​(ភ្នំពេញ)៖ ​អ្នកជំនួញក្នុងវិស័យដឹកជញ្ជូនបានលើកឡើងថា បច្ចុប្បន្ននេះរថយន្តដឹកទំនិញធំៗ ​ប្រើប្រាស់ផ្លូវល្បឿនលឿន ក្នុងការដឹកជញ្ជូនទំនិញមានកម្រិតតិចតួច ដោយសារតែតម្លៃសេវាប្រើប្រាស់ផ្លូវ ស្ថិតក្នុងតម្លៃខ្ពស់ ដែលធ្វើឱ្យពួកគេចំណាយច្រើន ក្នុងការដឹកជញ្ជូនម្តងៗ​ ក្នុងនោះដែរពួកគេចង់ឱ្យរាជរដ្ឋាភិបាលពិចារណា ក្នុងជជែកជាមួយក្រុមហ៊ុនសាងសង់ផ្លូវ បន្ទាបតម្លៃឱ្យទាបជាងបច្ចុប្បន្ននេះ។

​អ្នកជំនួញក្នុងវិស័យដឹកជញ្ជូនលើកឡើងបែបនេះ តបនឹង​ប្រសាសន៍​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២២ ខែធ្នូនេះដែលអំពាវនាវឱ្យងាកមកប្រើប្រាស់ផ្លូវល្បឿនវិញ ក្នុងការដឹកជញ្ជូនទំនិញ ដើម្បីទទួលបានផលចំណេញ ទាំងប្រេងឥន្ធនៈ ​ពេលវេលា។​ ​

សម្តេចអំពាវនាវឱ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនងាកមកប្រើប្រាស់ផ្លូវល្បឿនលឿននេះ ស្របពេលដែលបច្ចុប្បន្នសាំងកំពុងឡើងថ្លៃ ហើយបើពួកគេងាកមកប្រើប្រាស់ផ្លូវល្បឿនលឿន នឹងកាត់បន្ថយការប្រើប្រាស់សាំងបានយ៉ាងច្រើន ខណៈតម្លៃនៃការប្រើប្រាស់វិញ ត្រឹមតែ១២ដុល្លារប៉ុណ្ណោះ។ ជាមួយគ្នានេះ ​ការប្រើប្រាស់ផ្លូវល្បឿនលឿនរបស់រថយន្តដឹកទំនិញធំៗទាំងនេះ នឹងចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បានច្រើននៅលើផ្លូវលេខ៤បានផងដែរ។

សម្តេចតេជោបានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា ​«ខ្ញុំសង្កេតឃើញថា ផ្លូវល្បឿនលឿន មិនទាន់មានឡានដឹកទំនិញ ​លើផ្លូវល្បឿនលឿនទេ ចំណុចនេះខ្ញុំគួរ​តែដាស់តឿន ចំពោះថៅកែដឹកទំនិញ ថៅកែរថយន្តទាំងឡាយ។ ប្រើប្រាស់ផ្លូវល្បឿនលឿនចំណេញច្រើនជាងផ្លូវធម្មតា ប្រេងក៏អស់តិច ពេលវេលាក៏ចំណេញក្នុងសង្វាក់ផ្គត់ផ្គង់។ [...] ខ្ញុំអំពាវនាវទៅកាន់ម្ចាស់ដែលមានរថយន្តច្រើន ក្នុងការដឹកជញ្ជូនប្រើប្រាស់ផ្លូវល្បឿនលឿនចំណេញជាង ខាងវិស័យសេដ្ឋកិច្ច ជាជាងទុកនៅក្នុងបញ្ហាផ្លូវតូចចង្អៀត»

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់​បាន​ឱ្យដឹងថា កន្លងមកក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន ដែល​ជាសមាជិករបស់សមាគម​ បានប្រើប្រាស់ផ្លូវល្បឿនលឿននេះដែរ ប៉ុន្តែតិចតួចប៉ុណ្ណោះ លុះត្រាតែមានករណីចាំបាច់ដែលទំនិញនោះត្រូវប្រញ៉ាប់ខ្លាំង ឬខ្លាចក្រែងចុះកប៉ាល់មិនទាន់ ទើបសម្រេចប្រើប្រាស់ផ្លូវល្បឿនលឿននេះ។

លោកបាន​ពន្យល់ថា កត្តាដែលធ្វើឱ្យពួកគេសម្រេចចិត្តមិនប្រើប្រាស់ផ្លូវល្បឿនលឿន ក្នុងការដឹកជញ្ជូនទំនិញ​ គឺដោយសារបញ្ហាតម្លៃខ្ពស់ និងការចំណាយច្រើនទៅលើថ្លៃជួសជុស ប្រសិនបើរថយន្តខូចនៅតាមផ្លូវម្តងៗ។

លោកបន្តថា បើទោះបីជាក្រុមហ៊ុនសាងសង់ផ្លូវ បានបញ្ចុះតម្លៃក៏ដោយ ប៉ុន្តែអ្នកដឹកជញ្ជូននៅតែយល់ថា ស្ថិតក្នុងតម្លៃខ្ពស់ដដែល ពោលគឺរាល់ដឹកជញ្ជូន ក្រុមហ៊ុន​ត្រូវចំណាយប្រមាណពី ៥៤ដុល្លារទៅដល់ជាង៦០ដុល្លារក្នុងមួយជើង ​ដែលសរុបទាំ​ងទៅ និងមក ត្រូវចំណាយអស់១០៨ដុល្លារ ។ បញ្ហាទី២ ប្រសិនបើមានរថយន្តខូចនៅតាមផ្លូវម្តងៗ ក្រុមហ៊ុននឹងត្រូវចំណាយថវិកាច្រើន ទៅលើថ្លៃជួសជុល ទាំងថ្លៃហៅជាងពីចំងាយ និងការអូសរថយន្ត។

លោកបានស្នើដល់រាជរដ្ឋាភិបាលយ៉ាងដូច្នេះថា «​ស្នើសុំឱ្យរាជរដ្ឋាភិបាល ជួយជជែកជាមួយខាងក្រុមហ៊ុនផ្លូវល្បឿនលឿននេះ ក្នុងការពិនិត្យមើលឡើងវិញ ពាក់ព័ន្ធជាមួយនឹងតម្លៃ។ ជាមួយគ្នានេះពាក់ព័ន្ធនឹងការជួសជុសក៏ដូចគ្នាដែរ គួរគិតក្នុងតម្លៃដែលយើងអាចទទួលយកបាន ព្រោះថារថយន្តដែលប្រើប្រាស់ នៅស្រុកខ្មែរយើង ​ភាគច្រើនរថយន្តដែលនាំចូលពីខាងក្រៅមក គឺជារថយន្តដែលបានប្រើប្រាស់រួចហើយ អ៊ីចឹងបើមានការខូចខាតអី វាមានផលលំបាកសម្រាប់ពួកគាត់»។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាយល់ថា បើប្រៀបធៀបនឹងប្រទេសផ្សេងទៀត តម្លៃផ្លូវល្បឿនលឿននេះមិនថ្លៃនោះទេ​ ប៉ុន្តែការដែលរថយន្តដឹក​​ទំនិញ មិនប្រើប្រាស់ផ្លូវល្បឿនលឿន អាចមកពីពួកគេមានជម្រើស ព្រោះបច្ចុប្បន្ននេះ ការបើកបរនៅលើផ្លូវជាតិលេខ៤ មានភាពទូលាយ ងាយស្រួលបើកជាងមុន ដោយសារតែអ្នកបើកបរឡានធម្មតា ភាគច្រើនបានងាកមកប្រើប្រាស់ផ្លូវល្បឿនលឿនវិញ។ តែយ៉ាងណាមិញ បើថ្ងៃខាងមុខ ការបើកបរលើផ្លូវជាតិលេខ៤ មានភាពកកស្ទះ ដែលធ្វើឱ្យការដឹកទំនិញមានភាពយឺតយ៉ាវ ដូចកាលពីមុន អាចនឹងធ្វើឱ្យម្ចាស់ក្រុមហ៊ុនរថយន្តដឹកជញ្ជូនទំនិញទាំងនោះ ងាកមកប្រើប្រាស់ផ្លូវល្បឿនលឿនវិញ។

លោកមានប្រសាសន៍បន្ថែមថា «ពាក់ព័ន្ធនឹងផ្លូវល្បឿនលឿនក្រុមហ៊ុនដឹកទំនិញធំៗមិនទាន់ប្រើប្រាស់នោះ បើនិយាយពីតម្លៃសម្រាប់ស្រុកខ្មែរយើង យើងថាថ្លៃហើយ បើយើងប្រៀបទៅស្រុកគេវាមិនថ្លៃទេ ប៉ុន្តែដោយសារក្រុមហ៊ុនដឹកជញ្ជូនមានជម្រើស ព្រោះក្រុមហ៊ុនដឹកជញ្ជូន គាត់មិនចាំបាច់ចំណាយលុយ ហើយគាត់រត់លើផ្លូវជាតិលេខ៤ មានភាពស្រលះជាងមុន ទូលាយជាងមុន ព្រោះឡានភាគច្រើនគាត់មករត់លើផ្លូវល្បឿនលឿន ដូច្នេះគាត់មានឱកាសអាចបើកបរស្រួល ម្យ៉ាងវិញទៀតឡានស្រុកយើងនៅមានកម្រិត ឡានខ្លះអាចថាចាស់ពេក បើរត់លើផ្លូវល្បឿនលឿនក៏ពិបាកដែរ បើឡានថ្មីវាមិនអីទេ​។ ឡានចាស់អាចរត់លើផ្លូវជាតិលេខ៤ អាចសម្រាកចាក់ទឹក ឬក៏លំហែរ សម្រាកហូបចុកអីបាន ល្អជាងការឡើងលើផ្លូវល្បឿនលឿន ដែលត្រូវកំណត់ល្បឿនលឿន ​ហើយបើខូចលើផ្លូវល្បឿនលឿនកាន់តែអស់លុយទៀត»

​​ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺ​ផ្លូវល្បឿនលឿនទី១ និងជា​ផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ​​​។

​លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន​ បានឱ្យដឹងថា រយៈពេល៨០ថ្ងៃ នៃការបើកឱ្យដំណើរការលើផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ មាន យានយន្តបានធ្វើចររាចរណ៍ជាង ៨៣ ១​០០០គ្រឿង ដែលគិតជាមធ្យមមានយានយន្ត ធ្វើចររាចណ៍ប្រមាណ១ម៉ឺនគ្រឿងក្នុងមួយថ្ងៃ​៕