(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) និងសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានសហការរៀបចំវេទិកាគយកម្ពុជា លើកទី២ ក្រោមអធិបតីភាពបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អមដោយសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងមានការចូលរួម ដោយធុរជនពាក់ព័ន្ធជាច្រើននាក់ផងដែរ។

វេទិកាគយកម្ពុជាលើកទី២នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង បញ្ជ្រាបការយល់ដឹងពីវឌ្ឍនភាពថ្មីៗ នៃការងារគយនិងរដ្ឋាករ ជាពិសេសការធ្វើទំនើបកម្មនិងសាមញ្ញកម្មនីតិវិធីគយ, អភិបាលកិច្ចនិងការកែលម្អការផ្តល់សេវា និងការពង្រឹងអនុលោមភាព និងការអនុវត្តច្បាប់ជាដើម។

ថ្លែងទៅកាន់អ្នកចូលរួមក្នុងវេទិកានោះ អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា វេទិកាគយលើកទី២ ដែលបានរៀបចំឡើងនៅថ្ងៃនេះ ជាផ្នែកមួយនៃការអនុវត្តយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១០ ហើយជាលទ្ធផលនៃកិច្ចប្រជុំជាបន្តបន្ទាប់ ក្រោមយន្តការនេះ បរិយាកាសធុរកិច្ចពាក់ព័ន្ធនឹងពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជា ត្រូវបានលើកកម្ពស់ និងកែលម្អកាន់តែល្អប្រសើរជាលំដាប់ ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខ និងឆ្លើយតបបានទាន់ពេលវេលា នូវរាល់សំណូមពរចាំបាច់របស់វិស័យឯកជន ពាក់ព័ន្ធនឹងពាណិជ្ជកម្មអន្តរជាតិ ជាពិសេសក្នុងបរិការណ៍ខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកលមានភាពរអាក់រអួលដោយសារវិបត្តិផ្សេងៗកន្លងមក។

ក្នុងឱកាសនោះដែរ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងទៅកាន់អង្គពិធី ដោយបានគូសរំលេចអំពីសារសំខាន់នៃវេទិកាថ្ងៃនេះ ថាជាផ្នែកមួយនៃការខិតខំបញ្ជ្រាបការយល់ដឹង ដល់សាធារណជន ពិសេសធុរជនពាក់ព័ន្ធ ស្ដីពីច្បាប់ បទប្បញ្ញត្តិ ការងារបច្ចេកទេសគយ និងនីតិវិធីគយសំដៅ ជំរុញកិច្ចសម្រួលពាណិជ្ជកម្ម លើកកម្ពស់ការប្រកួតប្រជែង ប្រកបដោយសមធម៌ និងពង្រឹងអនុលោមភាព ក៏ដូចជាកែលម្អវប្បធម៌សារពើពន្ធ នៅកម្ពុជាបន្ថែមទៀត ដើម្បីចូលរួមក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាប្រកបដោយបរិយាបន្ន។

បន្ថែមលើនេះ មន្ត្រីជំនាញមកពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើបទបង្ហាញលើប្រធានបទ ពាក់ព័ន្ធនឹងការងារគយមួយចំនួនរួមមាន ការអនុវត្តនីតិវិធីបំពេញបែបបទ មុនពេលទំនិញមកដល់, ប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី៣ និងប្រព័ន្ធបញ្ជរតែមួយអាស៊ាន, ការអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ច ទទួលបានការអនុញ្ញាតនិងធុរជនល្អបំផុត, ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា លើការងារពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់រដ្ឋបាលគយ, ការងារបច្ចេកទេសគយ និងសវនកម្មគយ ជាដើម។

វេទិកាក៏បើកឱ្យមានកិច្ចពិភាក្សាពីបញ្ហាប្រឈម និងការលើកឡើងនូវសំណូមពរមួយចំនួន ព្រមទាំងសំណួរ-ចម្លើយ ពីបញ្ហានានាពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្ម ប្រតិបត្តិការគយនិងរដ្ឋាករ ការបំពេញបែបបទគយ ការផ្តល់សេវា ការពង្រឹងអនុលោមភាព និងការអនុវត្តច្បាប់និងបទប្បញ្ញត្តិនានា ជាធរមានផងដែរ៕