លានតោននៅឆ្នាំនេះ ដោយសារការធ្លាក់ចុះថ្លៃប្រាក់បាតថៃបង្កើនការប្រកួតប្រជែង ហើយប្រទេសមួយចំនួនដូចជាប្រទេសចិនសម្លឹងរកការទិញអង្ករបំពេញស្តុកឡើងវិញមុនថ្ងៃបុណ្យចូលឆ្នាំចិន។ លោកបានបន្តថា ការនាំចេញអាចនឹងមានកម្រិតប្រហាក់ប្រហែលគ្នារហូតដល់ឆ្នាំក្រោយ។

តម្លៃអាហារសំខាន់ៗ ដូចជាស្រូវសាលី និងប្រេងឆា បានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅឆ្នាំនេះ បន្ទាប់ពីរុស្ស៊ីឈ្លានពានប្រទេសអ៊ុយក្រែន ដែលបានកាត់បន្ថយការផ្គត់ផ្គង់តាមផ្លូវសមុទ្រខ្មៅ។ កត្តានេះបានជំរុញឱ្យមានវិធានការគាំពារស្បៀងអាហារ ខណៈដែលរដ្ឋាភិបាលនានាបានទប់ស្កាត់ការនាំចេញដើម្បីទប់ស្កាត់ការឡើងថ្លៃទំនិញនៅក្នុងប្រទេសរបស់ពួកគេ។ ប្រទេសមួយក្នុងចំណោមនោះ គឺប្រទេសឥណ្ឌា ដែលបានបើកផ្លូវឱ្យការនាំអង្ករចេញអង្កររបស់ថៃមានទីផ្សារកាន់តែច្រើន។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់សមាគមអ្នកនាំចេញអង្ករថៃថា តម្លៃគោលនៅអាស៊ីសម្រាប់អង្ករបានឡើងថ្លៃខ្ពស់ក្នុងឆ្នាំនេះដល់ចំនួន ៤៦៨ ដុល្លារក្នុងមួយតោនក្នុងខែឧសភា និងបានធ្លាក់ចុះមកវិញត្រឹម ៤១០ ដុល្លារក្នុងខែកក្កដា។ តម្លៃទាំងនេះធៀបនឹងជាង ១ ០០០ដុល្លារក្នុងមួយតោនក្នុងអំឡុងពេលមានវិបត្តិស្បៀងអាហារក្នុងឆ្នាំ ២០០៨។

លោក Chookiat បានថ្លែងក្នុងបទសម្ភាសន៍មួយថា ប្រទេសថៃទទួលបានអត្ថប្រយោជន៍នៅឆ្នាំនេះពីវិធានការដាក់កម្រិតលើការនាំចេញរបស់ឥណ្ឌា និងការវិលត្រឡប់មកវិញរបស់អ៊ីរ៉ាក់មកកាន់ទីផ្សារផងដែរ។ ការនាំចេញអង្ករបានច្រើនរបស់ប្រទេសថៃបានឆ្លុះបញ្ចាំងពីការភ័យខ្លាចអំពីសន្តិសុខស្បៀងជាសកល និងពីការធ្លាក់ចុះផលិតកម្មស្រូវក្នុងប្រទេសដាំដុះស្រូវធំៗដូចជាប្រទេសឥណ្ឌាជាដើមដែលមានចំនួនជិត ៤០% នៃពាណិជ្ជកម្មអន្តរជាតិ។

លោក Chookiat បានមានប្រសាសន៍ថា៖ «ប្រទេសនានាបាននិងកំពុងនាំចូលអង្ករបន្ថែមទៀតដើម្បីបំពេញស្តុក និងរក្សាតម្លៃក្នុងស្រុកឱ្យធ្លាក់ចុះ»។ ដោយសំដៅទៅលើការធ្លាក់ចុះតម្លៃរូបិយប័ណ្ណរបស់ថៃ លោកបានបន្ថែមថា៖ «ការធ្លាក់ចុះប្រាក់បាត និងតម្លៃអង្កររបស់យើងទាបនៅឆ្នាំនេះបានបង្កើនការប្រកួតប្រជែងរបស់យើង»