(ភ្នំពេញ)៖ លោក សន សៀប ប្រធានថ្មី នៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានកំណត់យកយុទ្ធសាស្ដ្រ «ពង្រឹងខាងក្នុង និងពង្រីកខាងក្រៅ» គឺជាផែនការអាទិភាព សម្រាប់អនុវត្តក្នុងអាណត្តិរបស់ខ្លួន ដើម្បីជំរុញសមាគមប្រកបដោយនិរន្ដរភាព ពិសេសទប់ទល់ស្ថានភាពបច្ចុប្នន្ន ដែលមានទាំងវិបត្តិសកលកូវីដ-១៩ ផង និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផង។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងមហាសន្និបាត លើកទី១៣ ដើម្បីបោះឆ្នោតជ្រើសតាំងប្រធានសមាគម និងក្រុមប្រឹក្សាអភិបាល អាណត្តិទី៨ ឆ្នាំ២០២៣-២០២៤ ដែលរៀបចំនៅសណ្ឋាគារសាន់វ៉េ កាលពីល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ គ្រាដែលលោក សន សៀប បានទទួលការគាំទ្រធ្វើជាប្រធានសមាគម CVEA អាណត្តិថ្មី ជំនួសកៅអីលោក ច្រឹក សុខនីម (ផុតអាណត្តិ) បន្ទាប់ពីលោកបានដឹកនាំសមាគមអស់ ២អាណត្តិកន្លងមក។

ក្រោយទទួលបានសេចក្ដីទុកចិត្តពីសមាជិកសមាគម ដើម្បីធ្វើជាប្រធានអាណត្តិថ្មី លោកបានសម្ដែងនូវសេចក្ដីរីករាយ តែលោកថា មានការងារជាច្រើន ត្រូវពង្រឹង និងពង្រីកបន្ថែម ដ្បិតពិភពលោក រួមទាំងកម្ពុជា កំពុងរងនូវវិបត្តិជាសកល ទាំងជំងឺរាតត្បាតជាសកលកូវីដ-១៩ ហើយមានសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ក្នុងនោះវិស័យអចលនទ្រព្យកម្ពុជា ក៏រងផលប៉ះពាល់ដូចគ្នា។

លោក សន សៀប បានសង្កត់ធ្ងន់ថា «ដោយខ្ញុំសម្លឹងឃើញបញ្ហាទាំងអស់នេះ ទើបខ្ញុំរៀបចំជាយុទ្ធសាស្ដ្រ ដើម្បីអន្ដរាគមន៍រយៈពេល ២ឆ្នាំនេះ(ក្នុងមួយអាណត្តិ) ។ យុទ្ធសាស្ដ្រដែលខ្ញុំបានរៀបចំ ខ្ញុំបានឲ្យឈ្មោះថា ពង្រឹងខាងក្នុង ពង្រីកខាងក្រៅ ។ ពង្រឹងខាងក្នុង ខ្ញុំនឹងផ្ដោតទៅលើ ៣ចំណុច ខណៈពង្រីកខាងក្រៅ ខ្ញុំនឹងផ្ដោតទៅលើ ២ចំណុច ។ យើងចាំបាច់ណាស់ ត្រូវពង្រឹងភាពខាងក្នុងរបស់យើង និងពង្រីកសក្ដានុពលខាងក្រៅរបស់យើង ដើម្បីជាកម្ដាំងដឹកនាំរុញ CVCE ក៏ដូចជាវិស័យរបស់យើងទាំងមូលឲ្យទប់ទល់ជាមួយនឹងវិបត្តិមួយនេះបាន»

ពាក់ព័ន្ធនឹងយុទ្ធសាស្ដ្រពង្រឹងខាងក្នុង លោកបានពន្យល់ថា ទី១-សម្ដៅលើការកសាងសមត្ថភាពសមាជិក តាមរយៈការហ្វឹកហាត់ ទាំងក្នុង និងក្រៅស្រុក ទី២-ការពង្រឹងច្បាប់ទម្លាប់ និងក្រមវិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណតម្លៃសមាជិករបស់សមាគម និងទី៣-ការរៀបចំហិរញ្ញវត្ថុ ដើម្បីជំរុញប្រតិបត្តិការសមាគមឲ្យមាននិរន្ដរភាព ។ រីឯពង្រីកខាងក្រៅ ទី១-ផ្ដោតសំខាន់លើសក្ដានុពលទីផ្សារទាំងមូល ដោយរាល់ការទិញ-លក់ ត្រូវឆ្លងកាត់សមាជិកដែលមានអាជ្ញាប័ណ្ណ ឬវិជ្ជាជីវៈត្រឹមត្រូវ ទី២-កៀគរ និងលើកទឹកចិត្ដឲ្យអ្នករកស៊ីខាងក្រៅចូលរួមជាមួយសមាគម ដើម្បីអនុវត្តស្ដង់ដារល្អរួមមួយ សម្រាប់ជាគុណតម្លៃដល់ទីផ្សារទាំងមូល។

គួរបញ្ជាក់ថា សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានកំណត់ក្នុងមួយអាណត្តិមាន ២ឆ្នាំ ហើយប្រធានសមាគមម្នាក់ មានសិទ្ធដឹកនាំសមាគមត្រឹមតែ ២អាណត្តិប៉ុណ្ណោះ ។ រៀងរាល់ឆ្នាំ នៃការបញ្ចប់អាណត្តិនីមួយៗ ក្រៅពីការបោះឆ្នោតជ្រើសរើសប្រធានថ្មី សមាគមក៏តែងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាលដូចគ្នា ដើម្បីដឹកនាំ និងជំរុញដំណើរការសមាគមដ៏មានសក្ដានុពលមួយនេះ ប្រកបដោយភាពរឹងមាំ និងមានសក្ដានុពលយូរអង្វែង ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យជាតិ និងសេដ្ឋកិច្ចជាតិ៕