(ភ្នំពេញ)៖ អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករសេដ្ឋកិច្ចអាស៊ាន+៣ថា ថយចុះពី ៦ភាគរយ ក្នុងឆ្នាំ២០២១ មកប្រមាណ៣,៤ភាគរយ ក្នុងឆ្នាំ២០២២ និង៤ភាគរយក្នុងឆ្នាំ២០២៣ ការថយចុះនេះដោយសារតែកំណើនយឺតក្នុងប្រទេសបូក៣។

ការព្យាករណ៍នេះត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំរួមថ្នាក់អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលរង ធនាគារកណ្តាលអាស៊ាន+៣ តាមរយៈប្រព័ន្ធអនឡាញ ដោយមានការចូលរួមធ្វើជាសហប្រធានពីលោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ជាសហប្រធានជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក្រសួងហិរញ្ញវត្ថុចិន និងធនាគារកណ្តាលចិន ដឹកនាំកិច្ចប្រជុំរួមថ្នាក់អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលរង ធនាគារកណ្តាលអាស៊ាន+៣ តាមរយៈប្រព័ន្ធអនឡាញ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។

អង្គប្រជុំបានពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់ ក្នុងនោះអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ និងមូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករសេដ្ឋកិច្ចអាស៊ាន+៣ថយចុះពី ៦ភាគរយក្នុងឆ្នាំ២០២១ មកប្រមាណ៣,៤ភាគរយ ក្នុងឆ្នាំ២០២២ និង៤ភាគរយក្នុងឆ្នាំ២០២៣។

ការព្យាករកំណើនសេដ្ឋកិច្ចអាស៊ាន+៣ ត្រូវបានបន្ទាបដោយសារកំណើនយឺត ក្នុងប្រទេសបូកបី (ចិន ជប៉ុន និង កូរ៉េ) ប៉ុន្តែប្រទេសអាស៊ាននៅបន្តកំណើនរឹងមាំនៅឡើយ។

យោងតាមការប៉ាន់ស្មានរបស់ AMRO សេដ្ឋកិច្ចក្នុងតំបន់ប្រឈមបញ្ហាចម្បងៗរួមមាន៖
១៖ ការកើនឡើងលឿននៃថ្លៃថាមពល។
២៖ កំណើនយឺតជាងការរំពឹងទុកក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក។
៣៖ ការលេចឡើងនូវមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី។
៤៖ ភាពតានតឹងភូមិសាស្ត្រនយោបាយ។
៥៖ ហានិភ័យរយៈពេលវែងដូចជា បម្រែបម្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ និង ការវាយប្រហារតាមប្រព័ន្ធសាយប័រ (Cyber)។

អង្គប្រជុំបានអនុម័តលើ ផែនការយុទ្ធសាស្រ្តរយៈពេលវែងរបស់ AMRO ឆ្នាំ២០៣០ ផែនការការងាររយៈពេលមធ្យម (២០២៣-២០២៥) និងគម្រោងថវិកាឆ្នាំ២០២៣ជាដើម ដើម្បីពង្រឹងសមត្ថភាពរបស់អង្គភាព AMRO ក្នុងការតាមដានស្ថានភាពសេដ្ឋកិច្ចប្រទេសជាសមាជិក ឱ្យក្លាយជាទីប្រឹក្សាប្រកបដោយទំនុកចិត្តរបស់តំបន់អាស៊ាន+៣។
អង្គប្រជុំក៏បានពិភាក្សាលើគំនិតផ្តួចផ្តើម នាពេលអនាគតរបស់អាស៊ាន+៣ ក្នុងនោះរួមមាន៖
ការសិក្សាលើហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍ឥណទាន សម្រាប់ដោះស្រាយបញ្ហាម៉ាក្រូសេដ្ឋកិច្ចរយៈពេលវែង ការពង្រឹងការសម្របសម្រួលគោលនយោបាយ សម្រាប់ការវិវត្តនៃបច្ចេកវិទ្យា ការពង្រឹងភាពធន់ហិរញ្ញវត្ថុ ចំពោះគ្រោះមហន្តរាយធម្មជាតិ ការធ្វើឌីជីថលូបនីយកម្មហិរញ្ញវត្ថុ និងហិរញ្ញវត្ថុអន្តរកាល។

ជាមួយគ្នានេះអង្គប្រជុំក៏បានពិភាក្សា និងឯកភាពលើការធ្វើឱ្យកាន់តែប្រសើរឡើង នូវគោលការណ៍ប្រតិបត្តិ សម្រាប់យន្តការនៃកិច្ចព្រមព្រៀង ពហុនីយកម្មគំនិតផ្តួចផ្តើមឈៀងម៉ៃ (CMIM) ជារូបិយវត្ថុក្នុងស្រុក ការកំណត់ទិសដៅអនាគតសម្រាប់ CMIM និងការសម្រេចបានដោយជោគជ័យនូវការសាកល្បងដំណើរការយន្តការ CMIM (Test Run)។

លើសពីនេះអង្គប្រជុំក៏បានជ្រាបអំពីវឌ្ឍនភាព ដែលសម្រេចបានក្រោមគំនិតផ្តួចផ្តើម ទីផ្សារសញ្ញាបណ្ណអាស៊ី និងផែនទីមគ្គទេសក៍រយៈពេលមធ្យម (២០២៣-២០២៦)៕