(ក្រុងហ្សឺណែវ)៖ អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅសប្តាហ៍នេះបានរកឃើញថា សហរដ្ឋអាមេរិកបានបំពានច្បាប់ពាណិជ្ជកម្មសកលដោយសារអាមេរិកនៅតែទទូចថាផលិតផលដែលនាំចូលពីទីក្រុងហុងកុងត្រូវបានកំណត់ថាមកពីប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

មុនឆ្នាំ២០២០ សហរដ្ឋអាមេរិកបានប្រព្រឹត្តិចំពោះទីក្រុងហុងកុង ដែលជាសមាជិក WTO ដាច់ដោយឡែកពីគ្នាពីប្រទេសចិន ក្នុងលក្ខណៈដូចគ្នានៅមុនពេលដែលទីក្រុងនេះត្រូវបានប្រគល់ពីការគ្រប់គ្រងរបស់អង់គ្លេសទៅឱ្យប្រទេសចិនក្នុងខែកក្កដា ឆ្នាំ១៩៩៧។

បន្ទាប់មក ប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាមួយ ដែលទាមទារឱ្យមានការផ្លាស់ប្តូរឋានៈនេះ ដោយទីក្រុងវ៉ាស៊ីនតោនបានលើកឡើងថា ទីក្រុងហុងកុងរបស់ប្រទេសចិនមួយនេះមិនមានស្វ័យភាពគ្រប់គ្រាន់ឡើយ ដើម្បីទទួលបានការប្រព្រឹត្តផ្សេងពីប្រទេសចិនក្នុងក្របខ័ណ្ឌអង្គការ WTO នោះទេ។ បទបញ្ជានេះចូលជាធរមាននៅចុងឆ្នាំ២០២០។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា គណៈកម្មការវិនិច្ឆ័យរបស់អង្គការ WTO ដែលមានសមាសភាពបីនាក់បានរកឃើញថា សហរដ្ឋអាមេរិកបានរំលោភលើកាតព្វកិច្ចចំពោះទីក្រុងហុងកុង ដោយប្រព្រឹត្តចំពោះទីក្រុងនេះមិនស្មើភាពធៀបទៅនឹងសមាជិករបស់អង្គការ WTO ផ្សេងទៀតទាក់ទងនឹងលក្ខខណ្ឌតម្រូវសម្គាល់ប្រភពដើមនៃផលិតផលទំនិញរបស់ទីក្រុងនេះ។

សហរដ្ឋអាមេរិកបានឱ្យដឹងថា ខ្លួនបានអនុវត្តច្បាប់លក្ខខណ្ឌលើកលែងមួយដែលអនុញ្ញាតឱ្យមានការចាត់វិធានការការពារ «ផលប្រយោជន៍សន្តិសុខសំខាន់» របស់ប្រទេសមួយ។

គណៈកម្មការវិនិច្ឆ័យរបស់អង្គការ WTO បានទទួលស្គាល់ថា ភាពតានតឹងបានកើនឡើងរវាងសហរដ្ឋអាមេរិក និងទីក្រុងហុងកុង ប៉ុន្តែបាននិយាយថា ភាពតានតឹងទាំងនេះមិនបានកើនឡើងឈានដល់ថ្នាក់ប្រកាស «ភាពអាសន្ននៅក្នុងទំនាក់ទំនងអន្តរជាតិ» ដែលជាកម្រិតតម្រូវឱ្យអនុវត្តលក្ខខណ្ឌលើកលែងដែលអាមេរិកបានអនុវត្តនោះទេ។

គណៈកម្មាការនេះបានសន្និដ្ឋានរបាយការណ៍កម្រិត ៩៦ទំព័ររបស់ខ្លួនជាមួយនឹងការលើកឡើងថា សហរដ្ឋអាមេរិកគួរតែអនុវត្តវិធានការរបស់ខ្លួនឱ្យស្របតាមច្បាប់ពាណិជ្ជកម្មសកល។

សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានច្រានចោលយ៉ាងដាច់អហង្ការចំពោះការបកស្រាយ និងការសន្និដ្ឋាននេះ ដែលបានលើកលើងថា សេចក្តីសម្រេចបរស់អង្គការ WTO នេះ «មានកំហុស» និងថា ខ្លួនមិនមានបំណងដកចេញនូវការអនុវត្តលក្ខខណ្ឌតម្រូវឱ្យសម្គាល់ប្រភពដើមទំនិញនេះទេ។

ស្របពេលនេះដែរ រដ្ឋាភិបាលទីក្រុងហុងកុងបានស្វាគមន៍ចំពោះសេចក្តីសម្រេចនេះ ហើយបាននិយាយថា ខ្លួនបានបញ្ជាក់ជាថ្មីអំពីស្ថានភាពពិសេសរបស់ខ្លួនថាជាទឹកដីគយដាច់ដោយឡែកមួយពីប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕