(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានគូសបញ្ជាក់ថា រាល់ការដាក់ប្រាក់វិនិយោគ ទាមទារឲ្យត្រូវមានចំណេះដឹងហិរញ្ញវត្ថុ និងត្រូវគិតគូរពិចារណា ឲ្យបានម៉ត់ចត់ ជាពិសេសត្រូវជ្រើសរើសក្រុមហ៊ុន ដែលមានការទទួលស្គាល់ពីអាជ្ញាធរមានសមត្ថកិច្ច។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ូ សុជាតិ អញ្ជើញចូលរួម ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី ភាពខុសច្បាប់នៃ «គម្រោង PONZI» និងការសម្ពោធ «កម្មវិធីអប់រំហិរញ្ញវត្ថុ តាមប្រព័ន្ធអនឡាញ» នៅអគារសន្និបាត OCIC នៃទីក្រុងរណបជ្រោយចង្វា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ។

លោក ស៊ូ សុជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «រាល់ការដាក់ប្រាក់វិនិយោគ ទាមទារឲ្យអ្នកទាំងអស់គ្នា ត្រូវមានចំណេះដឹងហិរញ្ញវត្ថុ និងត្រូវគិតគូរពិចារណា ឲ្យបានម៉ត់ចត់ មុននឹងសម្រេចចិត្ដធ្វើការវិនិយោគ។ ត្រូវជ្រើសរើសក្រុមហ៊ុន ដែលទទួលបានការអនុញ្ញាត ឬអាជ្ញាប័ណ្ណ ឬក៏មានការទទួលស្គាល់ ពីអាជ្ញាធរមានសមត្ថកិច្ច»

បន្ថែមពីនោះទៀត អគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានលើកឡើងថា បើសិនជាវិនិយោគ ក្នុងវិស័យមូលបត្រ ត្រូវវិនិយោគជាមួយក្រុមហ៊ុន ដែលទទួលបានការអនុញ្ញាតអាជ្ញាប័ណ្ណ ឬទទួលស្គាល់ ពីនិយ័តករមូលបត្រកម្ពុជា។

លោក ស៊ូ សុជាតិ បានឲ្យដឹងផងដែរថា ក្នុងទិសដៅ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងពីវិស័យមូលបត្រ និយ័តករមូលបត្រកម្ពុជា បានបង្កើត Channel Telegram ដែលមានឈ្មោះថា «និយ័តករមូលបត្រកម្ពុជា» ក៏ដូចជា Channel Telegram បង្ការពាក់ព័ន្ធផ្សេងៗ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មាន ពីនិយ័តករមូលបត្រកម្ពុជា។

សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី ភាពខុសច្បាប់នៃ «គម្រោង PONZI» គឺរៀបចំឡើង ដើម្បីចែករំលែកអំពីភាពខុសច្បាប់ និងហានិភ័យនៃគម្រោង PONZI កិច្ចគាំពារវិនិយោគិន ក្នុងវិស័យមូលបត្រ និងការសម្ពោធជាផ្លូវការ នូវកម្មវិធីសិក្សាហរិញ្ញវត្ថុតាមប្រព័ន្ធអនឡាញថ្មីមួយ ដែលមានឈ្មោះថា «ONETIME» ។

កម្មវិធីសិក្សាថ្មីនេះ នឹងផ្តោតជាសំខាន់ទៅលើចំណេះដឹងហិរញ្ញវត្ថុ ដែលនឹងផ្តល់នូវចំណេះដឹងដល់អ្នកសិក្សាឲ្យចេះវិភាគថ្លឹងថ្លែង ដើម្បីកាត់បន្ថយហានិភ័យវិនិយោគ និងធ្វើការសម្រេចចិត្តប្រកប ដោយភាពត្រឹមត្រូវ តាមកម្រិតហានិភ័យដែលខ្លួនហ៊ានទទួលយក។

ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុន Z1 FINANCIAL លោក សាយ សុខខេង បានថ្លែងថា ONETIME ត្រូវបានបង្កើតឡើងយ៉ាងពិសេស ដោយផ្តោតសំខាន់ លើការផ្តល់ចំណេះដឹង ទាក់ទងនឹងផ្នែកហិរញ្ញវត្ថុ ការវិនិយោគ ការអភិវឌ្ឍខ្លួនឯង ដែលវាជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការកាត់បន្ថយនូវហានិភ័យមួយចំនួន ដូចជាគម្រោង PONZI ជាដើម។

លោកបានបន្តទៀតថា វគ្គសិក្សាពិសេសនេះ ត្រូវបានសម្រិតសម្រាំង និងរៀបចំឡើងជាការសិក្សាតាមរយៈប្រព័ន្ធអនឡាញ ហើយរួមបញ្ចូលជាមួយវាគ្មិនកិត្តិយសជាច្រើនរូប ដែលមានជំនាញ និងបទពិសោធន៍ ជាច្រើនឆ្នាំពីស្ថាប័នផ្សេងៗគ្នា មកចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដើម្បីជាជំនួយ និងជួយជំរុញមនុស្សទូទៅក្នុងការសម្រេចគោលដៅ ហិរញ្ញវត្ថុ ព្រមទាំងផ្លាស់ប្តូរជីវិតរបស់ពួកគេ ឲ្យកាន់តែប្រសើរឡើង។

សមាជិក ONETIME ទាំងអស់នឹងចំណាយពេលសិក្សារយៈពេលត្រឹមតែ ៣០ថ្ងៃប៉ុណ្ណោះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដែលមួយក្នុងចំណោមនោះគឺ ទទួលបានរង្វាន់ពិសេសសម្រាប់ធ្វើការវិនិយោគ ដែលស្មើនឹងទឹកប្រាក់ចំនួន១០០ដុល្លារ បន្ទាប់ពីបញ្ចប់វគ្គសិក្សា ដើម្បីពួកគាត់អាចអនុវត្តនូវការវិនិយោគ ដោយផ្ទាល់លើថ្នាលវិនិយោគតាមបែបបច្ចេកវិទ្យារបស់ Z1 FINANCIAL។

គូសបញ្ជាក់ថា ក្រុមហ៊ុន Z1 FINANCIAL គឺជាក្រុមហ៊ុនដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអភិវឌ្ឍថ្នាលវិនិយោគបែបបច្ចេកវិទ្យាឌីជីថល (Digital Investment Platform) ដោយផ្តោតលើវិស័យអចលនទ្រព្យតាមរយៈបច្ចេកវិទ្យា Blockchain។

Z1 FINANCIAL បានបង្កើតឡើងនាខែមិថុនា ឆ្នាំ២០២១ ហើយបានធ្វើការចុះបញ្ជីស្របច្បាប់ក្នុងប្រទេសសិង្ហបុរី និងទីក្រុងឌូបៃ សហព័ន្ធអារ៉ាប់រួមផងដែរ។ បច្ចុប្បន្នក្រុមហ៊ុន Z1 FINANCIAL កំពុងស្ថិតក្នុងដំណាក់កាល ស្នើសុំអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា៕