(ភ្នំពេញ)៖ ផ្លែមៀនប៉ៃលិនស្រស់របស់កម្ពុជា ត្រូវបាននាំយកទៅដាក់លក់ជាផ្លូវការ នៅលើទីផ្សារអនឡាញប្រទេសចិន នៅក្នុង Alibaba Group កាលពីពេលថ្មីៗ បន្ទាប់ពីអនុញ្ញាតឱ្យនាំចូលទៅប្រទេសចិនជាផ្លូវការ។

លោក នាង សំរិតកុមារ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃប្រទេសចិន បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែធ្នូនេះថា មៀនប៉ៃលិនកម្ពុជា បានចាប់ផ្តើមសម្ពោធដាក់លក់ នៅលើទីផ្សារអនឡាញរបស់ Alibaba Group កាលពីថ្ងៃពី១២ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហាន់ចូវ ខេត្តជឺជាំង ប្រទេសចិន ដែលទីក្រុងនេះ គឺជាកន្លែងបោះដុំផ្លែឈើដ៏ធំមួយ នៅក្នុងប្រទេសចិន ដោយសារមៀនប៉ៃលិន គោរពតាមបទដ្ឋានភូតគាមអនាម័យ មានស្តង់ដារសុវត្ថិភាព ស្របពេលកម្ពុជាមានកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាមួយចិន។
លោកបន្ថែមថា តាមរយៈការផ្សព្វផ្សាយផលិតផលកម្ពុជា លើបណ្តាញឌីជីថលរបស់ចិន នឹងធ្វើឱ្យអ្នកប្រើប្រាស់នៅចិន កាន់តែច្រើនអាចស្គាល់ផលិតផលកសិកម្មកម្ពុជា ព្រោះចិនជាទីផ្សារធំដែលមានប្រជាជនជាង ១៤០០លាននាក់។ ហើយថ្ងៃខាងមុខ ផលិតផលខ្មែរផ្សេងទៀត ដូចជាស្វាយ និងចេក ក៏នឹងមានវត្តមាននៅលើទីផ្សារនេះផងដែរ។ តាមរយៈទីផ្សារនេះ នឹងផ្តល់ប្រយោជន៍កាន់តែច្រើនដល់កសិករខ្មែរ ខណៈក្រុមហ៊ុន Alibaba Group មានគម្រោងនាំចូលផ្លែមៀនប៉ៃលិនពីកម្ពុជាក្នុងមួយឆ្នាំ ចំនួន២ម៉ឺនតោន សម្រាប់ដាក់លក់ផងដែរ។

ផ្លែមៀនប៉ៃលិនស្រស់ ដែលបានដាក់លក់នៅទីផ្សារអនឡាញ Alibaba ត្រូវបាននាំចេញដោយក្រុមហ៊ុន Seasonfresh (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនសហការ និងផ្គត់ផ្គង់ផ្លែមៀនស្រស់ប្រចាំខែដល់ក្រុមហ៊ុន Alibaba Group តំណាងដោយ លោកស្រី ច្រាន់ ប៉ុន្នី ដែលជានាយិកាក្រុមហ៊ុន។ ក្រុមហ៊ុននេះ បានសាកល្បងនាំចេញជាលើកដំបូងក្នុងបរិមាណ ១៨តោន។
ឧកញ៉ា ឈិន កេន នាយកគ្រប់គ្រងក្រុមហ៊ុន Advance Digital world trade បានឱ្យដឹងថា៖ «បន្ទាប់នាំចូលទីផ្សារចិនសាកល្បងលើកទី១នេះ ខាងគាត់ ( Alibaba Group) ទទួលយកបានទាំងគុណភាព និងរសជាតិ។ បន្ទាប់ពីនេះ គាត់បានដាក់ផែនការបញ្ជាទិញ មួយថ្ងៃ២ទូ អ៊ីចឹងក្នុងមួយខែ៦០ទូ ដែលក្នុងមួយទូស្មើនឹង២៦តោន»

លោក Brian Jiang នាយកផ្នែកបញ្ជាទិញសកល របស់ក្រុមហ៊ុន Shanghai Grandfruit Import & Export បានឱ្យដឹងថា ផ្លែមៀនស្រស់របស់កម្ពុជាបាននាំមកដល់ក្រុងសៀងហៃ ប្រទេសចិន សម្រាប់ដាក់លក់នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្នុងផ្សារផ្លែឈើ Jiaxing បានលក់អស់ជាង១៨តោន ក្នុងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដែលនេះជាសញ្ញាល្អមួយសម្រាប់ធុរជននៃប្រទេសទាំងពីរ ក្នុងការវិនិយោគ និងពង្រឹងអាជីវកម្មរបស់ខ្លួន លើការនាំផ្លែឈើស្រស់ពីកម្ពុជា។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលបានថ្លែងតាមរយៈប្រព័ន្ធវីដេអូ នៅវេទិកាពាណិជ្ជកម្មពិភពលោកអេឡិចត្រូនិក (eWTP) មានប្រសាសន៍ថា ភាពជាដៃគូ នៃវេទិកា eWTP រវាងកម្ពុជា និង Alibaba Group នឹងសម្រេចបានលទ្ធផលជាផ្លែផ្កា និងនាំមកនូវអត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជា-ចិន និងបង្កើនការនាំរបស់កម្ពុជា។

ផ្លែមៀនស្រស់ គឺជាផលិតផលកសិផលទី៣ របស់កម្ពុជា ដែលនាំចេញទៅលក់នៅលើទីផ្សារប្រទេសចិនជាផ្លូវការ នៅក្នុងឆ្នាំ ២០២២ នេះ បន្ទាប់ពីផ្លែស្វាយ និងចេក។

លោក ភត់ សុផាន់បូរី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ពេជ្រចិន្តា ដែលជាក្រុមហ៊ុនសម្អាត កែច្នៃ និងវេចខ្ចប់ផលិតផលមៀនប៉ៃលិនផ្គត់ផ្គង់នៅក្នុងស្រុក យល់ឃើញថា ការនាំយកផលិតផលមៀនប៉ៃលិនរបស់កម្ពុជា ដាក់លក់នៅលើទីផ្សារអនឡាញ Alibaba នឹងជួយលើកកម្ពស់ផលិតផលមៀនប៉ៃលិនកម្ពុជា ក៏ដូចជាធ្វើឱ្យអន្តរជាតិកាន់តែស្គាល់ពីផលិតផលនេះ ព្រោះវេបសាយ Alibaba មិនមែនប្រើប្រាស់សម្រាប់ប្រជាជនចិននោះទេ គឺមានការទទួលស្គាល់ស្ទើរតែទូទាំងសាកលលោក។ ការដាក់លក់មៀនប៉ៃលិន នៅក្នុងទីផ្សារ Alibaba នឹងជំរុញឱ្យបណ្តាប្រទេសដ៏ទៃ ទទួលស្គាល់ពីគុណភាពមៀនប៉ៃលិនកម្ពុជាដែរ ខណៈបច្ចុប្បន្ននេះ មានក្រុមហ៊ុនមួយចំនួនពីប្រទេសចិន ថៃ ម៉ាឡេស៊ីជាដើម ចង់មកសហការ ដើម្បីរៀបចំដំណើរនាំចេញមៀនប៉ៃលិនផងដែរ។

លោកបន្តថា «ឥលូវនេះ កំពុងតែមានដៃគូមកចរចា ក៏ប៉ុន្តែយើងមិនទាន់ថា គ្រោងនឹងផ្គត់ផ្គង់ឱ្យមួយណាទេ ព្រោះយើងកំពុងដំណើរការធ្វើឱ្យរួចរាល់។ ណាមួយយើងជាក្រុមហ៊ុនខ្មែរ យើងខ្វះទុនក្នុងការពង្រីក និងពង្រឹង ក៏ប៉ុន្តែផែនការយើងកំពុងធ្វើរាល់ថ្ងៃ បើយើងធ្វើរួចរាល់ ក្នុងមួយថ្ងៃយើងអាចផ្គត់ផ្គង់បានចន្លោះពី៦០តោន ទៅ៩០តោន។ [...] មានក្រុមហ៊ុនចិន ម៉ាឡេស៊ី និងក្រុមហ៊ុនមកពីក្រៅផ្សេងៗទៀត ប៉ុន្តែគេតម្រូវឱ្យផ្ញើគំរូក្នុងការពិសោធន៍ផលប៉ះពាល់ ពីរបាំងបច្ចេកទេសនៅប្រទេសនីមួយៗ ដូចជានៅជប៉ុន សិង្ហបុរី គឺការបរិភោគរបស់គេវាខុស ពីប្រទេសនីមួយៗ»

បើតាមលោក លោក ភត់ សុផាន់បូរី ទិន្នផលមៀនប៉ៃលិន ក្នុងមួយឆ្នាំទទួលបានក្នុងរង្វង់ ១០ម៉ឺនតោន ហើយទិន្នផលនេះនឹងកើនឡើងចន្លោះពី១០%ទៅ១៥%។

សូមជម្រាបជូនថា ចំការមៀនដែលទទួលបានការអនុម័តចុះបញ្ជីជាផ្លូវការឱ្យនាំចេញផ្លែមៀនទៅកាន់ទីផ្សារចិន មានចំនួន៧៤ ក្នុងនោះ នៅខេត្តប៉ៃលិនមានចំនួន ៤០ចំការ បាត់ដំបងចំនួន ២៨ចំការ និងបន្ទាយមានជ័យចំនួន ៦ចំការ។ ដោយឡែករោងចក្រវេចខ្ចប់ចំនួន៨ ដែលមានទីតាំងនៅក្នុងខេត្តកណ្តាលចំនួន១ ខេត្តបាត់ដំបងចំនួន៣ ខេត្តប៉ៃលិនចំនួន២ និងខេត្តព្រះសីហនុចំនួន២។ រីឯផ្ទៃដីដាំដុះមៀនទូទាំងប្រទេសរបស់កម្ពុជាវិញ មានចំនួន ១៣ ៦០៨ហិកតា ស្ថិតក្នុងខេត្តចំនួន៤៕